ដោយ៖ ជា សុខហេង និង យី សុទ្ធារ័ត្ន និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាសំណើបិទការផ្តល់រង្វាន់ក្នុងកំប៉ុងស្រាបៀរ និងភេសជ្ជៈផ្សេងៗ នៅក្នុងវិធានការថ្មីមួយទៀតសំដៅកាត់បន្ថយផលប៉ះពាល់របស់គ្រឿងស្រវឹងនៅក្នុងសង្គម។
បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងអំពីគំនិតរៀបចំឱ្យមានវិធានការនេះនៅក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
យោងតាមលិខិតនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពលើគោលការណ៍ កំណត់រយៈពេល ៦ខែ ទៅ ១ឆ្នាំ សម្រាប់ម្ចាស់ក្រុមហ៊ុនត្រៀមខ្លួនជាមុន។ បន្ទាប់មក រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ “ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប” ណាមួយ។
វិធានការនេះ កាលណាក្លាយជាការអនុវត្តជាក់ស្តែងជា ជំហានថ្មីមួយទៀតបន្ទាប់ពីការរុះទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមទីសាធារណៈដែលអាជ្ញាធរកម្ពុជាបានធ្វើកាលពីឆ្នាំកន្លងទៅ។
គួររំឭកដែរថា កម្ពុជានៅតែមានជនរងគ្រោះដោយសារគ្រឿងស្រវឹងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យប្រជាជននៅតែមានការព្រួយបារម្ភព្រោះ ការផ្សព្វផ្សាយដែលលើកទឹកចិត្តមនុស្សឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនក្នុងគោលបំណងស្វែងរករង្វាន់។ កាលពីខែកញ្ញាឆ្នាំកន្លងទៅ តុលាការរាជធានីភ្នំពេញបានកាត់ទោសឱ្យបុរសម្នាក់ឈ្មោះ នាង សំអូន ជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទបើកបរក្នុងស្ថានភាពស្រវឹង រហូតទៅបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ៤នាក់ និងធ្វើឱ្យមនុស្សមួយចំនួនទៀតរងរបួស។
លោក យង់ គឹមអេង ប្រធានមជ្ឍមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថាបម្រាមនេះនឹងជាចំណែកមួយនៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដល់សង្គមដែលបង្កដោយគ្រឿងស្រវឹង ប៉ុន្តែមិនមែនបានន័យថាវានឹងកាត់បន្ថយការផឹក និងគ្រោះថ្នាក់នោះទេ។
លោកមានប្រសាសន៍ថា៖ “គួរតែរឹងបន្តឹងបន្ថែមទៅលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលយុវវ័យមើលឃើញច្រើន ហើយយកល្អគួរផ្សាយតែម៉ាកបានហើយ កុំឱ្យមានការប្រើប្រាស់ពាក្យស្លោកដែលលើសពីការពិត។”
លោក សាន ជ័យ នាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាល The Affiliated Network for Social Accountability-Cambodia ក៏មានយោបល់ស្រដៀងគ្នានឹងលោក យង់ គឹមអេង ដែរ។
លោកមានប្រសាសន៍ថា ក្រៅពីការបិទបញ្ចប់ការផ្តល់រង្វាន់ក្នុងក្រវិលកំប៉ុង ឫគម្របដប “រាជរដ្ឋាភិបាលកម្ពុជាគួរណាតែតម្លើងថ្លៃស្រាបៀរដែលកើតចេញពីការតម្លើងពន្ធដើម្បីកាត់បន្ថយចំនួនអ្នកប្រើប្រាស់។”