ហ្គេមចំនួន៤ ដែលជួយអ្នកបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

នៅពេលដែលអ្នកគិតដល់ពាក្យថា ”ហ្គេម” អ្នកអាចនឹងគិតថាវាជារឿងគ្មានប្រយោជន៍ និងធ្វើឱ្យខាតបង់ពេលវេលារបស់អ្នក យ៉ាងណាមិញការគិតបែបនេះគឺមិនត្រូវទាំងស្រុងនោះទេ ព្រោះហ្គេមខ្លះ មិនត្រឹមតែផ្តល់នូវការកម្សាន្តតែមួយមុខទេ ប៉ុន្តែក៏បានផ្តល់នូវការអប់រំ និងចំណេះដឹងថែមទៀតផង ហើយជាក់ស្តែងក្នុងការបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក៏មានហ្គេមមួយចំនួនផងដែរ ដើម្បីជាជំនួយដល់អ្នកទាំងអស់គ្នាក្នុងការស្វែងយល់បន្ថែម។ ខាងក្រោមនេះ គឺជាគេហទំព័រ និងហ្គេមចំនួន ៤ ដែលអ្នកទាំងអស់គ្នាអាចយកទៅលេងកម្សាន្ត ដើម្បីបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបាន៖

១. គេហទំព័រ MilLab

គេហទំព័រនេះ មានផ្ទុកនូវលំហាត់ ហ្គេម និងឧបករណ៍ផ្សេងៗទៀត ដែលអាចជួយបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់អ្នក ជួយអ្នកក្នុងការគិតពិចារណាឱ្យបានស៊ីជម្រៅ វិភាគ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿទៅលើព័ត៌មាន ឬមាតិកាណាមួយ។ ហើយហ្គេមមួយចំនួនដែលអ្នកអាចលេង ដើម្បីបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់អ្នកបាន រួមមានដូចជា Dr Fake, Measure the Truth and Your Nose!, Hate or Tolerate, Shopping in Milan, Quack Hunter, Cyberbullying, និង Troll Island ជាដើម។

តំណភ្ជាប់៖ https://millab.ge/en/

២. The Fake News Game

The Fake News Game គឺជាហ្គេមបង្កើតឡើងដោយ The University of Sheffield ក្នុងការជួយបង្កើន ការគិតឱ្យបានស៊ីជម្រៅ វិនិច្ឆ័យទៅលើព័ត៌មានដែលអ្នកបានឃើញ ចេះវិភាគគេហទំព័រព័ត៌មាន និងបែងចែកថាព័ត៌មានណាជាព័ត៌មានពិត ហើយព័ត៌មានណាជាព័ត៌មានមិនពិត ដោយផ្អែកទៅលើការពិនិត្យតំណភ្ជាប់ ពាក្យពេចន៍ដែលអ្នកនិពន្ធបានប្រើ ប្រភពដែលបោះពុម្ព ឬផ្សព្វផ្សាយព័ត៌មាន និងឈ្មោះអ្នកនិពន្ធជាដើម។

តំណភ្ជាប់៖ https://bit.ly/46UPVKm

៣. Bad News

Bad News គឺជាហ្គេម ដែលចូលរួមក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយហ្គេមនេះ តម្រូវឱ្យអ្នកលេងដើរតួជាអ្នកបង្កើតព័ត៌មានមិនពិត ដើម្បីបោកបញ្ឆោតអ្នកតាមដាន និងបង្កើនចំនួន follower នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។ ក្នុងជំហាននីមួយៗនៃហ្គេមនេះ នឹងបង្ហាញអ្នកអំពីវិធីសាស្រ្ត ឬបច្ចេកទេសផ្សេងៗ ដើម្បីក្លាយជាប្រភពមួយដែលប្រជាជនទុកចិត្ត បើទោះបីអ្នកកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតក៏ដោយ។ ដូចនេះ គោលបំណងនៃហ្គេមនេះ គឺចង់បង្ហាញឱ្យអ្នកលេងដឹងថា វាពិតជាងាយស្រួលមែនទែនក្នុងការបង្កើតព័ត៌មានមិនពិត ដើម្បីទាក់ទាញ និងបោកបញ្ឆោតប្រជាជន ដូចជាតាមរយៈការក្លែងបន្លំខ្លួនធ្វើជាប្រភពដែលអាចទុកចិត្តបាន និងការបង្កើតមាតិកាដែលជះឥទ្ធិពលខ្លាំងដល់អារម្មណ៍អ្នកតាមដានជាដើម។

តំណភ្ជាប់៖ https://www.getbadnews.com/books/english/

៤. Libertas Veritas: Freedom and Truth

ហ្គេមនេះ ជាប្រភេទហ្គេមបែបនិទានកថាមួយ ដែលផ្តោតទៅលើព័ត៌មានភាន់ច្រឡំ (misinformation) និងឃោសនាការ (propaganda)។ វានឹងជួយឱ្យអ្នកស្វែងយល់ពីនិយមន័យ យុទ្ធនាការដែលមានផ្ទុកនូវព័ត៌មានភាន់ច្រឡំ និងឃោសនាការ ក៏ដូចជាផលប៉ះពាល់របស់វាផងដែរ។

តំណភ្ជាប់៖ https://apps.deakin.edu.au/library/dlm/twine/MisinformationGame.html

វិធីសាស្រ្តក្នុងការបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានច្រើន ប៉ុន្តែការប្រើប្រាស់ហ្គេមដើម្បីជាជំនួយ គឺជាវិធីសាស្រ្តមួយដ៏ល្អ ព្រោះហ្គេម តម្រូវឱ្យមានការចូលរួម និងអនុវត្តដោយផ្ទាល់ពីអ្នកលេង។ ហើយការធ្វើបែបនេះ គឺមិនត្រឹមតែផ្តល់នូវការកម្សាន្តតែមួយមុខទេ ថែមទាំងពង្រឹងការគិតរបស់អ្នកលេងឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានថែមទៀតផង ដូចនេះអ្នកមិនគួរមើលរំលងហ្គេមទាំងនេះ និងផលប្រយោជន៍របស់វាឡើយ៕

Leave a Comment

Your email address will not be published. Required fields are marked *