អ្វីទៅជា​អត្ថបទបញ្ឆោតឱ្យចូលអាន (Clickbait Article)?

ការប្រណាំងប្រជែងក្នុងការផលិតមាតិកា ដើម្បីទាក់ទាញទទួលបាននូវប្រយោជន៍ពីការអានរបស់សាធារណជននៅលើអ៊ីនធឺណិត បានធ្វើឱ្យអ្នកផលិតមាតិកា ឬការីនិពន្ធខ្លះបង្កើតនូវអត្ថបទបញ្ឆោត ឱ្យទាក់ទាញ ដើម្បីឱ្យអ្នកអានចុចចូលអាន ដើម្បីបានជាប្រយោជន៍ដល់ខ្លួន ឬស្ថាប័ន។​​ប្រហែលជាអ្នកធ្លាប់ប្រទះឃើញអត្ថបទមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺបណ្តាញសង្គម ដែលចំណងជើងរបស់អត្ថបទមានលក្ខណៈ គួរឱ្យទាក់ទាញ ប៉ុន្តែមាតិការបស់អត្ថបទបែរជាមិនពេញសេចក្តី ឬស្ទើរតែមិនដូចអ្វីដែលចំណងជើងបានអះអាងទាល់តែសោះ។ នេះគឺជា លក្ខណៈមួយក្នុងចំណោមលក្ខណៈដទៃទៀតរបស់អត្ថបទបញ្ឆោតឱ្យចូលអាន ឬក៏ Clickbait Article។

អត្ថបទបញ្ឆោត គឺជាប្រភេទមាតិកានៅលើអ៊ីនធឺណិតមួយប្រភេទ ដែលបានបង្កើតឡើងឱ្យមានភាពទាក់ទាញដើម្បីឱ្យអ្នកឃើញចុចចូលតំណភ្ជាប់ដើម្បីអាន។ ជារឿយៗ វាប្រើប្រាស់នូវចំណងជើង អមជាមួយរូបភាព ឬវីដេអូគួរឱ្យទាក់ទាញ ធ្វើឱ្យអ្នកឃើ​ញយល់ថាមាតិកាខាងក្នុង​ អាចនឹងមានខ្លឹមសារគួរឱ្យចាប់អារម្មណ៍​ឬមានសារសំខាន់ខ្លាំង។ នៅពេលអ្នកចុចនៅលើតំណភ្ជាប់នៃមាតិកានោះ អ្នកនឹងត្រូវបាននាំទៅកាន់ទំព័រមួយដែលមានមាតិកាដែលមិនមានខ្លឹមសារ ដូចទៅនឹងអ្វីដែលចំណងជើង ឬរូបភាពបានអះអាង ឬទំព័រពោរពេញដោយផ្ទាំងផ្សាយពាណិជ្ជកម្ម ឬទំព័របង្កប់នូវមេរោគកុំព្យូទ័រទៅវិញ។

ព័ត៌មានបញ្ឆោត មិនត្រឹមតែខ្ជះខ្ជាយពេលវេលារបស់អ្នកអាននោះទេ ប៉ុន្តែ វាក៏ជាកត្តាបណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ បាត់បង់ទំនុកចិត្តដល់សារព័ត៌មាន ឬអ្នកផលិតមាតិកាស្របតាមក្រមវិជ្ជាជីវៈទាំងមូល។ លើសពីនេះ ទោះបីអ្នកអានមិនបានចុចចូលអានអត្ថបទពេញលេញក៏ដោយ ពួកគេក៏អាចទទួលបានដំណឹងខុសតាមតែចំណងជើងខ្លី ឬរូបភាពខាងមុខរបស់អត្ថបទតែមួយមុខក៏ថាបាន ហើយអ្វីដែលកាន់តែព្រួយបារម្ភនោះគឺ ពួកគេអាចនឹងចែករំលែកទៅកាន់មិត្តភក្តិ ឬគ្រួសារថែមទៀត។

ខាងក្រោមនេះ គឺជាលក្ខណៈមួយចំនួនដើម្បីសម្គាល់ថា មាតិកាដែលអ្នកមើលឃើញនៅលើអ៊ីនធឺណិតអាចជាអត្ថបទបញ្ឆោត ឬ Clickbait Article៖

១. ចំណងជើងដែលគួរឱ្យចាប់អារម្មណ៍ហួសហេតុ៖

ចំណងជើងអត្ថបទបញ្ឆោត ជារឿយៗប្រើភាសាបំផ្លើស ឬបំភាន់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឃើញវា។ ចំណងជើងរបស់អត្ថបទបញ្ឆោត ក៏អាចមានន័យត្រឹមតែជ្រុងតូចមួយ មិនមានការផ្តល់ន័យពេញលេញរបស់រឿងរ៉ាវណាមួយនោះទេ ហើយនេះក៏អាចបង្កឱ្យមានការភាន់ច្រឡំផងដែរ សម្រាប់អ្នកដែលគ្រាន់តែអូសឃើញ និងមិនបានចូលទៅមើលអត្ថបទពេញ។ ម្យ៉ាងវិញទៀត ចំណងជើងបញ្ឆោត តែងសរសេរឡើងធ្វើឱ្យអ្នកអានឃើញភ្លាមចង់អានភ្លាម ហើយសន្មតហេតុការណ៍នោះថាល្អ ឬអាក្រក់ហួសហេតុភ្លាមៗតែម្តង ដើម្បីធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកអាន ហើយអាចបង្កជាការខឹង រំភើប ភ័យ ឆ្ងល់ និងចុចចូលតំណភ្ជាប់របស់ពួកគេ។ ប៉ុន្តែ ខ្លឹមសារនៃអត្ថបទវិញ អាចនឹងមិនមានខ្លឹមសារដូចដែលចំណងជើងលើកឡើងនោះឡើយ ថែមទាំងអាចជាព័ត៌មានខុស ឬប្រឌិតឡើងថែមទៀតផង។ ជាឧទាហរណ៍ ចំណងជើងអាចសរសេរថា “អ្នកនឹងមិនជឿថាមានអ្វីកើតឡើងចំពោះតារាល្បីរូបនេះទេ!” ឬ “អុញនោះ! ចប់ហើយ! ពិភពលោកនឹងរលាយនៅក្នុងឆ្នាំនេះ!”។

២. ចំណងជើងមិនច្បាស់លាស់ ឬបង្កើតជាចម្ងល់៖

ចំណងជើងរបស់អត្ថបទបញ្ឆោត ក៏អាចមានភាពមិនច្បាស់លាស់ ឬអាថ៌កំបាំងផងដែរ ដើម្បីទាក់ទាញការចង់ដឹងចង់ឃើញរបស់អ្នក និងតម្រូវឱ្យចុចចូលតំណភ្ជាប់ដើម្បីបានឃើញរូបភាព ឬខ្លឹមសារពេញ។ វាក៏អាចជាចំណងអត្ថបទដែលមានន័យលាក់លៀម ​និងមិនស្មោះត្រង់ជាដើម។ ជាឧទាហរណ៍ ចំណងជើងមួយអាចនិយាយថា “រឿងមួយនេះនឹងផ្លាស់ប្តូរជីវិតរបស់អ្នកជារៀងរហូត!” ឬ “ធ្វើរឿងទាំង៣នេះ នឹងមានលាភក្លាយជាមហាសេដ្ឋី”។

៣. រូបភាព និងវីដេអូរបស់មាតិកាទាក់ទាញហួសហេតុ៖ 

អត្ថបទបញ្ឆោត ជារឿយៗប្រើរូបភាព និងវីដេអូដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យអ្នកចាប់អារម្មណ៍ ឆ្ងល់ រំជើបរំជួល ឬខឹងសម្បារជាដើម ដោយភ្ជាប់ជាមួយនឹងតំណភ្ជាប់ឱ្យអ្នកចុចដើម្បីឈ្វេងយល់បន្ថែម។ ជាឧទាហរណ៍ រូបភាព ឬវីដេអូទាំងនោះ អាចត្រូវបានគេកាត់ត ឬមានលក្ខណៈព្រិល និងមិនច្បាស់ដើម្បីលាក់ទិដ្ឋភាពពេញលេញ រីឯខ្លឹមសារច្រើនបង្ហាញពីអំពើហិង្សា ឃាតកម្ម ជ្រុងតូចមួយមិនពេញលេញរបស់ព្រឹត្តិការណ៍ ឬក៏ការប្រើរូបភាព និងវីដេអូឡើងវិញ និងមិនត្រូវនឹងហេតុការណ៍ដែលកើតឡើងជាក់ស្តែងជាដើម។

ដូចនេះ យើងគួរតែគិតគូរមុននឹងជឿ និងចុចទៅលើមាតិកាដែលអ្នកមើលឃើញនៅលើប្រព័ន្ធអ៊ីធឺណិត ព្រោះការសម្រេចចិត្តនេះអាចឱ្យអ្នកចៀសផុតពីបញ្ហាប្រឈមផ្សេងៗបង្កដោយសារអត្ថបទបញ្ឆោត។ មិនតែប៉ុណ្ណោះវាក៏អាចឱ្យអ្នកចូលរួមលើកកម្ពស់ និងគាំទ្រនូវសារព័ត៌មាន ឬអ្នកផលិតមាតិកាប្រកបដោយវិជ្ជាជីវៈផងដែរ៕

Leave a Comment

Your email address will not be published. Required fields are marked *