ខណៈពេលដែលប្រព័ន្ធឌីជីថលកាន់តែរីកសុសសាយ វត្តមាននៃការបោកប្រាស់នៅលើប្រព័ន្ធមួយនេះក៏កំពុងតែដើរទន្ទឹមគ្នាដែរ។ ជនបោកប្រាស់នៅតែបន្តវិវត្តយុទ្ធសាស្ត្ររបស់ពួកគេនៅក្នុងប្រព័ន្ធឌីជីថល ហើយក្នុងនាមអ្នក ជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល វាជាការចាំបាច់ដែលអ្នកត្រូវចេះអភិវឌ្ឍខ្លួន និងស្វែងយល់ឱ្យច្បាស់ពីប្រភេទនៃការបោកប្រាស់ផ្សេងៗដែលមាននៅលើប្រព័ន្ធឌីជីថល ដើម្បីការពារខ្លួនពីការបោកប្រាស់ទាំងនោះ និងចៀសវាងធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ។ ខាងក្រោមនេះ គឺជាប្រភេទនៃការបោកប្រាស់ទូទៅចំនួន ៥ ដែលអ្នកគួរតែដឹង៖
១. ការបោកបញ្ឆោត (Phishing)
ការបោកបញ្ឆោត ឬ Phishing គឺជាការបោកប្រាស់មួយប្រភេទ ដែលជនបោកប្រាស់ក្លែងបន្លំជាប្រភពដែលគួរឱ្យទុកចិត្ត ក្នុងគោលបំណងលួចយកព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងចម្លងមេរោគផ្សេងៗទៅកាន់កុំព្យូទ័រ ឬទូរស័ព្ទដៃរបស់អ្នក។ ជាធម្មតា ការបោកប្រាស់បែបនេះពាក់ព័ន្ធទៅនឹងការចុចទៅលើតំណភ្ជាប់ ដែលមានផ្ទុកសារ អ៊ីមែល ឬគេហទំព័រ ដែលជនខិលខូចបានរចនាឡើង ដើម្បីក្លែងបន្លំខ្លូន ឱ្យមើលទៅហាក់បីដូចជាពួកគេមកពីប្រភព ឬស្ថាប័នគួរឱ្យទុកចិត្ត ដូចជាធនាគារ ឬស្ថាប័នហិរញ្ញវត្ថុជាដើម។ ឧទាហរណ៍៖ អ្នកបានទទួលអ៊ីមែលដែលហាក់ដូចជាមកពីធនាគារដែលអ្នកកំពុងប្រើប្រាស់និងស្នើសុំឱ្យអ្នកធ្វើបច្ចុប្បន្នភាព(update) ព័ត៌មានគណនីរបស់អ្នក។ នៅក្នុងអ៊ីមែលដែលអ្នកទទួលបាននោះ អាចមានតំណភ្ជាប់ទៅកាន់គេហទំព័រក្លែងក្លាយ ដែលមើលទៅដូចជាគេហទំព័រពិតរបស់ធនាគារដែលអ្នកប្រើប្រាស់អ៊ីចឹង។ នៅពេលដែលអ្នកបញ្ចូលព័ត៌មាន និងលេខសម្ងាត់ ដើម្បីចូលទៅកាន់គណនីរបស់អ្នក នោះជនបោកប្រាស់នឹងយកព័ត៌មានទាំងនោះទៅប្រើប្រាស់ដើម្បីចូលទៅគ្រប់គ្រង និងបញ្ជាគណនីរបស់អ្នក។
២. ការបោកប្រាស់បែបវិនិយោគ (Investment Scam)
ការបោកប្រាស់បែបវិនិយោគ គឺជាប្រភេទបោកប្រាស់ទូទៅមួយដោយជាធម្មតា វាពាក់ព័ន្ធទៅនឹងការបន្លំធ្វើជាផ្តល់ឱកាសឱ្យវិនិយោគ និងសន្យាថានឹងទទួលបានផលចំណេញខ្ពស់ ជាមួយនឹងហានិភ័យតិចតួច ឬគ្មានសោះ។ ជនបោកប្រាស់អាចប្រើប្រាស់គេហទំព័រ ឬគណនីក្លែងក្លាយ ដើម្បីផ្សព្វផ្សាយពីគម្រោងរបស់ពួកគេ ហើយអាចស្នើឱ្យអ្នក វិនិយោគទៅលើអ្វីមួយ។ ជាឧទាហរណ៍៖ អ្នកអាចទទួលបានសារ ឬអ៊ីមែលដែលផ្សព្វផ្សាយរូបិយប័ណ្ណឌីជីថលប្រភេទថ្មី ដែលសន្យាថានឹងធ្វើឱ្យអ្នកនឹងទទួលបានប្រាក់ចំណេញច្រើន។ អ៊ីមែលអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រ សម្រាប់ឱ្យអ្នកវិនិយោគប្រាក់របស់អ្នក ហើយនៅពេលដែលអ្នកវិនិយោគរួចរាល់ ជនបោកប្រាស់នឹងផ្តាច់ទំនាក់ទំនងជាមួយអ្នក និងបោកប្រាស់យកប្រាក់វិនិយោគអ្នកទៅបាត់។
៣. ការបោកប្រាស់តាមរយៈឆ្នោត ឬការផ្សងសំណាង (Giveaway or Lottery Scam)
ជាធម្មតាការបោកប្រាស់ប្រភេទនេះ ពាក់ព័ន្ធនឹងការក្លែងបន្លំអ៊ីមែល ឬការហៅតាមទូរស័ព្ទដែលអះអាងថា អ្នកបានឈ្នះប្រាក់យ៉ាងច្រើននៅក្នុងល្បែង ឬឆ្នោតណាមួយ។ អ្នកបោកប្រាស់អាចស្នើសុំឱ្យអ្នកបង់ថ្លៃសេវា ឬពន្ធដើម្បីទាមទាររង្វាន់របស់អ្នក ប៉ុន្តែនៅពេលដែលអ្នកផ្ញើប្រាក់នោះ ពួកគេអាចនឹងបាត់ខ្លួនដោយមិនផ្ញើប្រាក់រង្វាន់ឱ្យអ្នកឡើយ។ ឧទាហរណ៍៖ អ្នកទទួលបានបានការហៅតាមទូរស័ព្ទពីនរណាម្នាក់ដែលអះអាងថាអ្នកបានឈ្នះរង្វាន់យ៉ាងច្រើននៅក្នុងការប្រកួតដែលអ្នកមិនធ្លាប់ចូលរួម ប៉ុន្តែដើម្បីទទួលបានរង្វាន់ អ្នកត្រូវតែបង់ថ្លៃសេវាក្នុងការផ្ញើរង្វាន់មកកាន់អ្នក។ នៅពេលដែលអ្នកផ្ញើប្រាក់រួចរាល់ អ្នកបោកប្រាស់នឹងបាត់ទៅវិញ ដោយមិនបានផ្ងើប្រាក់រងា្វន់មកកាន់អ្នកឡើយ។
៤. ការបោកបញ្ឆោតដោយផ្តល់ឱកាសការងារទៅក្រៅស្រុក (Job Aboard Scam)
ការបោកប្រាស់ប្រភេទនេះ គឺជាគម្រោងបោកប្រាស់ ដែលកំណត់គោលដៅលើបុគ្គលដែលកំពុងស្វែងរកឱកាសការងារនៅក្រៅប្រទេស។ ការបោកប្រាស់ទាំងនេះ ជាធម្មតាពាក់ព័ន្ធនឹងការផ្តល់ជូនការងារក្លែងក្លាយ ដែលសន្យាថានឹងទទួលបានប្រាក់ខែខ្ពស់ ការស្នាក់នៅដ៏ប្រណិត ការបង់ព័ន្ធថៃ្លសេវាកម្មទាប និងអត្ថប្រយោជន៍ជាច្រើនទៀត ប៉ុន្តែក្នុងការទទួលបានការងារនេះ គឺតម្រូវឱ្យជនរងគ្រោះបង់ថ្លៃជាមុន ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួន។ ឧទាហរណ៍៖ អ្នកបោកប្រាស់បានផ្តល់នូវឱកាសការងារជាតារាសំដែងមួយរូប ប៉ុន្តែតម្រូវឱ្យជនរងគ្រោះចេញថ្លៃធ្វើដំណើរ ឬថ្លៃសេវាផ្សេងទៀតជាមុន។ ត្រង់ចំណុចនេះ ក្រៅពីការខាតបង់ប្រាក់ ជនរងគ្រោះក៏អាចធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សផងដែរ។ ជារួមមក ជនរងគ្រោះបានខាតបង់ប្រាក់ គ្មានការងារធ្វើ និងមិនអាចត្រឡប់មកស្រុកកំណើតវិញបានថែមទៀតផង។
ដូចនេះ នៅក្នុងសម័យ ដែលពោរពេញទៅដោយព័ត៌មានច្រើនលើសលប់ រួមមានទាំងព័ត៌មានមិនពិតផងដែរនោះ អ្នកគួរតែប្រុងប្រយ័ត្នជានិច្ច និងព្យាយាមបង្កើនចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជានិច្ច ដើម្បីចៀសវាងធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកប្រាស់ណាមួយខាងលើ ដោយមិនដឹងខ្លួន៕