ការស្ទង់មតិ៖ ប្រជាជនកម្ពុជាគាំទ្រលើសលប់ចំពោះចំណាត់ការរបស់រដ្ឋា​ភិបាល​ក្នុង​វិវាទព្រំដែនជាមួយថៃ

រូបភាពដោយ វណ្ណ ច័ន្ទថាដា

ដោយ ផល្លី​ ស្រីនិច​ និង​ ថាត ម៉ូលីកា​ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ — ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​ស្ទង់មតិ បានសម្តែង​ការ​គាំទ្រ​យ៉ាង​ច្រើនលើសលប់ ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋា​ភិបាលនៅ​ក្នុង​វិវាទព្រំដែន​ជាមួយ​ប្រទេសថៃ ក្នុងនោះ​ ៩៩,៨ភាគរយ​​ គាំទ្រការ​ដាក់​សំណើ​ទៅ​តុលាការ​យុត្តិ​ធម៌អន្តរជាតិ (ICJ) ឱ្យជួយដោះស្រាយ​ជម្លោះនៅលើចំណុច​បួន​តាមព្រំដែននៃប្រទេសទាំងពីរ។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) បានថ្លែងដូច្នេះ​កាលពីថ្ងៃទី១៨ ខែមិថុនា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយ​អំពីលទ្ធផលនៃ​ការ​ ស្ទង់មតិតាមប្រព័ន្ធអនឡាញ និងសម្ភាសផ្ទាល់ជាមួយប្រជាជនចំនួន ១៥៨៨នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជាយុវជន វ័យកណ្ដាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗ គ្នារួមទាំងពលករក្នុងនិង ក្រៅស្រុក។   

សេចក្តីប្រកាស​ព័ត៌មាន​និយាយថា ៩៣.៦ ភាគរយ នៃប្រជាជនកម្ពុជាពេញចិត្ត ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទនេះ។ អ្នកឆ្លើយស្ទើរតែទាំងអស់ គឺ ៩៩.៨%​ គាំទ្រការណ៍ដែលរាជរដ្ឋា​ភិបាល​បាន​លើក​យក​ជម្លោះ​ព្រំដែននៅចំណុច​​ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង​តំបន់មុំបី ​ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។ មានត្រឹមតែ ១,១ ភាគរយ នៃអ្នក​ឆ្លើយ​ប៉ុណ្ណោះ ដែល​មានជំនឿ​លើ​ការ​ប្រើ​ប្រាស់​យន្តការ​ចរចាទ្វេភាគីដែលមានស្រាប់។ 

អ្នក​ឆ្លើយ​ចំនួន ៨៨,៧ ភាគរយ យល់ស្រប​ជាមួយការសម្រេចចិត្ត​​បិទព្រំដែនរបស់កម្ពុជា  ដែលជាការឆ្លើយតបទៅនឹងការបិទជាឯកតោភាគីរបស់ប្រទេសថៃ ហើយ​ ៨៨,៦ ភាគរយ គាំទ្រការប្រើប្រាស់ទំនិញក្នុង​ស្រុក​ជំនួសវិញ។ 

ការចេញផ្សាយ​លទ្ធផលស្ទង់មតិនេះ ជួនគ្នា​នឹង​ព្រឹត្តិការណ៍​ “ដំណើរថ្មើរជើង Solidarity March” ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ ដែលមាន​មនុស្ស​ប្រហែល ១៥ម៉ឺននាក់ ចូលរួមពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ ដើម្បីបង្ហាញស្មារតីសាមគ្គីជាធ្លុងមួយក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ​កម្ពុជា ក្នុងចំណាត់ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។

ព្រឹត្តិការណ៍នេះ​ត្រូវ​បាន​ដឹកនាំរៀបចំធ្វើ​ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងឱកាសនេះ លោកឯកឧត្តមមានប្រសាសន៍លើកឡើងថា “ការជួបជុំនៅពេលនេះ ក៏អាចជាសារមួយផងដែរ ហើយសារនោះគឺបញ្ជាក់ថា ពេលដែលប្រទេសកម្ពុជា មានការគំរាមកំហែង ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ប្រសិនបើមានការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដី របស់ប្រជាជនកម្ពុជា”។

ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា៖ “យើងនឹងងើបឈរ ដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើងក្នុងការ ការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ជាតិ។ ទោះជាយ៉ាងក្តី យើងជ្រើសរើសស្របតាមការណែនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្នែកលើមូលដ្ឋានច្បាប់”។

Leave a Comment

Your email address will not be published. Required fields are marked *