ក្នុងសម័យកាលបច្ចុប្បន្ន បុគ្គលភាគច្រើនអាចប្រើប្រាស់ឧបករណ៌ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មានដែលត្រូវការ។ ប៉ុន្តែ មិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់បានត្រឹមត្រូវនោះទេ។ ការប្រើប្រាស់មិនបានត្រឹមត្រូវអាចធ្វើឱ្យមានផលវិបាកផ្សេងៗដល់អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន ដូចជាខាតបង់ប្រាក់កាស ពេលវេលា ឬបង្កជាគ្រោះថ្នាក់ផ្សេងៗជាដើម។ ហេតុនេះហើយ ទើបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្លាយជាសមត្ថភាពសំខាន់មួយនាពេលបច្ចុប្បន្ន។
អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសាធារណជនមានសមត្ថភាព ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់ នៅពេលប្រើប្រាស់ ទទួល ឬចែករំលែកមាតិកាអ្វីមួយប្រកបដោយការសម្រេចចិត្តត្រឹមត្រូវ។ ខាងក្រោមនេះជារឿងមិនល្អមួយចំនួនដែលអ្នកអាចជៀសវាងបាន ប្រសិនបើអ្នកមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៖
១. ជៀសវាងប្រើប្រាស់ពាក្យមិនគប្បី៖
ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យដែលមានលក្ខណៈរើសអើង ពាក្យញុះញង់ឱ្យមានការស្អប់ខ្ពើមបានបង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៌របស់មនុស្សជុំវិញខ្លួន ដែលនេះជាទង្វើយើងគ្រប់គ្នាមិនគួរប្រព្រឹត្ត។ នៅពេលបុគ្គលម្នាក់មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គេប្រាកដជាអាចស្វែងយល់ពីផលប៉ះពាល់នៃការប្រប្រើពាក្យមិនសមរម្យទៅកាន់អ្នកដទៃ ហើយចូលរួមកាត់បន្ថយចំនួននៃការនិយាយបែបរើសអើង ក៏ដូចជាការពារខ្លួនពីការបរិហារកេរ្តិ៍អ្នកដទៃផងដែរ។
២. ជៀសវាងក្លាយជាជនរងគ្រោះនៃព័ត៌មានច្របូកច្របល់៖
ភាពរីកចម្រើននៃបច្ចេកវិទ្យាទំនាក់ទំនងបានអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាអាចបង្កើតមាតិកាបានដោយពុំចាំបាច់តម្រូវឱ្យមានធនធានច្រើន ហើយជនខិលខូចមួយចំនួនបានឆ្លៀតឱកាសនេះបង្កើតបង្កឱ្យមានព័ត៌មានច្របូកច្របល់តាមរយៈការបង្កើតព័ត៌មានមិនពិត(disinformation) នានា។ មានពេលខ្លះទៀត កង្វះការយល់ដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានធ្វើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ចែករំលែក ឬបង្កើតព័ត៌មានខ្លឹមសារព័ត៌មានខុស (misinformation) ដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ប្រសិនបើអ្នកប្រើប្រាស់មានចំណេះដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នោះពួកគេប្រាកដជាអាចបែងចែកដឹងពីភាពខុសគ្នារវាងព័ត៌មាន ដែលមានភាពសុក្រឹត្យត្រឹមត្រូវ និងព័ត៌មានដែលមានលក្ខណៈខុសឆ្គង ដើម្បីការពារខ្លួនឯងនិងមនុស្សជុំវិញខ្លួនពីការក្លាយជាជនរងគ្រោះនៃព័ត៌មានមិនពិត។
៣. ជៀសវាងចែកចាយរូបភាពដែលមិនគួរផ្សព្វផ្សាយជាសាធារណៈ៖
បើទោះបីជាភាពរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយអនុញ្ញាតឱ្យយើងចែករំលែករូបភាពផ្សេងៗលើបណ្តាញសង្គមដោយទូលំទូលាយមែនក្តី ប៉ុន្តែមិនបានសេចក្តីថាអ្វីៗទាំងអស់សុទ្ធតែអាចចែករំលែកបានដោយគ្មានផលប៉ះពាល់នោះទេ។ ជាឧទាហរណ៏ដូចជា រូបភាពមានឈាម រូបភាពសាកសព រូបភាពមានលក្ខណៈហិង្សា ឬរូបភាពនៃសកម្មភាពផ្សេងៗដែលបង្កគ្រោះថ្នាក់ជាដើម។ ប្រសិនបើបុគ្គលម្នាក់បានស្វែងយល់អំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានស៊ីជម្រៅ នោះពួកគេនឹងយល់ពីផលប៉ះពាល់នៃរូបភាពទាំងនោះ លើសតិអារម្មណ៍ និងស្មារតីរបស់អ្នកមើល អ្នកអានឯទៀត ហើយបញ្ឈប់ការផ្សព្វផ្សាយ ឬចែកចាយបន្តជាពុំខាន។
៤. ជៀសវាងចម្លងមាតិការបស់អ្នកដទៃ៖
ក្នុងសតវត្សរ៍ទី២១ នៅពេលដែលមានជាច្រើនអាចធ្វើជាអ្នកបង្កើតមាតិកាឌីជីថលបាន ចំណេះដឹងអំពីកម្មសិទ្ធបញ្ញាពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីការពារខ្លួនពីការលួចចម្លងស្នាដៃរបស់អ្នកដទៃមកប្រើប្រាស់ ដែលអាចនាំឱ្យខ្លួនមានទោសពាក់ព័ន្ធនឹងកម្មសិទ្ធបញ្ញា។ ដូចនេះហើយទើបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានគួរត្រូវបានគេយកចិត្តទុកដាក់ និងសិក្សាឱ្យបានគ្រប់គ្នាទើបជាការប្រសើរ។
ជារួម អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺពិតជាមានសារៈសំខាន់មែនទែន ក្នុងការអប់រំដល់អ្នកប្រើប្រាស់ និងអ្នកបង្កើតមាតិកា ធ្វើយ៉ាងណាឱ្យមនុស្សគ្រប់គ្នាអាចស្វែងរក ប្រើប្រាស់ និងចែកចាយព័ត៌មានដែលមានភាពត្រឹមត្រូវ និងសុក្រឹត្យភាព ព្រមទាំងរួមចំណែកការពារពួកគេពីការក្លាយខ្លួនជាជនរងគ្រោះនៃព័ត៌មានមិនពិត៕
DISCLAIMER: Articles posted on DMC Media Lab are written by DMC students and do not reflect the stance of the Department of Media and Communication (DMC).