ជាការពិតណាស់ ភាពជឿនលឿននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នបានអនុញ្ញាតឱ្យប្រជាជនមានវិធីផ្សេងៗគ្នាជាច្រើននៅក្នុងការស្វែងរក តាមដាន និងចែករំលែកព័ត៌មាន ព្រមទាំងអាចបង្កើតមាតិកាបានដោយខ្លួនឯងទៀតផង។ ភាពសម្បូរបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនងាកទៅស្វែងរកព័ត៌មានដែលមានលក្ខណៈរហ័សទាន់ចិត្តតាមរយៈបណ្តាញសង្គមនានាជាដើម រហូតមានពេលខ្លះអ្នកប្រើប្រាស់អាចនឹងយល់ច្រឡំថាមាតិកាផ្សេងៗ ដែលពួកគេបានឃើញលើបណ្តាញសង្គមជាព័ត៌មាន ឬអត្ថបទសារព័ត៌មានទៀតផង។ បញ្ហានានាទាំងនេះ បានបង្កឱ្យការស្វែងរក និងទទួលព័ត៌មាន មានភាពស្មុគស្មាញ និងច្របូកច្របល់ ពិបាកក្នុងការបែងចែកថាតើអ្វីដែលពួកគេបានឃើញជាការពិតឬយ៉ាងណា។
ការទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលកាន់តែធំឡើងៗនៃព័ត៌មានច្របូកច្របល់ (information disorder) តម្រូវឱ្យមានការចូលរួមពីអ្នកដែលមានជំនាញវិជ្ជាជីវៈ និងចំណេះដឹងអំពីសារព័ត៌មាន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាភាគីផ្សេងៗទៀតក្នុងការចូលរួមលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ដើម្បីជួយឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួនពីព័ត៌មានច្របូកច្របល់។
តាមរយៈការអប់រំសារព័ត៌មាន អ្នកដែលសិក្សាស្វែងយល់នឹងទទួលបានការពង្រឹងចំណេះដឹង និងសមត្ថភាពដូចជា៖
១. មានចំណេះដឹងទូទៅទូលំទូលាយ៖
ដើម្បីធ្វើការក្នុងផ្នែកសារព័ត៌មាន ឬផ្នែកផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយបាន ទាមទារឱ្យអ្នកសិក្សាចំណេះជំនាញមួយនេះ តាមដានព្រឹត្តិការណ៏ និងការវិវឌ្ឍន៍នានាក្នុងសង្គមឱ្យបានជាប់លាប់ ដែលនេះបានរួមចំណែកធ្វើឱ្យពួកគេមានចំណេះដឹងទូទៅអំពីសង្គមយ៉ាងទូលំទូលាយ និងទាន់ហេតុការណ៍។ កាលណាពួកគេមានសមត្ថភាពទាំងនេះហើយ គេនឹងអាចដឹងបាននៅពេលដែលនរណាម្នាក់ព្យាយាមប្រាប់ព័ត៌មានដែលមិនមានលក្ខណៈត្រឹមត្រូវដល់ពួកគេ។
២. ចេះវិភាគលើខ្លឹមសារព័ត៌មាន ឬព្រឹត្តិការណនានា៖
ចំណុចសំខាន់នៃការសិក្សាអំពីសារព័ត៌មាន គឺការរៀនផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវជានិច្ច មុនពេលចេញផ្សាយអ្វីមួយ។ បើទោះបីជាអ្នកសិក្សាពីសារព័ត៌មាន មិនមែនសុទ្ធតែក្លាយជាអ្នកសារព័ត៌មាន នាពេលអនាគតក្តី ក៏ពួកគេនឹងមានសមត្ថភាពសំខាន់ក្នុងការវិភាគលើខ្លឹមសារព័ត៌មានណាមួយ ដែលគួរឱ្យសង្ស័យ ហើយអាចធ្វើការផ្ទៀងផ្ទាត់ដើម្បីដឹងពីភាពត្រឹមត្រូវនៃព័ត៌មាននោះបានផងដែរ។
៣. ចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានច្របូកច្របល់៖
ក្រៅពីអាចកត់សម្គាល់ព័ត៌មានច្របូកច្របល់ដោយខ្លួនឯងបានហើយ អ្នកដែលបានសិក្សាពីសារព័ត៌មាន ឬអំពីប្រព័ន្ធផ្សព្វផ្សាយ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានច្របូកច្របល់បាន តាមរយៈការចូលរួមចែករំលែកការយល់ដឹងដល់អ្នកជុំវិញខ្លួនដូចជាក្រុមគ្រួសារ និងមិត្តភក្កិជាដើម។ ពួកគេក៏អាចក្រើនរំលឹកទៅមនុស្សជុំវិញខ្លួនបាន នៅពេលឃើញនរណាម្នាក់ចែករំលែកព័ត៌មានមិនពិត៕
DISCLAIMER: Articles posted on DMC Media Lab are written by DMC students and do not reflect the stance of the Department of Media and Communication (DMC).