កម្ពុជារក្សា​ជំហរយកវិវាទព្រំដែនឡើងតុលាការពិភពលោក ខណៈ​ថៃទទូច​ឱ្យ​ដោះស្រាយតាមទ្វេភាគី

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet, Prime Minister of Cambodia

ដោយ អាង គន្ធា និង​ ឡុង​ ផាណិត និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ — កម្ពុជានៅតែរក្សា​ជំហរ​យកវិវាទលើ​តំបន់​រសើបចំនួន​បួន​នៅ​តាម​ព្រំដែនជាមួយប្រទេសថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice/ICJ) ខណៈដែលទីក្រុងបាងកកទទូចឱ្យដោះស្រាយជម្លោះក្នុង​ក្របខណ្ឌ​ទ្វេភាគី។

តំបន់ទាំងនោះ គឺតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​ សម្រេចថា​នឹង​មិន​ដាក់​ចូល​ក្នុង​របៀប​វារៈនៃកិច្ច​ប្រជុំ​នៃគណៈកម្មការ​ចម្រុះខណ្ឌសីមា និង​បោះ​បង្គោលព្រំដែនគោក (JBC) ដែល​គ្រោងនឹង​ធ្វើ​ឡើង​ជាមួយ​ភាគីថៃ នៅ​ថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះទេ​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ចុះថ្ងៃទី៤ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជាបាន​​​បញ្ជាក់ឡើងវិញ​អំពី​ជំហរ​នេះ ដោយ​សារ​​ថា “​តំបន់​ទាំង​បួន​នេះ​នៅតែមិន​ទាន់​ដាច់ស្រេច និង​មាន​ភាព​រសើប​ជាយូរយារណាស់មកហើយ ដែល​អាច​បង្ក​នូវ​ភាព​តាន​តឹង​កាន់​តែធ្ងន់ធ្ងរ ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយនោះទេ”។  

សេចក្តីថ្លែងការណ៍​បន្តទៀតថា ការ​សម្រេចចិត្ត​របស់​រាជរដ្ឋា​ភិបាល – ដែល​មាន​ការ​គាំទ្រ​ជា​ឯកច្ឋន្ទ​ពី​សមាជ​រដ្ឋ​សភា និង​ព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិថុនា​ – ក្នុង​ការ​​បញ្ជូន​វិវាទ​នៅ​តំបន់​ទាំង​បួន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេស​ហុលឡង់ គឺ “ដើម្បី​ផល​ប្រយោជន៍​នៃ​ការ​ធានា​បាន​នូវ​ដំណោះស្រាយមួយ​ដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង”។

ជម្លោះព្រំដែនរវាង​ប្រទេស​ទាំង​ពីរ​បាន​បន្តឡើងកម្តៅ ក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលធ្វើឱ្យទាហានកម្ពុជាមួយរូបស្លាប់ នៅត្រង់ចំណុចព្រំដែនកម្ពុជា-ថៃដែលហៅថាតំបន់មុំបី ក្នុង​ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា​កន្លងទៅ​។ ក្រសួង​ការ​ពារ​ជាតិកម្ពុជា​បាន​ចោទ​ថា​ទាហាន​ថៃបានធ្វើការបាញ់មុនមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់​កង​ទ័ព​កម្ពុជា​ជាយូរមកហើយ​។

​សេចក្តីថ្លែងការណ៍​ខាងលើបានឱ្យ​ដឹង​ដែរ​ថា​ ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ធ្វើ​ការ​តវ៉ាជា​ផ្លូវការ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​កម្លាំងដោយគ្មានមូលហេតុនេះ ដែល​ជា​ការរំលោភយ៉ាង​ធ្ងន់ធ្ងរមកលើអធិបតេយ្យ​ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ រវាង​ប្រទេសទាំងពីរ។​

នៅទីក្រុង​បាងកក រដ្ឋា​ភិបាល​ថៃបាននិយាយថា គេ​បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាទ្វេភាគី តាមរយៈយន្តការ JBC ដែលត្រូវបានបង្កើតឡើងក្រោមអនុស្សរណៈឆ្នាំ២០០០។ “រដ្ឋាភិបាល​ថៃសូម​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង ​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី​តាម​រយៈ​ការ​សន្ទនា”។ នេះបើយោងតាមសេចក្តី​ថ្លែងការណ៍​របស់​រដ្ឋា​ភិបាល​ថៃ​ ដែល​ចុះផ្សាយលើវ៉ិបសាយ​របស់​​សារព័ត៌មាន​ The Nation

រាជរដ្ឋា​ភិបាល​កម្ពុជា នៅក្នុង​សេចក្តីថ្លែងការណ៍ខាងលើ បានបញ្ជាក់​ថា​នឹងនៅតែ​បន្តកិច្ច​ដំណើរការយកវិវាទលើតំបន់ទាំងបួន​នៅតាម​ព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយឯករាជ្យ​ម្ចាស់ការ ទោះបី​ជាគ្មាន​​កិច្ច​សហការណាមួយ​ពីខាងភាគីថៃ ក៏ដោយ។

រាជរដ្ឋាភិបាលក៏​​បានអំពាវនាវសា​ជាថ្មី​​ផងដែរ ដល់​ពលរដ្ឋខ្មែរ ឱ្យ​បន្ត​តាមដាន​ការ​ស្វែង​រកដំណោះស្រាយដោយ​ស្ងប់ស្ងាត់ អត់ធ្មត់ កុំធ្វើឱ្យ​បញ្ហានេះក្លាយជា​បញ្ហា​នៃអារម្មណ៍​ជាតិសាសន៍ ឬ​ជាតិនិយមជ្រុល ដើម្បី​ផល​​ប្រយោជន៍​ទៅវិញ​ទៅមក​រវាង​ប្រជាជន​ទាំង​ពីរ ជាពិសេសក្នុង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កិច្ច​សហ​ប្រតិបត្តិការទូលំទូលាយលើវិស័យផ្សេងៗទៀត។ 

Leave a Comment

Your email address will not be published. Required fields are marked *