តើយើងគួរធ្វើដូចម្តេចនៅពេលដែលសង្ស័យថាព័ត៌មានកំពុងអានជាព័ត៌មានមិនពិត?

ស្របគ្នាជាមួយនឹងភាពរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រព័ន្ធឌីជីថល ក៏មានលំហូរ និងវត្តមាននៃព័ត៌មានមិនពិត លាយឡំជាមួយនឹងព័ត៌មានពិតដូចគ្នា។ នេះជាបញ្ហាមួយ ដែលអាចទប់ស្កាត់ និងដោះស្រាយបានតាមរយៈការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅលើបណ្តាញសង្គម។ ដូចនេះ ដើម្បីរក្សាគុណភាពនៃលំហូរព័ត៌មានឱ្យនៅតែសុក្រឹត និងទប់ស្កាត់បញ្ហាផ្សេងៗ ដែលកើតចេញពីការទទួលបានព័ត៌មានមិនពិតកុំឱ្យកើតមានឡើង នៅរាល់ពេលដែលអ្នកសង្ស័យថាព័ត៌មានដែលអ្នកកំពុងអានជាព័ត៌មានមិនពិត អ្នកត្រូវតែមានចំណាត់ការដូចខាងក្រោម៖ 

១. ផ្ទៀងផ្ទាត់ប្រភព 

ជំហានដំបូងក្នុងការដោះស្រាយបញ្ហាជុំវិញការសង្ស័យទៅលើព័ត៌មានណាមួយ គឺការផ្ទៀងផ្ទាត់ប្រភពនៃព័ត៌មាននោះ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យថា តើប្រភពនៃព័ត៌មាននោះអាចទុកចិត្តបានដែរឬទេ ហើយថាតើខ្លឹមសារព័ត៌មាននោះ មានពិតមែនដែរ ឬអត់។ មុននឹងជឿទៅលើព័ត៌មានណាមួយទាំងស្រុង សូមអ្នកធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់ថា វាជាព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន។ អ្នកអាចធ្វើដូចនេះបាន ដោយពិនិត្យទៅលើតំណភ្ជាប់របស់គេហទំព័រ ឈ្មោះអ្នកនិពន្ធ និងប្រភពដែលអ្នកនិពន្ធបានផ្តល់ឱ្យក្នុងការគាំទ្រអំណះអំណាងរបស់គាត់។ ម្យ៉ាងវិញទៀត ការប្រើប្រាស់គេហទំព័រ និងឧបករណ៍ដើម្បីពិនិត្យការពិត ក៏អាចជួយអ្នកបានច្រើនក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានដែរ។ ឧបករណ៍ទាំងនេះច្រើនដាក់ទង់ដើម្បីសម្គាល់់មាតិកាមិនពិត ឬបំភាន់ ហើយផ្តល់ជម្រើសនៃព័ត៌មានដែលអាចទុកចិត្តបានជំនួសវិញ។ អ៊ីចឹង ប្រសិនបើអ្នកបានរកឃើញថាព័ត៌មានណាមួយជាព័ត៌មានមិនពិត ដែលចេញពីប្រភពគួរឱ្យសង្ស័យ ឬមិនគួរឱ្យទុកចិត្ត វាជាការល្អបំផុតក្នុងការកត់ចំណាំទុកថាវាជាព័ត៌មានមិនពិត។ 

២. ចែករំលែកដោយការទទួលខុសត្រូវ 

មុនពេលចែករំលែកព័ត៌មាននៅលើប្រព័ន្ធឌីជីថល អ្នកត្រូវតែប្រាកដថាវាជាព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់។ ក្នុងករណីដែលអ្នកសង្ស័យថាព័ត៌មានណាមួយជាព័ត៌មានមិនពិត ឬអាចចំណាំបានថាវាពិតជាព័ត៌មានមិនពិតមែន អ្នកគួរតែជៀសវាងការចែករំលែកដោយមិនផ្តល់ការបញ្ជាក់ ឬការកែតម្រូវទៅលើភាពខុសនៃព័ត៌មាននោះឱ្យបានដាច់ខាត។ ការចែកព័ត៌មានមិនពិតក្នុងន័យចំអក លេងសើច អាចធ្វើឱ្យអ្នកដទៃមានការភាន់ច្រឡំថាអ្វីដែលអ្នកបានចែករំលែក ជាដំណឹងមួយដែលស្តួចស្តើង និងមើលរំលងពីផលប៉ះពាល់របស់វាដល់់អ្នកឯទៀត។ ប្រសិនបើអ្នកអាចបែងចែកព័ត៌មានណាមួយថាជាព័ត៌មានមិនពិត ការរីករាលដាលនៃព័ត៌មាននោះ គឺស្ថិតនៅក្នុងដៃអ្នក ដូចនេះអ្នកគួរតែក្តោបឱកាសនេះឱ្យជាប់ ជៀសវាងមានបញ្ហាទៅថ្ងៃមុខ។

៣.លើកទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យចូលរួមទប់ស្កាត់ព័ត៌មានមិនពិត

ដោយសារតែការផ្ទៀងផ្ទាត់ ជាកត្តាដ៏សំខាន់មួយក្នុងការទប់ស្កាត់ព័ត៌មានមិនពិត និងស្រាយមន្ទិលសង្ស័យរបស់អ្នកជុំវិញការសម្រេចចិត្តជឿលើព័ត៌មានណាមួយ វាពិតជាសំខាន់មែនទែនដែលមនុស្សគ្រប់រូបត្រូវតែចេះ ដើម្បីរក្សាគុណភាពនៃលំហូរព័ត៌មានដែលគ្រប់គ្នាទទួលបាន។ ដូចនេះ រាល់ចំណេះដឹងដែលអ្នកទទួលបានជុំវិញវិធីសាស្រ្តក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមិនពិត អ្នកគួរតែយកវាទៅចែករំលែកបន្តទៀត ដើម្បីបង្កើន និងលើកកម្ពស់សមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់ពលរដ្ឋគ្រប់រូបក្នុងសង្គម។ កាលណាបើប្រជាជនគ្រប់រូបយល់ដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានកាន់តែច្បាស់ នោះផលប៉ះពាល់មិនល្អនៃព័ត៌មានមិនពិត នឹងមិនមានឥទ្ធិពលឡើយ ហើយភាគរយនៃការទទួលបានព័ត៌មានដែលត្រឹមត្រូវ ក៏កើនឡើងដូចគ្នា៕

DISCLAIMER: Articles posted on DMC Media Lab are written by DMC students and do not reflect the stance of the Department of Media and Communication (DMC).

Leave a Comment

Your email address will not be published. Required fields are marked *