ថតដោយ៖ យ៉ាម៉ា ដួងច័ន្ទវត្តី
ដោយ នី ចាន់វត្តី និង យ៉ាម៉ា ដួងច័ន្ទវត្តី
ភ្នំពេញ — ក្រោមសូរសំឡេងព្រះសង្ឃសូត្រធម៌បង្សុកូល លាយឡំជាមួយខ្លិនផ្សែងធូប ពលរដ្ឋកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការបានមកជួបជុំគ្នាប្រារព្ឋ “ទិវាជាតិនៃការចងចាំ” នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។
ជាកម្មវិធីប្រចាំឆ្នាំក៏ពិតមែន ប៉ុន្តែការប្រារព្ឋទិវាឆ្នាំនេះបានធ្វើឡើងមួយខែបន្ទាប់ពីខួប ៥០ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយនៅថ្ងៃទី១៧ មេសា ឆ្នាំ២៩៧៥ នៅពេលដែលក្រុមខ្មែរក្រហមដណ្តើមបានអំណាច ហើយប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាវាលពិឃាត។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធី “ទិវាជាតិនៃការចងចាំ” ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឃួង ស្រេង បានអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលគូសបញ្ជាក់ថា “ទិវាជាតិនៃការចងចាំ បានរួមចំណែកក្នុងការផ្សះផ្សារ ជំរុញឱ្យមានសុខដុមនីយកម្មក្នុ្ងសង្គមកម្ពុជានិងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឺងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៏បែបនេះកើតមានឡើងសាជាថ្មី”។
ប្រជាជនកម្ពុជាជាង ១,៧លាននាក់ ត្រូវបានស្លាប់ដោយសារអត់អាហារ, ការបង្ខំឱ្យធ្វើការលើសកម្លាំង, ជំងឺ, ទារុណកម្ម និងការសម្លាប់រង្គាលក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ មុននឹងប្រទេសត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ពី ចងកំហឹង ទៅជា ការចងចាំ
ថ្ងៃទី ២០ ខែឧសភា ដើមឡើយ ធ្លាប់ត្រូវបានគេស្គាល់ថាជា “ទិវាចងកំហឹង”។ នៅក្នុងសារលិខិតសម្រាប់ទិវានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា នេះ គឺថ្ងៃដែលក្រុមខ្មែរក្រហម ក្នុងឆ្នាំ១៩៧៣ ចាប់ផ្ដើមបង្កើត សហករណ៍ និងលុបបំបាត់កម្មសិទ្ធិឯកជននៅក្នុងតំបន់រំដោះដែលពួកគេកាន់កាប់, និងក្រោយមកទៀត រៀបចំផែនការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទ្រង់ទ្រាយធំ រួមមាន ការបណ្តេញប្រជាជនចេញពីទីក្រុង ការចាប់ខ្លួន ការធ្វើទារុណកម្ម ការបង្ខំរៀបអាពាហ៍ពិពាហ៍ ការកាប់សម្លាប់ និងការរើសអើងជាប្រព័ន្ធ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា អនុម័តយកថ្ងៃទី ២០ ខែឧសភា ជាថ្ងៃនៃ “ទិវាចងកំហឹង”។ ចាប់ពីឆ្នាំ១៩៨៤ មក “ទិវាចងកំហឹង” ត្រូវបានប្រារព្ឋធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីជាការចងកំហឹងចំពោះ “បនប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី និង ខៀវសំផន” ដែលដែលជាមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយឆ្នាំ១៩៩៣ ឈ្មោះនេះត្រូវបានប្តូរទៅជា “ទិវាចងចាំ” រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបរាជរដ្ឋាភិបាលសម្រេចប្តូរម្តងទៀត ទៅជា “ទិវាជាតិនៃការចងចាំ” វិញ។
លោក ស្ងួន សុធារិទ្ធ មន្ត្រីផ្នែកច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានប្រសាសន៍ថា ការរំឭកនិងការចងចាំ ប្រៀបបាននឹង “សំណង” មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរកយុត្តិធម៌ជូនអ្នកដែលបានបាត់បង់ជីវិតទៅ និងជូនអ្នកដែលនៅរស់រានមានជីវិត ក្នុងការស្ដារនីតិសម្បទាឱ្យបានធូរស្បើយពីការគ្រាំគ្រាផ្លូវចិត្ត ដែលរបបខ្មែរក្រហមបានបន្សល់ទុកមកទល់បច្ចុប្បន្ន។
មេរៀនសម្រាប់ក្មេងជំនាន់ក្រោយ
“ទិវាជាតិនៃការចងចាំ” មិនត្រឹមតែជាការរំឭកដល់ការបាត់បង់នោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារសន្តិភាព កុំឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះកើតឡើងសាជាថ្មី។
ហង្ស ថេងហេង ជាសិស្សថ្នាក់ទី១២មួយរូបមកពីវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ដែលបានចូលរួមជាមួយពលរដ្ឋច្រើនរយនាក់ផ្សេងទៀត ក្នុងការប្រារព្ឋទិវានេះនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ សិស្សរូបនេះនិយាយថា៖ “ពេលមកដល់ទីនេះ វាធ្វើឱ្យយើងដឹងថា កម្ពុជាធ្លាប់ឆ្លងកាត់ទុក្ខលំបាកពិតមែន ហើយពិតជាគួរឱ្យអណោចអធមណាស់។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជំនាន់ក្រោយ ដែលជាអ្នកបន្តវេន សូមឱ្យប្អូនៗរៀនស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានច្រើន ហើយក្រឡេកមើលទិដ្ឋភាពសង្គមក្នុងអតីតកាលដ៏ឈឺចាប់នោះ។ ដូច្នេះហើយ នៅពេលបច្ចុប្បន្ន យើងគួរបន្តចូលរួមគ្នាដើម្បីសុខសន្តិភាពទាំងអស់គ្នា។”

លោកស្រី សុ ខន មកពីសង្កាត់និរោធ មានអារម្មណ៍ក្ដុកក្ដួល នៅពេលទស្សនាសិល្បៈករសម្តែងរំឭកអំពីទង្វើឃោរឃៅដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជា។ លោកស្រីមានប្រសាសន៍ថា៖ “យើងបានជួបការឈឺចាប់ខ្លាំងណាស់ក្នុងជំនាន់ប៉ុល ពត ហើយយើងមិនអាចបំភ្លេចបានទេ។ ការសម្ដែងនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ការពិតវាធ្ងន់ធ្ងរជាងនេះទៅទៀត។ សូមឱ្យក្មេងៗមានការចងចាំការឈឺចាប់នេះ កុំឱ្យភ្លេចខ្លួន។”
អ្នកគ្រូ អ៊ុន ប៊ុនលាភី ដែលបង្រៀនប្រវត្តិវិទ្យានៅវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង បានដឹកនាំសិស្សានុសិស្សមកចូលរួមពិធីនៅជើងឯកដែរ។ អ្នកគ្រូពោលទាំងក្តុកក្តួលថា ទោះបីជាប្រទេសមានសន្តិភាព និងការរីកចម្រើនខ្លាំង ក៏ពិតមែន “យើងនៅតែបន្តរំលឹកថ្ងៃដ៏ឈឺចាប់នេះ ដើម្បីចងចាំការសម្លាប់រង្គាលជាតិសាសន៍ឯងពីសម័យខ្មែរក្រហម”។ អ្នកគ្រូពោលទៀតថា៖ “ខ្ញុំចង់ប្រាប់ក្មេងៗ និងសិស្សានុសិស្សជំនាន់ក្រោយថា ការយល់ដឹងពីប្រវត្តិសាស្ត្រ ជាពិសេសរបបខ្មែរក្រហម គឺជារឿងសំខាន់ណាស់។ យើងត្រូវចងចាំរឿងរ៉ាវដ៏ឈឺចាប់ទាំងនោះ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រកើតឡើងសាជាថ្មី។ សូមឱ្យក្មេងៗជំនាន់ក្រោយសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីទិវាជាតិនៃការចងចាំនេះ និងចូលរួមថែរក្សាសន្តិភាព ដែលជាសមិទ្ធផលដ៏ថ្លៃថ្លា។”