កម្ពុជានឹងនាំយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia

ដោយ អាង គន្ធា និង​ ឡុង​ ផាណិត​

ភ្នំពេញ — កម្ពុជាត្រៀមខ្លួននឹងនាំយកបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice/ICJ) ខណៈដែលជម្លោះព្រំដែននៅបន្តឡើងកម្តៅ ក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលធ្វើឱ្យទាហាកម្ពុជាមួយរូបស្លាប់កាលពីចុងខែឧសភា​កន្លងទៅ​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ ទី២ ខែមិថុនា​ នេះថា ភាគី​កម្ពុជា​នឹងដាក់​ចំណុចនេះ នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំគណៈកម្មការព្រំដែនចម្រុះ  (Joint Border Commission) កម្ពុជា-ថៃ ដែល​គ្រោង​នឹង​ធ្វើ​ឡើងនៅពេល​ឆាប់​ៗខាង​មុខ​នេះ។

សម្តេច​មាន​ប្រសាសន៍ដូច្នេះ​ នៅ​ក្នុង​សម័យប្រជុំសមាជ នៃព្រឹទ្ធសភានិងរដ្ឋសភាជាតិ នៅ​ថ្ងៃចន្ទនេះ ដោយ​គូស​បញ្ជាក់​ថា ទន្ទឹម​នឹង​ការ​ចរចា​ទ្វេ​ភាគី និង​តាម​ផ្លូវ​ច្បាប់ កម្ពុជា​ក៏​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​​ការ​ពារ​បូរណភាព​ទឹក​ដី បើសិន​ជា​មានការ​ប៉ុនប៉ង​រំលោភដែនអធិបតេយ្យ​របស់​កម្ពុជា​ដោយ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​​ពី​ខាង​ថៃ។​

សម្តេច​ ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានេះ និងពន្លត់បញ្ហានេះតែម្តង” ដើម្បីកុំឱ្យនៅ​បន្តជា​បញ្ហា “ដែល​អាច​ឈាន​ទៅដល់​ការ​ប្រឈមមុខ​គ្នា​ដោយ​ប្រដាប់​អាវុធ​សាជាថ្មី”។

សម្តេច​បាន​ថ្លែង​ទៀត​ថា បញ្ហាព្រំដែន​​ដែល​ភាគី​កម្ពុជានឹងលើក​​យកទៅជជែកក្នុង​កិច្ច​ប្រជុំ​របស់គណៈកម្មការព្រំដែនចម្រុះនាពេល​ខាង​មុខ​ ក៏ដូច​ជា​នៅ​​តុលាការយុត្តិធម៌អន្តរជាតិ គឺ​មាន​ពាក់​ព័ន្ធ​ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី។ 

កាល​ពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ ក្រសួង​ការ​ពារ​ជាតិ​​បាន​ឱ្យ​ដឹង​ថា​ ទាហាន​កម្ពុជា​ម្នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ទាហាន​ថៃបានធ្វើការបាញ់មុនមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់​កង​ទ័ព​កម្ពុជា​ ​នៅត្រង់ចំណុចព្រំដែនកម្ពុជា-ថៃដែលហៅថាតំបន់មុំបី ក្នុង​ខេត្ត​ព្រះវិហារ ។ ទាហានដែលបាត់បង់ជីវិតនោះ មានឈ្មោះ សួន រ៉ោន អាយុ ៤៧ឆ្នាំ និងឋានន្តរស័ក្តិព្រឹន្ទបាលឯក។

បន្ទាប់​ពីមានការប៉ះទង្គិច កម្ពុជា​បាន​ចល័តទ័ព និង​អាវុធធុនធ្ងន់​មួយ​ចំនួន​ទៅកាន់ព្រំដែនជាមួយ​ប្រទេស​ថៃ ទន្ទឹម​គ្នា​នឹង​អំពាវ​នាវឱ្យ​បើក​​កិច្ច​ប្រជុំគណៈកម្មការព្រំដែនចម្រុះ ជា​បន្ទាន់រវាង​ប្រទេស​ទាំង​ពីរ។  

សម្តេច​ ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ដល់ពេលទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្តងដើម្បីពន្លត់បញ្ហានេះ ជាជាងអង្គុយបក់ផ្សែង។ កម្ពុជាសង្ឃឹមថាភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិ នៅក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ហានេះ កុំឱ្យអាចក្លាយទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាប្រដាប់អាវុធសាជាថ្មី”។

សម្តេចថ្លែងបន្ថែមទៀត​ថា៖ “ខ្ញុំក៏សូមបញ្ជាក់ជូនអង្គសន្និបាត ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរថា ទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស នឹងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏កម្ពុជានៅតែ​រក្សាសិទ្ធនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ កម្ពុជាមិនមានបំណងនៅក្នុងការឈ្លានពានទន្ទ្រានចូលប្រទេស ជិតខាង មិនមានការចង់បានទឹកដីប្រទេសណាសូម្បីតែមួយលីម៉ែត្រ ប៉ុន្តែកម្ពុជាប្តេជ្ញាចិត្តនៅក្នុងការការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង”។

សម្តេចក៏​បានអំពាវនាវផង​ដែរដល់ប្រជាពលរដ្ឋខ្មែរ បើទោះជាប្រកាន់​និន្នាការណាក៏ដោយ ឱ្យ​សូម​ផ្អាកការកេងយកចំណេញនយោបាយផ្ទៃក្នុង ហើយ​ងាក​មក​ “មូលមតិគ្នា មូលចិត្ត មូលគំនិតរួមគ្នា” ក្នុង​ការគាំទ្រ​ដល់​កងទ័ព​កម្ពុជា​នៅ​ក្នុង​បុព្វហេតុ​ការ​ពារជាតិ និង​បូរណភាពទឹកដីរបស់កម្ពុជា៕

Leave a Comment

Your email address will not be published. Required fields are marked *