ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ដោយ អាង គន្ធា និង ឡុង ផាណិត
ភ្នំពេញ — កម្ពុជាត្រៀមខ្លួននឹងនាំយកបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice/ICJ) ខណៈដែលជម្លោះព្រំដែននៅបន្តឡើងកម្តៅ ក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលធ្វើឱ្យទាហាកម្ពុជាមួយរូបស្លាប់កាលពីចុងខែឧសភាកន្លងទៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅថ្ងៃចន្ទ ទី២ ខែមិថុនា នេះថា ភាគីកម្ពុជានឹងដាក់ចំណុចនេះ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (Joint Border Commission) កម្ពុជា-ថៃ ដែលគ្រោងនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងសម័យប្រជុំសមាជ នៃព្រឹទ្ធសភានិងរដ្ឋសភាជាតិ នៅថ្ងៃចន្ទនេះ ដោយគូសបញ្ជាក់ថា ទន្ទឹមនឹងការចរចាទ្វេភាគី និងតាមផ្លូវច្បាប់ កម្ពុជាក៏ត្រៀមខ្លួនជាស្រេចក្នុងការប្រើកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធពីខាងថៃ។
សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានេះ និងពន្លត់បញ្ហានេះតែម្តង” ដើម្បីកុំឱ្យនៅបន្តជាបញ្ហា “ដែលអាចឈានទៅដល់ការប្រឈមមុខគ្នាដោយប្រដាប់អាវុធសាជាថ្មី”។
សម្តេចបានថ្លែងទៀតថា បញ្ហាព្រំដែនដែលភាគីកម្ពុជានឹងលើកយកទៅជជែកក្នុងកិច្ចប្រជុំរបស់គណៈកម្មការព្រំដែនចម្រុះនាពេលខាងមុខ ក៏ដូចជានៅតុលាការយុត្តិធម៌អន្តរជាតិ គឺមានពាក់ព័ន្ធប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី។
កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ ក្រសួងការពារជាតិបានឱ្យដឹងថា ទាហានកម្ពុជាម្នាក់បានស្លាប់នៅពេលដែលទាហានថៃបានធ្វើការបាញ់មុនមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅត្រង់ចំណុចព្រំដែនកម្ពុជា-ថៃដែលហៅថាតំបន់មុំបី ក្នុងខេត្តព្រះវិហារ ។ ទាហានដែលបាត់បង់ជីវិតនោះ មានឈ្មោះ សួន រ៉ោន អាយុ ៤៧ឆ្នាំ និងឋានន្តរស័ក្តិព្រឹន្ទបាលឯក។
បន្ទាប់ពីមានការប៉ះទង្គិច កម្ពុជាបានចល័តទ័ព និងអាវុធធុនធ្ងន់មួយចំនួនទៅកាន់ព្រំដែនជាមួយប្រទេសថៃ ទន្ទឹមគ្នានឹងអំពាវនាវឱ្យបើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ ជាបន្ទាន់រវាងប្រទេសទាំងពីរ។
សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ដល់ពេលទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្តងដើម្បីពន្លត់បញ្ហានេះ ជាជាងអង្គុយបក់ផ្សែង។ កម្ពុជាសង្ឃឹមថាភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិ នៅក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ហានេះ កុំឱ្យអាចក្លាយទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាប្រដាប់អាវុធសាជាថ្មី”។
សម្តេចថ្លែងបន្ថែមទៀតថា៖ “ខ្ញុំក៏សូមបញ្ជាក់ជូនអង្គសន្និបាត ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរថា ទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស នឹងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏កម្ពុជានៅតែរក្សាសិទ្ធនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ កម្ពុជាមិនមានបំណងនៅក្នុងការឈ្លានពានទន្ទ្រានចូលប្រទេស ជិតខាង មិនមានការចង់បានទឹកដីប្រទេសណាសូម្បីតែមួយលីម៉ែត្រ ប៉ុន្តែកម្ពុជាប្តេជ្ញាចិត្តនៅក្នុងការការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង”។
សម្តេចក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋខ្មែរ បើទោះជាប្រកាន់និន្នាការណាក៏ដោយ ឱ្យសូមផ្អាកការកេងយកចំណេញនយោបាយផ្ទៃក្នុង ហើយងាកមក “មូលមតិគ្នា មូលចិត្ត មូលគំនិតរួមគ្នា” ក្នុងការគាំទ្រដល់កងទ័ពកម្ពុជានៅក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា៕