ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
ដោយ ហ៊ាង សុគន្ធមុល្លិកា និង អ៊ឹង ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ — រាជរដ្ឋាភិបាលកម្ពុជាត្រូវខ្ទប់លែងឱ្យទំនិញថៃចូលមកលក់នៅក្នុងទីផ្សារក្នុងប្រទេស ហើយប្រជាជនត្រូវនាំគ្នាប្រើប្រាស់ទំនិញមកពីប្រភពផ្សេងជំនួសវិញ ប្រសិនបើប្រទេសថៃនៅតែមិនព្រមបើកនូវច្រកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគី។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងការឆ្លើយតបថ្មីពាក់ព័ន្ធជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលបានធ្វើឱ្យទាហានកម្ពុជាម្នាក់ស្លាប់កាលពីចុងខែឧសភាកន្លងទៅ។
នៅប៉ុន្មានម៉ោងក្រោយការបង្ហោះសាររបស់សម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលបានបិទច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ឈ្មោះ “ដូង” ក្នុងដែនដីខេត្តបាត់ដំបង “ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ” – នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន។
ការបិទច្រកព្រំដែន “ដូង” ធ្វើឡើងជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបិទច្រកព្រំដែនមួយចំនួន ដែលភាគីថៃបានធ្វើដោយឯកតោភាគីនៅប៉ុន្មានថ្ងៃមុខ។ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាបិទច្រកព្រំដែនមួយនេះ កើតឡើងព្រមគ្នាជាមួយចំណាត់ការពីរទៀត គឺការកាត់ផ្តាច់ឈប់នាំចូលចរន្តអគ្គិសនី និងចរន្តអ៊ីនធឺណិត តាមបណ្តាញពីប្រទេសថៃ ក្រោយពីថៃបានគម្រាមថានឹងកាត់ផ្តាច់សេវាទាំងនេះ។
នៅក្នុងសារដែលសរសេរក្នុងនាមលោកជាប្រធានបក្សកាន់អំណាច សម្តេច ហ៊ុន សែន ស្នើឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិចារណាប្រកាសលែងឱ្យនាំទំនិញថៃចូល “មានន័យថា ឈប់ទិញឬប្រើទំនិញថៃ” ក្នុងករណីដែលភាគីថៃមិនព្រមបើកច្រកព្រំដែនឡើងិវញ។
ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សម្តេចតេជោមានប្រសាសន៍ថា ពួកគេ “អាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន”។
សម្តេចបន្ថែមទៀតថា រាជរដ្ឋាភិបាលត្រូវ “ត្រៀមទទួលយកពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកវិញ ដើម្បីបម្រើនិងផ្តល់ឱកាសការងារក្នុងវិស័យមួយចំនួនរួមមានវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងសំណង់ដោយសារកម្ពុជាកំពុងខ្វះកម្លាំងពលកម្ម”។ ទន្ទឹមគ្នានេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារខ្លួនក្នុងករណីមានការឈ្លានពានមកលើបូរណភាពដែនដីរបស់កម្ពុជា។
យ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន បានអំពាវដល់ពលរដ្ឋកម្ពុជាកុំធ្វើអំពើជ្រុលនិយម និងកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើន ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ”។
សភាពការណ៍ចុងក្រោយបានវិវត្តយ៉ាងលឿន នៅមួយថ្ងៃមុនកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានគ្រោងថានឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃស្អែក ទី១៤ ខែមិថុនា។