កម្ពុជាអនុវត្តប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិកដើម្បីលើកកម្ពស់​តម្លាភាពហិរញ្ញវត្ថុ

រូបភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា”

ប្រភពរូបភាព៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល 

ដោយ ណាថាណា ចូហាណា និង ភា សៀកហ៊ាង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​តម្រូវ​ឱ្យ​ប្រើ​​ប្រព័ន្ធ​វិក្កយបត្រអេឡិចត្រូនិក ជំនួស​ឱ្យ​ការ​ប្រើ​វិក្កយបត្រ​ក្រដាស​នៅក្នុងការ​ទូទាត់ចំណាយ​ក្នុ​ងលទ្ធកម្ម​សាធារណៈ​​រវាង​ស្ថាប័ន​​រដ្ឋ និង​អង្គភាពឯកជនដែល​ជា​អ្នក​លក់ ឬ​អ្នក​ផ្តល់​សេវា ដែល​វិធានការថ្មីនេះ​ជា​ផ្នែកមួយ​នៃ​ការ​កែទម្រង់​ការ​គ្រប់​គ្រងហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា។ 

នៅក្នុងសារាចរចេញថ្ងៃទី ១៤ ខែ កក្តដា លោក អូន ព័ន្ធមុនីរ័ត្ន​  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់​ថាការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនេះ គឺដើម្បីលើកកម្ពស់​តម្លាភាព និង​គណនេយ្យ​ភាព​ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ការ​ប្រើ​ប្រាស់វិក្កយបត្រអេឡិចត្រូនិកគឺជាកាតព្វកិច្ច ហើយ​នឹង​ត្រូវ​បាន​អនុវត្ត​ជា​ជំហានៗ ចាប់​ផ្តើម​ពី​ប្រតិបត្តិការ​វិក្កយបត្រ​រវាង​ក្រុមហ៊ុន ឬអ្នក​ផ្គត់ផ្គង់​ជាមួយអង្គភាពថវិកាថ្នាក់​កណ្តាលក្រោមក្រសួង-ស្ថាប័នរបស់រដ្ឋ។​ 

នៅក្នុងដំណាក់កាលនេះ សារាចរមានវិសាលភាពអនុវត្តចំពោះក្រសួងចំនួន ប្រាំមួយ គឺមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និង ក្រសួងមុខងារសាធារណៈ។

ក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលធ្វើ​អាជីវកម្ម​ជាមួយក្រសួងទាំងប្រាំមួយនេះ ត្រូវចុះឈ្មោះជាសមាជិកក្នុងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកជាមុនសិន ដើម្បីអាចចេញវិក្កយបត្រអេឡិចត្រូនិកសម្រាប់​ការទូទាត់ប្រាក់។

លោក អូន ព័ន្ធមុនីរ័ត្ន​  ​បញ្ជាក់ថា៖ “ប្រព័ន្ធនេះ​មាន​មុខងារក្នុង​ការ​ផ្តល់​អត្តសញ្ញាណ​ និង​បញ្ជាក់ការ​​ទទួល​ស្គាល់​វិក្កយបត្រ​អេឡិចត្រូនិក​ជា​ផ្លូវការ​ ដោយ​មិន​តម្រូវ​ឱ្យ​មាន​ការ​បោះពុម្ពវិក្កយបត្រ​ជា​ក្រដាស​ទៀតទេ”។

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែមទៀត​ថា ក្រៅពីការ​កម្ពស់​តម្លាភាព និង​គណនេយ្យ​ភាព ការអនុវត្ត​ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិកនេះ គឺដើម្បីចូលរួម​ពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ, ចូលរួម​សម្រេចគោលដៅនៃការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ចូលរួមកិច្ច​សហ​ប្រតិបត្តិការ និង​សមាហរណកម្ម​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន។

Leave a Comment

Your email address will not be published. Required fields are marked *