ដោយ ថាត ម៉ូលីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – អង្គការសុខភាពពិភពលោក (World Health Organization) បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានហាមជាផ្លូវការចំពោះការវិនិយោគគ្រប់ប្រភេទពាក់ព័ន្ធបារីអេឡិចត្រូនិក (e-cigarettes) ដើម្បីការពារសុខភាពរបស់ប្រជាជន។
ចំណាត់ការនេះ គឺជា “ជំហានក្លាហានឆ្ពោះទៅរកអនាគតមួយដែលគ្មានថ្នាំជក់ និងជាតិនីកូទីន” សម្រាប់កម្ពុជា។ អង្គការសុខភាពពិភពលោកបានសរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ព្រមទាំង “អបអរសាទរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា នៅក្នុងចំណាត់ការដ៏ក្លាហាន និងប្រកបដោយចក្ខុវិស័យនេះ ដើម្បីផ្តល់អាទិភាពដល់សុខភាពសាធារណៈ”។
ប្រតិកម្មរបស់អង្គការសុខភាពពិភពលោក ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុក្រឹត្យមួយ កាលពីថ្ងៃទី៦ ខែមិថុនា ដែលដាក់ “កម្មន្តសាល និង/ឬ ការផ្គុំ ឬ ដំឡើងបារីអេឡិចត្រូនិក និងឧបករណ៍ជក់អេឡិចត្រូនិកប្រហាក់ប្រហែលគ្រប់ប្រភេទ” ទៅក្នុង បញ្ជីអវិជ្ជមាន នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគនៅកម្ពុជា។
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” កាលពីដើមខែឧសភាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញក៏ដោយ។
អង្គការសុខភាពពិភពលោក ចាត់ទុកការសម្រេចចិត្តនេះរបស់រាជរដ្ឋាភិបាល ថាជា “វឌ្ឍនភាពជាប្រវត្តិសាស្ត្រ”។
គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់បារីអេឡិចត្រូនិចនេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជាការញៀន មហារីកសួត ជំងឺរលាកសួត ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ប៉ះពាល់ដល់ការវិវត្តនៃខួរក្បាលនិង រហូតដល់ស្លាប់ ។
នៅក្នុងអត្ថបទមួយចុះផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ការកើនឡើងនៃការប្រើប្រាស់បារីអេឡិចត្រូនិច ជាពិសេសក្នុងចំណោមយុវវ័យ ជាបញ្ហាប្រឈមថ្មីមួយ ដោយ ៨២ភាគរយនៃអ្នកប្រើប្រាស់ vape គឺជាសិស្សដែលមានអាយុពី ១៥ ទៅ ៣៥ឆ្នាំ និងជាង ៨០ភាគរយ ទិញផលិតផលតាមអ៊ីនធឺណិត។
ជាមួយគ្នានោះ បុរស ៣៥,៥ភាគរយ និងស្រ្តី ២,៤ភាគរយ ក្នុងចន្លោះអាយុពី១៨-៦៩ឆ្នាំ ជាអ្នកដែលប្រើប្រាស់ថ្នាំជក់ ហើយផលប៉ះពាល់លើសេដ្ឋកិច្ចប្រចាំឆ្នាំ ដោយសារថ្នាំជក់មានតម្លៃទឹកបប្រាក់ប្រមាណ ២,៧ ពាន់លានរៀល ត្រូវនឹង ៦៦៣ លានដុល្លារអាមេរិក។ ពលរដ្ឋកម្ពុជាប្រហែល ១៥ ០០០នាក់ ស្លាប់ដោយសារថ្នាំជក់ជារៀងរាល់ឆ្នាំ ឬត្រូវនឹង ២៩០នាក់ រៀងរាល់សប្តាហ៍ ហើយសហគមន៍ក្រីក្រជាអ្នករងបន្ទុកនៃផលប៉ះពាល់ខ្លាំងជាងគេ។