បណ្ណាល័យទន្ទឹងមើលផ្លូវក្មេងមកអានសៀវភៅ
លោកយាយ ពេជ្រ ព្រឿង កំពុងពិនិត្យមើលអក្ខរាវិរុទ្ធខ្មែរនៃសៀវភៅរឿងនិទានមួយដែលគាត់ទើបនឹងបកប្រែរួចពីភាសាបារាំង នៅក្នុងបណ្ណាល័យ Open Book នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ រូបថតដោយ៖ រ៉ូ នីកា ដោយ អាន ស្រីនូ និង រ៉ូ នីកា ភ្នំពេញ — នៅពេលរសៀលរៀងរាល់ថ្ងៃព្រហស្បតិ៍ លោកយាយ ពេជ្រ ព្រឿង អាយុ ៨២ ឆ្នាំ តែងតែមកបណ្ណាល័យ Open Book ដូចទម្លាប់។ លោកយាយរៀបសៀវភៅរឿងនិទានដាក់លើតុ អង្គុយនៅកន្លែងដដែល ហើយម្ដងម្កាលសម្លឹងទៅរកមាត់ទ្វារ ជាមួយនឹងក្តីសង្ឃឹមថាក្មេងៗនឹងមកស្តាប់គាត់និទានរឿងដូចសព្វមួយដង។ ប៉ុន្តែ ជារៀងរាល់សប្ដាហ៍ កៅអីតូចៗដែលធ្លាប់មានក្មេងអង្គុយ ពេលនេះនៅទំនេរ ហើយសៀវភៅរឿងដែលលោកយាយបានត្រៀមនៅតែបិទស្ងៀម ព្រោះគ្មានក្មេងមកទីនេះទៀតទេ។ សម្រាប់លោកយាយ ពេជ្រ ព្រឿង ដែលបានចំណាយពេលជាងបីទសវត្សរ៍សរសេរ បកប្រែ និងនិទានរឿងឱ្យកុមារខ្មែរ ភាពស្ងប់ស្ងាត់នេះមិនមែនគ្រាន់តែជាការខកចិត្តសម្រាប់គាត់ឡើយ។ វាជាសញ្ញាបង្ហាញពីការប្រែប្រួលដ៏ធំមួយ៖ កុមារកម្ពុជាកំពុងចំណាយពេលជាមួយអេក្រង់ទូរសព្ទកាន់តែច្រើន ខណៈការមកបណ្ណាល័យ និងការអានសៀវភៅរឿងកាន់តែថយចុះ។ រឿងរបស់លោកយាយឆ្លុះបញ្ចាំងពីបញ្ហាដែលអ្នកអប់រំ បណ្ណារក្ស និងអ្នកជំរុញការអានកំពុងព្រួយបារម្ភ។ ទោះបីកម្ពុជាមានទិវាជាតិអំណាន និងពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំក៏ដោយ ការបណ្ដុះទម្លាប់អានក្រៅថ្នាក់រៀននៅតែជាបញ្ហាប្រឈម។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍ឌីជីថល នៅក្នុងសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩ កំពុងធ្វើឱ្យបណ្ណាល័យមួយនេះដែលធ្លាប់មានសំឡេងសើចរបស់កុមារ កាន់តែស្ងប់ស្ងាត់។ យ៉ាងណាក៏ដោយ លោកយាយ ពេជ្រ ព្រឿង នៅតែមក បណ្ណាល័យ Open Book ជាទៀងទាត់។ មុនពេលក្លាយជាអ្នកស្ម័គ្រចិត្តនៅទីនោះ លោកយាយ បានចំណាយពេលពេញមួយជីវិតជាមួយការអប់រំ និងសៀវភៅកុមារ។ កើតនៅឆ្នាំ ១៩៤៤ លោកយាយស្រឡាញ់ការអានតាំងពីកុមារភាព។ លោកយាយអានទាំងសៀវភៅភាសាខ្មែរ និងបារាំង មុននឹងចាប់អាជីពជាគ្រូបង្រៀននៅសាលាបឋមសិក្សាតានី ខេត្តកំពត ក្នុងឆ្នាំ ១៩៦៧។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម លោកយាយបានបន្តការងារក្នុងវិស័យអប់រំ ជានាយិកាសាលាបឋមសិក្សា និងមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ រហូតដល់ចូលនិវត្តន៍។ នៅឆ្នាំ ១៩៩១ ខណៈសៀវភៅរឿងនិទានជាភាសាខ្មែរសម្រាប់កុមារនៅមានតិច លោកយាយបានចាប់ផ្ដើមបកប្រែរឿងនិទានពីភាសាបារាំង។ លោកយាយរឭកដូច្នេះថា៖ «កាលនោះ សៀវភៅសម្រាប់កុមារជាភាសាខ្មែរមិនសូវមានទេ។ ភាគច្រើនមានតែសៀវភៅសិក្សា។ ខ្ញុំចង់ឱ្យក្មេងៗសប្បាយរីករាយក្នុងការអាន ហើយមានការស្រមើស្រមៃ»។ ប្រាំឆ្នាំក្រោយមក លោកយាយបានបោះពុម្ពសៀវភៅរឿងនិទានជាភាសាខ្មែររបស់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «យើងអានរឿងខ្លីៗ»។ ក្រោយមក លោកយាយ និងមិត្តរួមការងារបានបង្កើតអង្គការដំរីស ដែលបានបោះពុម្ពសៀវភៅកុមារជាង ៤៤ ចំណងជើង និងនាំសៀវភៅទៅដល់កុមាររាប់ពាន់នាក់នៅទូទាំងប្រទេស។ ក្រៅពីការសរសេរ លោកយាយក៏ជាអ្នកនិទានរឿងនៅបណ្ណាល័យ មជ្ឈមណ្ឌលភាសាបារាំង និងសាលារៀនជាច្រើន ផងដែរ។ សម្រាប់លោកយាយ ការនិទានរឿងគឺជាវិធីបណ្ដុះសេចក្ដីស្រឡាញ់ចំពោះការអាន។ លោកយាយពោលថា៖ «ខ្ញុំស្រឡាញ់ការងារនេះខ្លាំងណាស់»។ ប៉ុន្តែបញ្ហាសុខភាពបានធ្វើឱ្យលោកយាយផ្អាកការងារនិទានរឿងអស់ជាងមួយទសវត្សរ៍។ អ្នកស្រី សាន សុផល បណ្ណារក្ស កំពុងអានសៀវភៅនៅក្នុងបណ្ណាល័យ Open Book នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៦។ រូបថតដោយ៖ អាន ស្រីនូ នៅឆ្នាំ ២០២៥ បន្ទាប់ពីសុខភាពបានប្រសើរឡើង និងទទួលបានការលើកទឹកចិត្តពីអ្នកស្រី Catherine Cousins ដែលជាស្ថាបនិកបណ្ណាល័យ Open Book, លោកយាយបានត្រឡប់មកវិញ ដោយសង្ឃឹមថានឹងបានឃើញក្មេងៗដូចកាលពីមុន។ ប៉ុន្តែអ្វីដែលរង់ចាំលោកយាយ គឺភាពស្ងប់ស្ងាត់នៅបណ្ណាល័យ។ បើកដំណើរការនៅឆ្នាំ២០០២ Open Book ជាបណ្ណាល័យអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់កន្លែងអានសៀវភៅដោយឥតគិតថ្លៃដល់សាធារណជន។ នៅលើធ្នើមានសៀវភៅជាច្រើនភាសា រួមទាំងរឿងនិទាន ប្រលោមលោក និងសៀវភៅចំណេះដឹងទូទៅ។ បណ្ណាល័យដែលបាត់បង់សំឡេងសើច អ្នកស្រី សាន សុផល បណ្ណារក្ស បានឃើញថាមានការផ្លាស់ប្ដូរខ្លាំង ចាប់តាំងពីថ្ងៃដែលបណ្ណាល័យបើកដំណើរការជាលើកដំបូង។ អ្នកស្រីបានរំឭកឡើងថា នៅមុនពេលផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ បណ្ណាល័យតែងតែមានជីវិតរស់រវើក។ នៅថ្ងៃធម្មតា មានកុមារប្រមាណ ១០ នាក់មកអានសៀវភៅ ហើយកម្មវិធីនិទានរឿងរៀងរាល់ថ្ងៃព្រហស្បតិ៍ អាចទាក់ទាញកុមារពី ២០ ទៅ ៣០ នាក់ មកស្តាប់ការនិទានរបស់លោកយាយ ពេជ្រ ព្រឿង។ អ្នកស្រីបានឱ្យដឹងដែរថា ក្រៅពីស្តាប់ «ពួកគេមកអានសៀវភៅ សួរសំណួរ និងលេងល្បែងប្រាជ្ញា» ទៀតផង។ ប៉ុន្តែ ទិដ្ឋភាពនេះបានផ្លាស់ប្តូរអស់ […]
បណ្ណាល័យទន្ទឹងមើលផ្លូវក្មេងមកអានសៀវភៅ Read More »
