ផលប៉ះពាល់នៃព័ត៌មានមិនពិត ដែលអ្នកមិនបានដឹង៖The Impacts of Fake News You Don’t Know

ពេលបច្ចុប្បន្ន ភាពជឿនលឿននៃឧបករណ៍អេឡិចត្រូនិច បានជួយសម្រួលដល់ការចែកចាយព័ត៌មាន នៅលើប្រព័ន្ធអនឡាញច្រើន ដោយមនុស្សគ្រប់វ័យអាចទទួលបានព័ត៌មានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងឆាប់រហ័ស មិនថាក្នុងលក្ខខណ្ឌណាក្តី។ យ៉ាងណាមិញ រាល់ព័ត៌មានទាំងឡាយដែលត្រូវបានចែកចាយ មិនមែនសុទ្ធតែពិត មានសុវត្ថិភាព និងផ្តល់ជាប្រយោជន៍នោះទេ។ ប្រសិនបើអ្នកប្រើប្រាស់មិនបានស្វែងយល់អំពីការអនុវត្ត និងវិធីសាស្ត្រល្អៗនៅក្នុងការចាប់យកព័ត៌មានពិតជាក់លាក់នោះទេ នោះអ្នកនឹងអាចធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃព័ត៌មានមិនពិត និងទទួលរងនូវឥទ្ធិពលមួយចំនួនដូចជា៖

  • ការវាយប្រហារទៅលើទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណែត ឬហៅថា Cyberattack ៖ តាមរយៈការតាមដានព័ត៌មានមិនពិត ប្រជាជនងាយទទួលរងការវាយប្រហារជាខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណែត ជាពិសេសគឺទិន្នន័យផ្ទាល់ខ្លួន។ ការវាយប្រហារបែបនេះ ជនល្មើស ឬ Hacker រមែងប្រើប្រាស់ និងចែកចាយនូវព័ត៌មានមិនពិត ដើម្បីធ្វើជានុយសម្រាប់ក្លែងបន្លំ ឬបោកបញ្ឆោត បន្ទាប់មកលួចយកទិន្នន័យជនរងគ្រោះ។
  • ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណែត ឬហៅថា Cyberbully ៖ ការតាមដាន ក៏ដូចជាចែកចាយព័ត៌មានមិនពិត គឺជាកត្តាមួយយ៉ាងសំខាន់ ដែលបង្កើតឱ្យមានការគំរាមកំហែងទៅលើអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដោយក្នុងនោះមានដូចជាការបរិហារកេរ្តិ៍ឈ្មោះ ការរើសអើង ការក្លែងបន្លំ និងការឌឺដងជាដើម។ ការងាយជឿទៅលើខ្លឹមសារអត្ថបទ រូបភាព ឬព័ត៌មានណាមួយ មិនត្រឹមតែប៉ះពាល់ដល់សាមីខ្លួនដែលទទួលបានព័ត៌មាននោះទេ ថែមទាំងប៉ះពាល់ដល់ភាគី ឬតួអង្គដែលជាជនរងគ្រោះនៅក្នុងព័ត៌មានមិនពិតនោះទៀតផង។
  • ការប៉ះទង្គិចផ្លូវកាយ និងផ្លូវចិត្ត៖ ប្រសិនបើព័ត៌មានមិនមានប្រភពត្រឹមត្រូវ នៅតែបន្តចែកចាយគ្រប់ទិសទី ច្បាស់ណាស់វានឹងជះឥទ្ធិពលអវិជ្ជមានទៅលើអ្នកអាន និងអ្នកទស្សនា។ ជាពិសេស បើព័ត៌មាននោះទាក់ទងនឹងផ្នែកណាមួយ ដែលប្រជាជនចាប់អារម្មណ៍ចូលចិត្ត នោះពួកគេអាចនឹងបន្តគិតច្រើន ព្រួយបារម្ភ រហូតឈានដល់ការសម្រាន្តមិនលក់ បាយមិននឹក ទឹកមិនស្រេក ជាហេតុបណ្តាលឱ្យមានជំងឺផ្សេងៗទៅលើផ្លូវកាយ និងផ្លូវចិត្ត។
  • ការប្រែប្រួលនៃអត្តចរិត និងទស្សនវិស័យ៖ កត្តានេះ គឺកើតចេញមកពីប្រជាជនមិនទាន់ចេះបែងចែកថាមួយណាជាព័ត៌មានពិត ឬមិនពិត។ ជួនកាល ព័ត៌មានមួយចំនួនបានបង្វែរការគិតរបស់មនុស្សទៅរកសេចក្តីលម្អៀង ដោយសារតែពួកគាត់ពុំបានគិតឱ្យស៊ីជម្រៅ ឬជីកឬសគល់នៃព័ត៌មាន និងបញ្ហាជុំវិញព័ត៌មាននោះឱ្យបានច្បាស់លាស់។ វាមិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ដល់បុគ្គលនោះទេ វាថែមទាំងអាចបង្កជាជម្លោះរវាងគ្នាថែមទៀតផង ដោយសារតែម្នាក់ៗប្រកាន់ជំហររៀងៗខ្លួន។
  • ការគំរាមកំហែងទៅលើស្ថាប័នសារព័ត៌មាន៖ ការរីករាលដាលនៃព័ត៌មានមិនពិតតាមរយៈការបំភ្លៃព័ត៌មាន និងតាមប្រភពដទៃទៀត ជាកត្តាដែលបង្អាក់ដល់តួនាទីចម្បងរបស់ស្ថាប័នសារព័ត៌មានពិតប្រាកដ និងអ្នកសារព័ត៌មាន ហើយឈានទៅដល់ការប៉ះពាល់ទៅលើប្រជាជនដែលរង់ចាំទទួលព័ត៌មានពីប្រភពច្បាស់លាស់ទៀតផង។

ដូចនេះហើយ ដើម្បីចៀសវាងនូវផលប៉ះពាល់ និងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងតាមរយៈព័ត៌មានមិនពិត ប្រជាជនគ្រប់រូបគប្បីសិក្សាឱ្យបានស៊ីជម្រៅអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងដកយកនូវរាល់វិធីសាស្រ្តផ្សេងៗក្នុងការការពារខ្លួនពីព័ត៌មានមិនពិត៕

DISCLAIMER: Articles posted on DMC Media Lab are written by DMC students and do not reflect the stance of the Department of Media and Communication (DMC).

Leave a Comment

Your email address will not be published. Required fields are marked *