សព្វថ្ងៃនេះ ការស្វែងរកព័ត៌មានដែលអ្នកចង់ដឹង ពិតជាមានភាពងាយស្រួលណាស់ ប៉ុន្តែអ្វីដែលពិបាកនោះគឺ រាល់ព័ត៌មានទាំងអស់មិនមែនសុទ្ធតែជាព័ត៌មានពិតនោះទេ។ នេះហើយជាចំណុចផ្តើមនៃការភ័ន្តច្រឡំ ឬទទួលទិន្នន័យមិនពិត សម្រាប់ព័ត៌មានគោលដែលអ្នកចង់បាន ពីព្រោះវាអាចជាការច្របាច់បញ្ចូលគ្នា នូវប្រភេទខ្លឹមសារព័ត៌មានពិតផង និងមិនពិតផង ដែលអាចធ្វើឱ្យមើលទៅហាក់បីដូចជាព័ត៌មានពិត។ ដូចនេះ ដើម្បីចៀសវាងការទទួលបានព័ត៌មានមិនពិត អ្នកត្រូវស្វែងយល់ឱ្យច្បាស់ពីប្រភេទមាតិកាព័ត៌មាន ដែលអ្នកមិនបានដឹង និងចាប់អារម្មណ៍ថាវាជាព័ត៌មានមិនពិត ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖
១. ព័ត៌មានមិនពិតផ្សព្វផ្សាយដោយចេតនា (Disinformation)៖
វាជាព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយចេញទៅដោយចេតនា និងក្នុងគោលបំណងបោកប្រាស់។ បើទោះបីអ្នកបោះពុម្ពផ្សាយដឹងថាព័ត៌មានខុសក៏ដោយ ក៏ពួកគេនៅតែបន្តបង្កើត រៀបចំ និងបោះពុម្ពផ្សាយវាដោយចេតនា បង្កើតឱ្យមានការភ័ន្តច្រឡំ បង្កគ្រោះថ្នាក់ផ្សេងៗដល់ទស្សនិកជន ហើយប្រើប្រាស់វាជាឧបករណ៍ ដើម្បីទាញយកផលប្រយោជន៍របស់ខ្លួនទៀតផង។ ជាក់ស្តែង ប្រសិនបើយើងរំឮកឡើងវិញ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺ Covid-19 វាជាពេលវេលាដ៏លំបាក និងមិនអាចគ្រប់គ្រងបានឡើយ។ ហេតុនេះហើយ ទើបវាជាឱកាសដ៏សមប្រកបមួយសម្រាប់ជនខិលខូច ក្នុងការផ្សព្វផ្សាយបំពុលអំពីវិធីសាស្រ្តព្យាបាល ក៏ដូចជាប្រភេទថ្នាំជាច្រើន ដោយមិនមានសេចក្តីបញ្ជាក់ពីក្រសួងសុខាភិបាលឡើយ។ ក្នុងនោះផងដែរ ក៏មានព័ត៌មានមិនពិតមួយចំនួនបានបង្ហោះថា «ការបរិភោគខ្ទឹមស អាចជួយអ្នកពីជំងឺ Covid-19»។ បន្ទាប់ពីដំណឹងមួយនេះ បានលេចចេញទៅក្នុងបណ្តាញសង្គម Facebook និង Youtube មហាជនជាច្រើនបានឆោឡោ និងជឿភ្លាមៗ ហើយនាំគ្នាប្រញាប់ប្រញាល់ទិញខ្ទឹមសមកស្តុកទុកនៅផ្ទះ ព្រោះពួកគេគិតថាខ្ទឹមសពិតជាអាចជួយពួកគេពីជំងឺ Covid-19 បានដូចដែលគេផ្សព្វផ្សាយមែន។ នេះហើយជាព័ត៌មានមិនពិត ដែលបានបង្តើតឡើងក្នុងចេតនាបោកប្រាស់ បង្កភាពចលាចលក្នុងសង្គម និងដើម្បីទាញយកផលចំណេញពីមហាជន។
២. ព័ត៌មានមិនពិតដែលចែករំលែកដោយអចេតនា (Misinformation)៖
សំដៅលើព័ត៌មានមិនពិត ឬមិនត្រឹមត្រូវ ដែលត្រូវបានចែករំលែកចេញពីប្រភពមិនច្បាស់លាស់ ដោយមិនមានចេតនាក្នុងការបោកប្រាស់។ វាអាចត្រូវបានផ្សព្វផ្សាយដោយអចេតនា ដោយសារតែការយល់ខុស និងមិនបានស្វែងយល់ឱ្យច្បាស់ពីប្រភព និងមាតិកាព័ត៌មាននោះ។ ម៉្យាងទៀត អាចថាអ្នកដែលបានចែកចាយព័ត៌មាននេះ បានទទួលទិន្នន័យខុសដោយមិនដឹងខ្លួន និងមិនបានត្រួតពិនិត្យឱ្យបានច្បាស់លាស់ថាវាជាព័ត៌មានមិនពិត ហើយយកទៅផ្សព្វផ្សាយបន្ត ដោយមិនមានចេតនាក្នុងការបង្កគ្រោះថ្នាក់ណាមួយទេ។ ឧបមាថា មិត្តរបស់អ្នកបានអានអត្ថបទមួយ ដែលមានខ្លឹមសារថា «ការសិក្សាថ្មីមួយបានបង្ហាញថា ការផឹកកាហ្វេបង្កឱ្យកើតជំងឺមហារីក» ហើយគាត់បានយកវាមកចែករំលែកជាមួយអ្នក និងស្នើឱ្យអ្នកឈប់ផឹកកាហ្វេបន្តទៀត។ ក្នុងករណីនេះ មិត្តរបស់អ្នកពុំបានដឹងឡើយ ថាព័ត៌មាននេះជាព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដោយគាត់គិតថាគ្រាន់តែចង់ចែករំលែកបញ្ហានេះដល់អ្នកជុំវិញខ្លួនគាត់ និងចង់ឱ្យពួកគេបង្កើនការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។ នេះហើយជាការផ្សព្វផ្សាយព័ត៌មានមិនពិតដោយអចេតនា។
៣. ព័ត៌មានវាយប្រហារបុគ្គល (Mal-information)៖
វាជាព័ត៌មានពិតរបស់បុគ្គល ឬស្ថាប័នណាមួយ ដែលត្រូវបានផ្សព្វផ្សាយចេញទៅក្នុងគោលបំណងវាយប្រហារ និងបង្កគ្រោះថ្នាក់ដល់បុគ្គលដើមចម។ មាតិកាព័ត៌មានប្រភេទនេះ គឺសុទ្ធសឹងតែជាព័ត៌មានពិត ឬព័ត៌មានរសើប ក៏ដូចជាការបើកបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ដោយចេតនា។ ការធ្វើបែបនេះ គឺសុទ្ធសឹងក្នុងបំណងអាក្រក់ ដូចជាការវាយប្រហារ ការសងសឹក បង្កការខូចខាត បំផ្លាញកេរ្តិ៍ឈ្មោះ និងដើម្បីទទួលបានផលប្រយោជន៍ពីជនរងគ្រោះ និងពីព្រឹត្តិការណ៍នេះទៀតផង។ ឧបមាថា មិត្តរបស់អ្នក ជាអ្នកបង្កើតមាតិកាដ៏ល្បីមួយរូប ហើយអ្នកជាអ្នកគ្រប់គ្រង និងសម្របសម្រួលការងារគាត់ ដូចនេះអ្នកដឹងពីព័ត៌មានផ្ទាល់ខ្លួនទាំងអស់របស់គាត់។ ដល់ពេលមួយ ដែលអ្នកមានជម្លោះជាមួយគាត់ អ្នកក៏មានបំណងចង់សងសឹក និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់ ដូចនេះអ្នកក៏បានផ្សព្វផ្សាយព័ត៌មានឯកជនរបស់គាត់ចេញទៅ។ នេះហើយជាមាតិកាព័ត៌មានវាយប្រហារបុគ្គល ឬហៅថា Mal-information។
៤. ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ដើម្បីបង្កើតព័ត៌មានមិនពិត (Deepfakes)៖
សំដៅដល់ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ឬហៅថា Artificial Intelligence (AI) ក្នុងការបង្កើត ឬនិមិត្តជារូបភាព វីដេអូ ឬសំឡេងរបស់មនុស្ស និងយកវាមកប្រឌិតជាព័ត៌មាន។ ឧទាហរណ៍ដូចជាការនិមិត្តសំឡេងរបស់នាយករដ្ឋមន្ត្រី ដើម្បីថ្លែងសារ ឬដំណឹងមិនពិតទៅកាន់ប្រជាពលរដ្ឋ។ សារសំឡេងនេះ បានបង្កើតឡើងដោយប្រើបញ្ញាសិប្បនិម្មិត ដើម្បីបន្លំខ្លួនធ្វើដូចជានាយករដ្ឋមន្ត្រីពិតប្រាកដ ក្នុងគោលបំណងបោកប្រាស់ និងបំពុលសង្គម។
ព័ត៌មានមិនពិត នឹងនៅតែបន្តបំប្លែងខ្លួន និងលេចវត្តមានឡើងជានិច្ច។ ប៉ុន្តែប្រសិនបើអ្នកយល់ដឹងឱ្យច្បាស់ពីប្រភេទនីមួយៗ និងបន្តអភិវឌ្ឍន៍ខ្លួនដោយសិក្សាពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នោះអ្នក រួមទាំងមនុស្សជុំវិញខ្លួនអ្នក នឹងនៅតែអាចទទួលបានតែព័ត៌មានពិត និងមានប្រយោជន៍ជានិច្ច៕
DISCLAIMER: Articles posted on DMC Media Lab are written by DMC students and do not reflect the stance of the Department of Media and Communication (DMC).