ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ដោយ សួស ទេពី និង អៃ សត្យា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ — សម្តេចនាយកបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបង្កើនការគាំទ្រផលិតផលក្នុងស្រុក ហើយឱ្យផលិតករខិតខំបង្កើនពិពិធកម្ម និងគុណភាពនៅក្នុងការផលិត ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលទំនិញពីក្រៅប្រទេស។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសទិវាមច្ឆជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ ដោយគូសបញ្ជាក់អំពីភាពចាំបាច់បង្កើនសមត្ថភាព និងភាពម្ចាស់ការផ្នែកសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ “ស្មារតីស្នេហាជាតិ ស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរគាំទ្រផលិតផលខ្មែរ” ជានិរន្តរ៍។
សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បើប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនមិនទិញ ទីផ្សារក៏វាមិនរីក។ បើសិនជាប្រជាជនយើងទិញ លុយហ្នឹងក្រុមហ៊ុនយកទៅបង្កើតផលិតកម្ម បង្កើនគុណភាពកាន់តែខ្លាំង។ អ៊ីចឹងស្មារតីជាតិនិយមនៅពេលនេះ សូមឱ្យវានៅឋិតថេរ ដើម្បីឱ្យខ្មែរជួយផលិតផលខ្មែរជារៀងរហូតតទៅមុខ”។
សម្តេចបានបន្ថែមថា ក្រសួងពាក់ព័ន្ធត្រូវខិតខំរកវិធីតភ្ជាប់អ្នកបោះដុំលក់រាយជាមួយប្រព័ន្ធទីផ្សារ ហើយអ្នកនាំទំនិញបោះដុំមកពីក្រៅប្រទេសគួរបង្វែរមកបោះដុំនៅក្នុងស្រុកវិញ។ រីឯអ្នកផលិតក៏ត្រូវគិតគូរអំពីគុណភាពនៃការផលិត និងតម្លៃកុំឱ្យថ្លៃហួសហេតុពេក មិនថាសម្រាប់ស្បៀងអាហារ ចំណីអាហារ បែបកសិកម្ម ឬសិប្បកម្មឡើយ។ ទាំងអស់នេះគឺដើម្បីធានាសមត្ថភាពធ្វើម្ចាស់ការដោះស្រាយតម្រូវការប្រជាជនខ្លួនឯង ក៏ដូចជាឈានទៅ “កាត់បន្ថយការនាំចូល ដើម្បីជួយគាំទ្រផលិតផលក្នុងស្រុក ជួយបង្កើតការងារ និងធានានូវចំណូលដល់ប្រជាពលរដ្ឋនៅក្នុងស្រុក និងវិស័យឯកជនក្នុងស្រុករបស់យើង”។
សម្តេចបានបញ្ជាក់ថែមទៀតថា៖ “និយាយបែបនេះមិនមែនបានន័យថាកម្ពុជានឹងបិទប្រទេសឈប់ធ្វើពាណិជ្ជកម្មនោះទេ ប៉ុន្តែមានផលិតផលច្រើនណាស់ដែលយើងអាចតភ្ជាប់រវាងអ្នកផលិតក្នុងស្រុកជាមួយនឹងប្រជាជនអ្នកប្រើប្រាស់ក្នុងស្រុក ជាជាងយកពីរបស់នាំចូលមក។ នេះគឺជាការពិត”។
អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី មានឡើងស្របពេលដែលពាណិជ្ជកម្មឆ្លងព្រំដែនរវាងកម្ពុជា និង ថៃ ត្រូវបានផ្អាកទាំងស្រុងដោយសារភាពតានតឹងនៃជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃចន្ទ ទី៣០ មិថុនា កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើការប្រជុំមួយជាមួយមេដឹកនាំធុរកិច្ចក្នុងវិស័យឯកជន ដើម្បីធ្វើការវាយតម្លៃ និងប្រមូលអនុសាសន៍ ជុំវិញផលប៉ះពាល់ ក្នុងរយៈពេល ខ្លី មធ្យម និងវែង ពីស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ។
លោក Arnaud Darc ដែលជាសហប្រធានវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសរសេរជាភាសាអង់គ្លេសនៅលើទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជាកំពុងស្ថិតនៅលើចំណុចផ្លូវបំបែកមួយ ដែលតម្រូវឱ្យមានចំណាត់ការបន្ទាន់ និងជាយុទ្ធសាស្ត្រម៉ឺងម៉ាត់ សម្រាប់ឆ្លើយតបទៅនឹងផលប៉ះពាល់ពីការផ្អាកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការដាក់ពន្ធនាំចូលអាមេរិក ដែលនឹងមកដល់នៅពេលខាងមុខឆាប់ៗនេះ។
លោក Darc ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Thalias Co., Ltd. បានបន្ថែមទៀតថា អាទិភាពដែលកម្ពុជាត្រូវធ្វើនៅពេលនេះ គឺខិតខំធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងទីផ្សារ ដើម្បីកុំឱ្យពឹងផ្អែកតែទៅលើទីផ្សារណាមួយនៅក្រៅប្រទេស និង រឹតបន្តឹងអនុវត្តច្បាប់ទៅលើការធ្វើអាជីវកម្មមិនស្របច្បាប់ ដើម្បីពង្រឹងភាពប្រកួតប្រជែងស្មើភាព និងបង្កើនទំនុកចិត្តរបស់វិនិយោគិន។
លោកមានប្រសាសន៍ថា បញ្ហាប្រឈមទាំងពីរក្នុងពេលតែមួយនេះ បានរួមគ្នាបង្កើតបានជាសេណារីយោមានហានិភ័យខ្ពស់មួយសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានទំហំតូច ប៉ុន្តែបើកចំហ។ លោកបានបន្ថែមទៀតថា ទាំងអស់នេះមិនមែនជាបញ្ហានៅតាមវិស័យទេ ប៉ុន្តែ “ជាការធ្វើតេស្តទៅលើបែបផែននៃប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល គឺទៅលើភាពពឹងផ្អែក, ភាពធន់ និងភាពស្អិតរមួតផ្នែកយុទ្ធសាស្ត្រ របស់ប្រព័ន្ធសេដ្ឋកិច្ចនេះតែម្តង។”