កម្ពុជា​ និង​ ថៃ ព្រមព្រៀងគ្នា​លើលក្ខខណ្ឌសម្រាប់អនុវត្ត​បទឈប់បាញ់​

កុមារកំពុងលេងបាល់នៅ​ជំរុំជនភៀសសឹក ស្ថិតនៅវត្តពោធិ៥០០០ដើម ឃុំគូលេនត្បូង​ ស្រុកគូលេន​ ខេត្តព្រះវិហារ

ភ្នំពេញ — ប្រទេសកម្ពុជា និង​ ប្រទេស​ថៃ បាន​ព្រម​ព្រៀងគ្នាលើលក្ខខណ្ឌសម្រាប់​អនុវត្តបទឈប់បាញ់ បន្ទាប់​ពីមាន​កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​បានធ្វើ​ឡើង​នៅ​រដ្ឋធានីកូឡា ឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី៧ ខែសីហា នេះ។

​លោក ទៀ សីហា ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោក ណាត់ថាផន ណាក់ផានិត រដ្ឋមន្ត្រីរងការពារជាតិនៃរដ្ឋមន្ត្រីការពារជាតិស្តីទីនៃព្រះរាជាណាចក្រថៃ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​កំណត់ហេតុនៃកិច្ច​ប្រជុំ ក្រោម​ការ​សម្របសម្រួល និង​រៀបចំធ្វើ​ម្ចាស់​ផ្ទះ​របស់​ប្រទេស​ម៉ាឡេស៊ី។ 

ការ​ព្រម​ព្រៀងគ្នានេះ​​ជាជំហាន​សំខាន់​មួយ​ទៀត​​សំដៅ​បញ្ចៀស​ការ​ផ្ទុះអាវុធ​សា​ជា​ថ្មី​រវាង​កង​ទ័ពនៃ​ប្រទេស​ទាំង​ពីរ ក្រោយ​ពី​បាន​ធ្វើ​ការ​វាយ​ប្រហារ​គ្នានៅ​តាម​តំបន់​មាន​ជម្លោះព្រំដែន ​អស់​រយៈពេល​ប្រាំថ្ងៃ ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៨​ ខែកក្កដា។

​កំណត់ហេតុដែល​មាន​ ១៣ ចំណុចធំៗ ផ្តើម​ជាមួយ​ការ​យល់ព្រមរបស់​ភាគីទាំងពីរលើ “បទឈប់បាញ់​ ពាក់ព័ន្ធនឹងប្រភេទអាវុធទាំងអស់ រួមទាំងការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗ ក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវតែចៀសវាងការបាញ់ប្រហារដែលគ្មានការបង្កហេតុទៅកាន់ទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ កិច្ចព្រមព្រៀងនេះមិនត្រូវបានបំពានក្នុងកាលៈទេសៈណាមួយឡើយ។”

ការដាក់ពង្រាយកងទ័ពបច្ចុប្បន្ននឹង​រក្សា​នៅដដែល ដោយគ្មានការផ្លាស់ទីបន្ថែមទៀត ដូចដែលបានកំណត់ចាប់ពីពេលដែលបទឈប់បាញ់ចូលជាធរមាន​ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ហើយ​ក៏នឹង​មិនត្រូវមានការផ្លាស់ទីកងទ័ព រួមទាំងការល្បាតឆ្ពោះទៅកាន់ទីតាំងរបស់ភាគីម្ខាង ឡើយ។ 

សេចក្តីប្រកាសព័ត៌មាន​រួម​បាន​បញ្ជាក់​ដូច្នេះថា៖ “ភាគីទាំងពីរយល់ព្រមមិនបង្កើនកងកម្លាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូលឡើយ។ រាល់ការពង្រឹងកម្លាំងអាចនឹងបង្កើនភាពតានតឹង និងប៉ះពាល់អវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីដោះស្រាយស្ថានការណ៍”។

កងទ័ព​នឹង​រក្សាការទាក់​ទង​គ្នា​ជាប្រចាំនៅ​តាម​តំបន់​នៅតាមបណ្តោយព្រំដែននៃភាគីទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាទាំងអស់ដោយសន្តិវិធី និងចៀសវាងការប៉ះទង្គិច។ លើសពីនេះ ភាគីទាំងពីរក៏​បាន​យល់ព្រមចៀសវាងពីការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ផងដែរ ដើម្បីបន្ថយភាពតានតឹង កាត់បន្ថយអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសដែលអំណោយផលដល់កិច្ចសន្ទនាដោយសន្តិវិធី។

ការ​ព្រម​ព្រៀង​គ្នា​នេះសម្រេច​បាន​តាម​រយៈការ​សម្រប​សម្រួល​របស់លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី និង​បច្ចុប្បន្ន​ជា​ប្រធាននៃសមាគមអាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការព្រមព្រៀងគ្នាដែលសម្រេច​បាន​នេះ ហើយ​ក៏បាន​អំពាវនាវ​ឱ្យ​ភាគីថៃឱ្យ​ដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃ ឱ្យបានឆាប់រហ័សផងដែរ។​ 

Leave a Comment

Your email address will not be published. Required fields are marked *