កម្ពុជាដាក់សំណើផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet, Prime Minister of Cambodia

ដោយ ហ៊ាង​ សុគន្ធមល្លិកា និង អ៊ឹង​ ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ កម្ពុជា នៅថ្ងៃចន្ទនេះ ដាក់លិខិតផ្លូវការមួយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសុំឱ្យជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហាព្រំដែនចំនួនបួនតំបន់​ ដែលមានវិវាទជាមួយប្រទេសថៃ រហូត​មានការផ្ទុះអាវុធកាលពីចុងខែកន្លងទៅ។

តំបន់ទាំងបួននោះ គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ​នៅតាមបន្ទាត់​ព្រំ​ដែនក្នុងទឹកដីកម្ពុជា ដែល​កំពុងមានភាពប្រទាញប្រទង់ជាមួយ​ប្រទេសថៃ។ ​

សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មាន​ប្រសាសន៍ថា កម្ពុជាលើកយកបញ្ហានេះ​ទៅដោះស្រាយ​នៅតុលាការយុត្តិធម៌អន្តរជាតិ ដោយ “កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យ​កូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា”។

ទំនាក់ទំនង​រវាងប្រទេសទាំងពីរមាន​ភាពតានតឹង​​ក្នុង​ពេលជាងពីរសប្តាហ៍កន្លងមកនេះ ក្រោយ​ពីទាហា​កម្ពុជា​ម្នាក់​បាន​ស្លាប់​ នៅពេលកងទ័ពថៃ​ធ្វើ​ការ​បាញ់មកលើចំណុចឈរជើងរបស់កងទ័ពកម្ពុជា នៅតំបន់មុំបី នៅថ្ងៃទី២៨ ខែឧសភា។​

សម្តេច ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃអាទិត្យ​ម្សិលមិញ​​ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ នឹងប្រគល់លិខិតដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នៅថ្ងៃទី១៦ ខែមិថុនា នេះ។

គួរបញ្ជាក់ដែរថា ក្រោយ​ពីខកខានអស់ពេលជាច្រើនឆ្នាំ គណ:កម្មការចម្រុះព្រំដែនរវាងកម្ពុជានិងថៃ បានបញ្ចប់កិច្ច​ប្រជុំ​រយ:ពេលពីរថ្ងៃម្សិលមិញ គឺ​ថ្ងៃទី១៥ ខែមិថុនា។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពីថ្ងៃអាទិត្យ រដ្ឋលេ​ខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែនកម្ពុជា បាន​បញ្ជាក់​ថា តំបន់ទាំងបួនដែលកំពុងមានជម្លោះលែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃទៀតហើយ។ សេចក្តីប្រកាស​បាន​បន្ថែម​ទៀត​ថា ភាគីកម្ពុជាបានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគី ហើយ​យក​មក​ប្រើ​ប្រាស់​ជា​សំអាង​ ដែល​ជា​ប្រភព​ចម្បងនាំមកនូវជម្លោះ​ព្រំដែនរ៉ាំរ៉ៃ​ នាពេលកន្លងមក ក៏ដូច​ជា​ពេលបច្ចុប្បន្ន​ និងទៅអនាគត។

ទន្ទឹមគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ក៏បាន​ណែនាំ​ឱ្យ​ក្រសួង និង​ស្ថាប័នពាក់ព័ន្ធ ផ្តល់​ការ​សម្រប​សម្រួល​គ្រប់​បែបយ៉ាង​ដល់​ពលករ​ខ្មែរដែលកំពុង​ធ្វើ​ការ​​នៅក្នុង​ប្រទេស​ថៃ ក្នុង​ករណីដែលគេ​ចង់​វិលត្រឡប់មក​ធ្វើ​ការនៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ដែល​កំពុង​តែខ្វះកម្លាំងពលកម្ម​ស្រាប់។​

Leave a Comment

Your email address will not be published. Required fields are marked *