ភ្នំពេញ – ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ចាប់ផ្តើមយុទ្ធនាការផ្លាស្ទិកសូន្យ នៅក្នុងគោលបំណងចូលរួមកាត់បន្ថយបរិមាណសំរាមផ្លាស្ទិក នៅក្នុងបរិវេណរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី៦ ខែមីនា ផ្នែករដ្ឋបាលរបស់ដេប៉ាតឺម៉ង់ និយាយថា ចាប់ពីថ្ងៃទី១៨ ក្នុងខែនេះតទៅ និស្សិត ឬបុគ្គលិករូបណា ដែលប្រើប្រាស់វត្ថុផ្លាស្ទិកក្នុងពេលមានវត្តមាននៅក្នុងបរិវេណសាលា នឹងត្រូវរងការផាកពិន័យចំនួនទឹកប្រាក់ ១ ០០០ រៀល សម្រាប់វត្ថុផ្លាស្ទិកមួយមុខ។
សេចក្តីជូនដំណឹងនិយាយដូច្នេះថា៖ “គំនិតផ្តួចផ្តើមឈ្មោះ Plastic-Free Campus Initiative មានគោលបំណងឆ្ពោះទៅបង្កើតឱ្យមានបរិស្ថានប្រកបដោយនិរន្តរភាព និងមានមេត្រីបរិស្ថានមួយ នៅក្នុងបរិវេណរបស់យើង តាមរយៈការអនុវត្តវិធានការកាត់បន្ថយទម្លាប់ប្រើប្រាស់ប្លាស្ទិកតែម្តង និងបរិមាណសំរាមផ្លាស្ទិក”។
វិធានការ និងការផាកពិន័យនេះ នឹងត្រូវអនុវត្តទៅលើថង់ផ្លាស្ទិក, ស្លាបព្រា សម កាំបិតផ្លាស្ទិក, កែវ និងគម្របកែវផ្លាស្ទិក, បំពង់បឺតផ្លាស្ទិក, ប្រអប់ម្អូបផ្លាស្ទិក, ដបផ្លាស្ទិក និងវត្ថុផ្លាស្ទិកផ្សេងទៀតដែលប្រើតែម្តងហើយចោល។ សេចក្តីប្រកាសបានបន្ថែមថា វត្ថុផ្លាស្ទិកទាំងនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យយកចូលបន្ទប់កុំព្យូទ័រ, ថ្នាក់រៀន, បណ្ណាល័យ, បន្ទប់ប្រជុំ, ស្ទូឌីយោទូរទស្សន៍ និងវិទ្យុ និងចូលកន្លែងផ្សេងទៀត នៅក្នុងរង្វ់បរិវេណសាលា ដូចមុនទៀតទេ។
ផ្នែករដ្ឋបាលក៏បានអំពាវនាវដែរ ដល់និស្សិត, សាស្ត្រាចារ្យ និងបុគ្គលិករបស់ខ្លួន ឱ្យចូលរួម “ក្នុងការធ្វើឱ្យ DMC ក្លាយជាបរិវេណសិក្សាមាននិរន្តរភាព និងមេត្រីភាពបរិស្ថាន” ដោយនាំគ្នាមកប្រើ “ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន” ជំនួសវិញ។ សេចក្តីប្រកាសនិយាយថា៖ “កិច្ចសហការរបស់អ្នកទាំងអស់គ្នា … នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគំនិតផ្តួចផ្តើម Plastic-Free Campus Initiative” នេះ ឱ្យបានសម្រេចជោគជ័យ។
យុទ្ធនាការនេះអាចចាត់ទុកបានថាជំហានតូចមួយ ប៉ុន្តែសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហានៃការបំពុលផ្លាស្ទិក ដែលកំពុងកើនច្រើនឡើង នៅកម្ពុជា។
បើតាមការប៉ាន់ស្មាន គ្រាន់តែនៅក្នុងរាជធានីភ្នំពេញមួយ មានការប្រើប្រាស់ថង់ផ្លាស្ទិកចំនួនប្រហែល ១០លានថង់ ក្នុងមួយថ្ងៃ ដែលត្រូវនឹង ១០ដង ច្រើនជាងការប្រើប្រាស់ក្នុងកម្រិតមធ្យម នៅក្នុងសហភាពអឺរ៉ុប និងប្រទេសចិន ទៅទៀត — នេះបើយោងតាមរបាយការណ៍មួយរបស់គម្រោង SEA Circular ដែលជាគម្រោងប្រចាំតំបន់របស់កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (United Nations Environment Programme/UNEP)។