តើគួរធ្វើដូចម្តេចនៅពេលឃើញមិត្តភក្តិ និងក្រុមគ្រួសារចែករំលែកព័ត៌មានមិនពិត? 

នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល និងសង្គមជាតិទាំងមូល គឺនៅតែមាន ហើយកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀត ដែលបង្កឱ្យព័ត៌មានទាំងនោះនៅតែមានវត្តមាន គឺតាមរយៈការចែករំលែកខ្លឹមសារព័ត៌មានមិនពិតដោយមិនបានផ្ទៀងផ្ទាត់ជាមុន។ ដូចនេះ ប្រសិនបើអ្នកប្រទះឃើញសមាជិកគ្រួសារ ឬមនុស្សជុំវិញខ្លួនអ្នកបានចែករំលែកនូវព័ត៌មានមិនពិត អ្នកចាំបាច់ត្រូវតែមានដំណោះស្រាយដែលមានប្រសិទ្ធិភាព សមហេតុផល និងងាយស្រួលក្នុងការចូលទៅជិត ដើម្បីពន្យល់ប្រាប់ឱ្យពួកគាត់បានដឹងពីបញ្ហានេះ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន​​ ដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន នៅពេលដែលអ្នកឃើញសមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួនអ្នកចែករំលែកព័ត៌មានមិនពិត៖ 

១. ស្វែងរកពេលវេលាសមស្រប ដើម្បីផ្តល់នូវការណែនាំមួយដែលពោរពេញដោយសេចក្តីគោរព

ចាប់ផ្តើមដោយការបញ្រ្ជាបខ្លួនចូលក្នុងប្រធានបទ តាមរយៈការស្តាប់ដោយភាពស្ងប់ស្ងាត់ និងវិភាគនូវខ្លឹមសារព័ត៌មានដែលពួកគាត់បានអានជាមុនសិន។ បន្ទាប់មក អ្នកគួរតែចូលទៅជិតការសន្ទនារបស់ពួកគាត់ ដោយអាកប្បកិរិយាមិនប្រឈមមុខដាក់គ្នា ជៀសវាងការវាយប្រហារ ឬចោទប្រកាន់ទៅកាន់គាត់ និងជំនួសមកវិញដោយការបង្ហាញពីសេចក្តីព្រួយបារម្ភចំពោះគាត់ និងលើកយកនូវភស្តុតាងដែលគាំទ្រសេចក្តីណែនាំរបស់អ្នក។ ម្យ៉ាងវិញទៀតវាពិតជាចាំបាច់ដែលអ្នកត្រូវពិភាក្សាជាលក្ខណៈឯកជនជាមួយពួកគាត់ ដើម្បីជៀសវាងជម្លោះ អំពើហិង្សា និងការប្រឈមមុខគ្នាដោយពាក្យសំដី។ កាលណាបើអ្នកពុំធ្វើដូចនេះទេ វាអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ និងធ្វើឱ្យពួកគាត់កើតសេចក្តីអាម៉ាស់ អៀនខ្មាស និងលែងហ៊ានចែកចាយព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួនតទៅទៀត។ ជាក់ស្តែង នៅពេលឃើញសមាជិកគ្រួសាររបស់អ្នកបានចែករំលែកព័ត៌មានមិនពិតដោយអចេតនាជាសារធាណៈ យើងគប្បីរកពេលវេលាមួយសមស្រប ដើម្បីសន្ទនាជាមួយគាត់តែពីរនាក់ ឬជាលក្ខណៈគ្រួសារ ព្រោះវាជាពេលល្អមួយសម្រាប់ពន្យល់ណែនាំពួកគាត់ឱ្យចេះរាយការណ៍ (Report) ព័ត៌មានមិនពិត នៅក្នុងកម្មវិធីដែលគាត់ប្រើប្រាស់ បញ្ឈប់ការចែករំលែកបន្ត និងចង្អុលបង្ហាញព័ត៌មានដែលអាចទុកចិត្តបាន និងផ្តល់នូវទិន្នន័យពិតទៅកាន់ពួកគាត់ជំនួសវិញ។

២. បង្ហាញព័ត៌មានដែលត្រឹមត្រូវ ចេញពីផ្តល់ប្រភពអាចទុកចិត្តបាន


ខណៈដែលប្រព័ន្ធផ្សព្វផ្សាយកាន់តែធំទូលាយ និងបង្កលក្ខណៈងាយស្រួលក្នុងការទទួលបានព័ត៌មាន ភាគរយនៃការទទួលបានព័ត៌មានមិនពិតក៏កើនឡើងដូចគ្នា។ ដូចនេះ ការចេះស្វែងរកប្រភពដែលគួរឱ្យទុកចិត្តក្នុងការតាមដានព័ត៌មាន គឺពិតជាសំខាន់់មែនទែន។ មិនថាមាតិកាព័ត៌មានស្ថិតក្នុងទម្រង់ជាអត្ថបទ រូបភាព ឬវីដេអូក្តី ក៏នៅតែអាចត្រូវបានគេប្រឌិត ឬក្លែងបន្លំបានដែរ។ ដូចនេះ អ្នកគួរតែណែនាំគាត់ឱ្យស្គាល់ពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងរបៀបនៃការចូលទៅកាន់ប្រភពព័ត៌មានទាំងនោះ មិនថានៅលើប្រព័ន្ធឌីជីថលក្តី ឬតាមវិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តីក្តី។ លើសពីនេះទៅទៀត អ្នកក៏ត្រូវតែជំរុញ និងលើកទឹកចិត្តឱ្យពួកគាត់ផ្ទៀងផ្ទាត់ និងបែងចែកព័ត៌មានថាពិត ឬមិនពិត មុនពេលចែករំលែកវាទៅកាន់មនុស្សជុំវិញខ្លួនគាត់។

៣. ពន្យល់ប្រាប់ពួកគាត់ពីវិធីសាស្រ្តក្នុងការកត់សម្គាល់ព័ត៌មានមិនពិត និងផលប៉ះពាល់របស់វា

ការបង្ហាញ និងណែនាំពួកគាត់អំពីវិធីសាស្រ្តក្នុងការសម្គាល់ព័ត៌មានមិនពិត គឺជារឿងចាំបាច់មួយដែលអ្នកត្រូវតែធ្វើ ព្រោះវាជាវិធីមួយដ៏ល្អបំផុតដែលអាចឱ្យពួកគាត់ជៀសឆ្ងាយចេញពីព័ត៌មានទាំងនោះ និងរក្សាគុណភាពនៃព័ត៌មានដែលពួកគាត់ទទួលបានគ្រប់ពេល។ ក្នុងនោះផងដែរ អ្នកអាចបង្ហាញនូវវិធីសាស្រ្តងាយៗ ស្រួលយល់ដល់ពួកគាត់ជាមុនសិន ដូចជាការជៀសវាងអានតែចំណងជើង ព្រោះពេលខ្លះវាអាចជាចំណងជើងបោកបញ្ឆោត ដូចនេះពួកគាត់គួរតែផ្ទៀងផ្ទាត់ទំនាក់ទំនងរវាងចំណងជើងព័ត៌មាន និងខ្លឹមសាររបស់វាឱ្យបានច្បាស់ថាវាពិតជាត្រូវគ្នាមែន ឬក៏អត់។ ម្យ៉ាងវិញទៀត ពួកគាត់គួរតែពិនិត្យទៅប្រភពនៃព័ត៌មាន រួមមានស្ថាប័ន និងអ្នកនិពន្ធ ក៏ដូចជាកាលបរិច្ឆេទ និងទីតាំងនៃហេតុការណ៍ព័ត៌មានផងដែរ ដើម្បីជៀសវាងការទទួលបានព័ត៌មានដែលគេប្រឌិតឡើង ព័ត៌មានបែបបញ្ចេញមតិ និងការបោកប្រាស់ផ្សេងៗ។ ក្នុងករណីនេះផងដែរ ពួកគាត់ក៏មិនគួរមើលរំលងគុណភាពនៃមាតិកាព័ត៌មានផងដែរ ដូចជាការប្រើប្រាស់វេយ្យាករណ៍ អក្ខរាវិរុទ្ធ និងការប្រើប្រាស់នូវរូបភាព ឬវីដេអូជាដើម ថាវាពិតជាពុំត្រូវបានគេកែ ឬកាត់ត និងមានទំនាក់ទំនងជាមួយអត្ថបទព័ត៌មានពិតប្រាកដមែន។

៤. លើកទឹកចិត្តឱ្យពួកគាត់ចែករំលែកចំណេះដឹងដែលទទួលបានបន្តទៀត


បន្ទាប់ពីអ្នកបានអនុវត្តនូវចំណុចទាំង ៣ ខាងលើរួចរាល់ អ្នកក៏គួរតែជំរុញ និងលើកទឹកចិត្តក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ឱ្យចែករំលែកនូវរាល់ចំណេះដឹងដែលពួកគាត់ទទួលបានជុំវិញប្រធានបទនៃព័ត៌មានពិត និងមិនពិតបន្តទៀត។ ប្រសិនបើប្រជាជនចេះអប់រំគ្នាទៅវិញទៅមកអំពីបញ្ហានេះ នោះគ្រប់គ្នានឹងអាចមានចំណេះដឹង និងការយល់ដឹងដែលត្រឹមត្រូវ ដែលជាខែលដ៏រឹងមាំមួយក្នុងការការពារខ្លួនគាត់ពីព័ត៌មានមិនពិតគ្រប់ទម្រង់ទាំងអស់។

ជារួម អ្នកអាចនឹងគិតថាវត្តមានរបស់អ្នកមិនមានឥទ្ធិពលអ្វីក្នុងការកំចាត់ព័ត៌មានមិនពិតក្នុងសង្គម ប៉ុន្តែជាក់ស្តែង គឺវាចាប់ផ្តើមចេញពីអ្នកខ្លួនឯង ក្នុងការបំពេញកិច្ចការដ៏សំខាន់មួយនេះសម្រាប់សង្គម តាមរយៈការណែនាំមនុស្សជុំវិញខ្លួនអ្នក មិនថាជាសមាជិកគ្រួសារ បងប្អូន មិត្តភក្តិអ្នក ឬអ្នកដទៃក្តី ឱ្យជៀសឆ្ងាយពីព័ត៌មានមិនពិត និងងាកមកតាមដានព័ត៌មានដែលពិតប្រាកដជំនួសវិញ៕

DISCLAIMER: Articles posted on DMC Media Lab are written by DMC students and do not reflect the stance of the Department of Media and Communication (DMC).

Leave a Comment

Your email address will not be published. Required fields are marked *