ទិដ្ឋភាពនៃផ្លូវថ្មើរជើងចតុមុខ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
រូបភាពដោយ ភក្តិ សុភា
ដោយ ង៉ូវ ផីយី និង តិច សុខគីម និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
រាជធានីភ្នំពេញ – បន្ទាប់ពីព្រះអាទិត្យបានលិចផុតពីជើងមេឃ សំឡេងរបស់ម៉ាស៊ីនរថយន្ត និងស៊ីផ្លេដែលធ្លាប់តែឮសូរជាប្រចាំ ត្រូវបានជំនួសដោយសំឡេងជជែកកម្សាន្ត សំណើចក្អាកក្អាយ ក្លិនឈ្ងុយនៃអាហារដែលកំពុងចម្អិននៅលើចិញ្ចើមផ្លូវ អមដោយសូរតន្ត្រី និងសន្ធឹកជើងមនុស្សដើរនៅលើដងផ្លូវស្របតាមដងទន្លេសាប។
សូមស្វាគមន៍មកកាន់ផ្លូវថ្មើរជើងចតុមុខ — ជាគម្រោងលំហសាធារណៈមួយកំពុងពេញនិយមក្នុងរាជធានីភ្នំពេញ។
ផ្លូវថ្មើរជើងចតុមុខ ត្រូវបានដាក់ឱ្យដំណើរការជាគម្រោងសាកល្បងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលាតសន្ធឹងប្រវែងជិត ២គីឡូម៉ែត្រ តាមបណ្តោយមាត់ទន្លេ ចាប់ពីអគារប្រៃសណីយ៍ចាស់រហូតដល់ទីនៅមុខព្រះបរមរាជវាំង។ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ ផ្លូវនេះត្រូវបានបិទមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ ទុកសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ។ គម្រោងនេះជាផ្នែកនៃចក្ខុវិស័យទូលំទូលាយមួយ សំដៅបង្កើនលំហបៃតង និងលំហសាធារណៈដែលជាតម្រូវការជាចាំបាច់សម្រាប់សុខុមាលភាពនៅក្នុងទីក្រុងមួយ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស និងមានប្រជាជនរស់នៅជាង ២,៥ លាននាក់។
អ្នកស្រី ចេង លីឆៃ មកពីសង្កាត់ស្ទឹងមានជ័យ ដែលបានមកដើរកម្សាន្តនៅទីនេះជាលើកដំបូង បាននិយាយថា៖ “ទីនេះមានសភាពស្ងប់ស្ងាត់ និងមិនអ៊ូអរដូចចរាចរណ៍ធម្មតាទេ។ ខ្ញុំពិតជាពេញចិត្តនឹងទីកន្លែងនេះណាស់”។
មិត្តភក្តិរបស់គាត់ គឺអ្នកស្រី ស៊ាង វ៉ាន់ហួរ និយាយថា គាត់តែងតែមកទីនេះដើម្បីបំបាត់ភាពតានតឹងបន្ទាប់ពីការងារ និងការសិក្សាដ៏នឿយហត់ពេញមួយសប្តាហ៍។ “វាជួយឱ្យចិត្តខ្ញុំស្រឡះចិត្ត។ ខ្ញុំចូលចិត្តអង្គុយនៅទីនេះ មើលមនុស្សម្នាដើរទៅដើរមក និងសម្រាកលម្ហែកាយ”។
នៅពេលរាត្រីឈានចូលមកដល់ អ្នកលក់ដូរ តូបអាហារ និងតូបលក់វត្ថុអនុស្សាវរីយ៍ក៏ចាប់ផ្តើមមានសកម្មភាពមមាញឹក។ ក្លិនសាច់អាំងឈ្ងុយឈ្ងប់ និងបង្អែម បានសាយភាយក្នុងខ្យល់ លាយឡំជាមួយសូរតន្ត្រី និងការសម្តែងនានាជូនអ្នកថ្មើរជើងទស្សនាកម្សាន្ត។

អាជីវកររៀបចំម្ហូបសម្រាប់អតិថិជន ខណៈហ្វូងមនុស្សប្រមូលផ្តុំគ្នាតាមផ្លូវថ្មើរជើង។
រូបភាពដោយ ភក្តិ សុភា
ឱកាសល្អសម្រាប់អាជីវកម្មខ្នាតតូច
អ្នកស្រី ដាវ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចាប់តាំងពីការបើកដំណើរការមក ផ្លូវថ្មើរជើងនេះទទួលបានភ្ញៀវទេសចរជាមធ្យមពី ៨ម៉ឺន ទៅ ១០ម៉ឺននាក់ ដែលមានទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរបរទេស នៅរៀងរាល់ចុងសប្តាហ៍។
អវត្តមានរថយន្ត និងម៉ូតូ បានបង្កឱកាសមាសសម្រាប់អាជីវកម្មខ្នាតតូច ទោះបីជាផ្លូវនេះក្លាយជាផ្លូវសម្រាប់តែអ្នកថ្មើរជើងរយៈពេល ១០ ម៉ោងនៅពេលល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក៏ដោយ។
អ្នកស្រី ឆែម ស្រីពៅ អ្នកលក់គ្រឿងអលង្ការ និយាយថា៖ “ការលក់ដូរនៅទីនេះដាច់ជាង ជាពិសេសនៅពេលខ្ញុំបានកន្លែងល្អ ប៉ុន្តែក៏ប្រជែងគ្នាខ្លាំងដែរ ហើយពេលខ្លះគេរុញទៅឱ្យនៅកន្លែងដែលមិនសូវមានមនុស្សម្នាឃើញ”។
អ្នកស្រី អ៊ុច ចិន្តា អ្នកលក់នំបញ្ចុក និយាយថា ការបង្កើតផ្លូវថ្មើរជើងនេះ បានជួយឱ្យអ្នកលក់ដូរតូចតាចដូចគាត់អាចរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារ។ គាត់មានប្រសាសន៍ថា៖ “រាល់ថ្ងៃ ខ្ញុំលក់ (នំបញ្ចុក) នៅផ្សារកណ្តាល ប៉ុន្តែនៅចុងសប្តាហ៍បែបនេះ បរិមាណនៃការលក់របស់ខ្ញុំគឺខ្ពស់ជាង ហើយខ្ញុំអាចរកចំណូលបានពី ៣០ម៉ឺន ទៅ ៤០ម៉ឺន រៀល ក្នុងមួយល្ងាច បើមេឃមិនភ្លៀង”។
លោក កៅ ហុង ជាអ្នករុញរទេះលក់ទឹកផ្លែឈើនៅមាត់ទន្លេ ទល់មុខព្រះបរមរាជវាំង។ គាត់បាននិយាយថា ជាធម្មតាគាត់លក់ទឹកផ្លែឈើបានពី ៣០ ទៅ ៤០ កែវក្នុងមួយថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃសុក្រ “ប៉ុន្តែនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំអាចលក់បានជាង ១០០ កែវ”។
កញ្ញា ហៃ ពៅថាវីន ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបើកតូបលក់ភេសជ្ជៈនៅក្បែរនោះនាពេលថ្មីៗនេះ ដោយឆ្លៀតយកឱកាសចុងសប្តាហ៍របស់នាង ដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សា។
នាងនិយាយថា៖ “ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ខ្ញុំរវល់នឹងការសិក្សា និងការងារផ្សេងៗ។ នៅចុងសប្តាហ៍ ខ្ញុំព្យាយាមរកប្រាក់ខ្លះ ព្រោះទីមួយ ខ្ញុំស្រឡាញ់អាជីវកម្ម ទីពីរ ខ្ញុំចង់បានបទពិសោធន៍ និងប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។
លោក គួច វេងស្រ៊ុន ដែលបានមកទស្សនាផ្លូវថ្មើរជើងជាលើកដំបូងកាលពីចុងសប្តាហ៍មួយក្នុងខែកក្កដា និយាយថា លោកពិតជាចាប់អារម្មណ៍ជាមួយបរិយាកាសនៅទីនេះណាស់។ លោកមានប្រសាសន៍ថា៖ “ខ្ញុំឃើញអ្នកលក់ដូរសប្បាយរីករាយ ប្រាស្រ័យទាក់ទងជាមួយសាធារណជន និងរកប្រាក់ចំណេញ។ ខ្ញុំពិតជារីករាយណាស់ចំពោះរបៀបដែលអ្នកលក់ដូរអាចធ្វើឱ្យការលក់របស់ពួកគេមានភាពទាក់ទាញ”។
ការសម្តែងសិល្បៈតាមដងផ្លូវ គឺជាទិដ្ឋភាពដែលគេកម្រឃើញណាស់នៅកម្ពុជា ប៉ុន្តែផ្លូវថ្មើរជើងចតុមុខបានផ្តល់ឱកាសថ្មីៗសម្រាប់សិល្បករតួយ៉ាងដូចជាលោក ឃឹម សុខន ប៊ុនហេង ដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួននៅទីវាល និងធ្វើឱ្យបរិយាកាសកាន់តែមានភាពអធិកអធមថែមទៀត។
ពាក់មួកស្លឹកត្នោត បង់កក្រមាខ្មែរ និងស្ពាយហ្គីតាមួយនៅលើស្មា លោក សុខន បាននិយាយថា៖ “ខ្ញុំបានមកសម្តែងនៅទីនេះតាំងពីពេលបើកដំណើរការមកម្ល៉េះ។ នៅថ្ងៃដំបូង ខ្ញុំមានអារម្មណ៍ញ័រ ខ្លាចផង សប្បាយចិត្តផង ប៉ុន្តែខ្ញុំអាចធ្វើបាន។ ក្រោយមក មនុស្សម្នាចាប់ផ្តើមមកស្តាប់ខ្ញុំម្តងបន្តិចៗ រហូតដល់ខ្ញុំទទួលបានការគាំទ្រយ៉ាងច្រើន”។
ទិដ្ឋភាពមិនគាប់ភ្នែក
ទន្ទឹមនឹងនេះដែរ ប្រជាប្រិយភាពនៃផ្លូវថ្មើរជើងនេះក៏បានបង្កើតបញ្ហាប្រឈមផ្នែកអនាម័យផងដែរ។ អ្នកលក់ដូរ ក្រុមកម្មករអនាម័យ និងមន្ត្រីក្រុងបាននិយាយថា ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីរក្សាទីកន្លែងឱ្យស្អាត ប៉ុន្តែវាពិបាកក្នុងការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់អាហារដែលភ្ញៀវទេសចរចោលពាសវាលពាសកាល ជាជាងយកវាទៅដាក់ក្នុងធុងសំរាម។
លោក សាន ណារិទ្ធ អភិបាលរងនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានទទួលស្គាល់ពីការកើនឡើងនៃបរិមាណសំរាម ដែលបណ្តាលមកពីការកើនឡើងចំនួនអ្នកលក់ដូរ និងភ្ញៀវទេសចរ។ ប៉ុន្តែលោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានកំពុងដោះស្រាយបញ្ហានេះយ៉ាងសកម្ម ដោយពង្រឹងការណែនាំទាំងអ្នកលក់ដូរ និងភ្ញៀវទេសចរឱ្យបោះចោលសំរាមក្នុងធុង។ លោកមានប្រសាសន៍ថា៖ “នៅពេលធុងពេញ ក្រុមកម្មករអនាម័យនឹងយកវាចេញជាបន្តបន្ទាប់។ ជាធម្មតាមិនមានសំរាមទុកចោលរហូតដល់ពេលព្រឹកទេ”។
លោក សៅ ហោ កម្មករអនាម័យអាយុ ៥០ ឆ្នាំ បានអំពាវនាវដល់ភ្ញៀវទេសចរឱ្យសហការក្នុងការថែរក្សាបរិស្ថាននៅតាមបណ្តោយផ្លូវថ្មើរជើង។ “ពួកយើងចាប់ផ្តើមប្រមូលសំរាមពីម៉ោង ៦ ឬ ៧ ព្រឹក ហើយពេលខ្លះធ្វើការរហូតដល់ម៉ោង ១០ យប់នៅចុងសប្តាហ៍។ មានសំរាមច្រើនណាស់ យើងមិនអាចរាប់បានទេថាយើងប្រមូលបានប៉ុន្មានថង់ក្នុងមួយថ្ងៃៗ។”
លោកនិយាយថា៖ “ខ្ញុំសូមសុំឱ្យប្រជាពលរដ្ឋទាំងអស់ដែលមកកម្សាន្ត សូមជួយថែរក្សាបរិស្ថាន ដូចជាជួយពួកយើងអញ្ចឹង។ បើឱ្យខ្ញុំសម្អាតតែម្នាក់ឯង វាពិតជាពិបាកណាស់។ សូមជួយយើងដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងទទួលខុសត្រូវរួមគ្នា នោះគឺគ្រប់គ្រាន់ហើយដើម្បីរក្សាផ្លូវថ្មើរជើងនេះឱ្យស្រស់ស្អាត”។
កញ្ញា សែ ច័ន្ទផល្លិកា អ្នកលក់ទឹកផ្លែឈើអាយុ ២៦ ឆ្នាំ បាននិយាយថា នាងតែងតែអនុវត្តតាមការណែនាំរបស់ក្រុងស្តីពីការគ្រប់គ្រងអនាម័យ។ “ខ្ញុំតែងតែរៀបចំសំរាមរបស់ខ្ញុំដោយខ្លួនឯង។ ខ្ញុំបោស ប្រមូល ហើយចោលវាក្នុងធុង។ ហើយនៅពេលភ្ញៀវសុំថង់ ខ្ញុំតែងតែឱ្យពួកគេ ដើម្បីកុំឱ្យពួកគេចោលសំរាមពាសវាលពាសកាល” — នាងបាននិយាយដូច្នេះ ដោយបន្ថែមថា នាងតែងតែបោសសម្អាតជុំវិញតូបរបស់នាងឱ្យស្អាតសិន មុននឹងទៅផ្ទះ។

ចាន់ ហុំ អាយុ ៥៧ ឆ្នាំ ជាអាជីវករលក់នំបញ្ចុកខ្មែរ បង្ហាញថង់ផ្លាស្ទិកចែកចាយដោយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាអនាម័យតូបនៅតាមផ្លូវ។
រូបភាពដោយ ភក្តិ សុភា
ជំហានមួយឆ្ពោះទៅមានរាជធានីភ្នំពេញកាន់តែបៃតង
លើសពីភាពអធិកអធម និងបញ្ហាប្រឈមផ្នែកអនាម័យ ផ្លូវថ្មើរជើងនេះឆ្លុះបញ្ចាំងអំពីចក្ខុវិស័យនៃការរៀបចំនគរូបនីយកម្មមួយដែលផ្តល់អាទិភាពដល់ភាពងាយស្រួលក្នុងការរស់នៅ និងដល់សុខុមាលភាពរបស់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ទីក្រុងនេះបានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ ដោយសារកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានជាបន្តបន្ទាប់មុនពេលមានវិបត្តិជំងឺរាតត្បាត។ សេដ្ឋកិច្ចបានរើបឡើងវិញចាប់តាំងពីពេលនោះមក ហើយទីក្រុងបន្តមានការសាងសង់អគារខ្ពស់ៗឥតឈប់ឈរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ជីវភាពបែបផែនថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅលើដងផ្លូវ ការកើនឡើងនៃវត្តមានចំនួនយានយន្តឯកជនកំពុងធ្វើឱ្យការកកស្ទះចរាចរណ៍ មានសភាពកាន់តែអាក្រក់ទៅៗ។ ទន្ទឹមនឹងនេះដែរ វត្តមាននៃលំហសាធារណៈ និងលំហបៃតងសម្រាប់បម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ ក៏នៅមានកម្រិតតិចតួចនៅឡើយដែរ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០១៦ លំហបៃតងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពសាធារណៈ ដូចជាការធូរស្រាលផ្លូវចិត្ត និងការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍, ការបង្កើនសកម្មភាពរាងកាយ និងការកាត់បន្ថយផលប៉ះពាល់ពីការបំពុលខ្យល់ កំដៅ និងសំឡេងរំខាន ព្រមទាំងកត្តាបង្កគ្រោះថ្នាក់ផ្សេងៗនៅក្នុងបរិស្ថានទីក្រុង ផងដែរ។ យោងតាមរបាយការណ៍នេះ ទីក្រុងនីមួយៗគួរតែមានលំហបៃតងយ៉ាងហោចណាស់ ៩ ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់ ដែលជាប្រភពដ៏សំខាន់សម្រាប់បង្កើតខ្យល់ និងអុកស៊ីសែន។
ប៉ុន្តែរាជធានីភ្នំពេញមានលំហសាធារណៈមិនដល់មួយម៉ែត្រការ៉េផង សម្រាប់មនុស្សម្នាក់ នេះបើយោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ឆ្នាំ២០២១ ដែលមានចំណងជើងជាភាសាអង់គ្លេសថា Transforming Urban Mobility in Phnom Penh។ របាយការណ៍នេះបានឱ្យដឹងដែរថា លំហសាធារណៈនៅក្នុងទីក្រុងភ្នំពេញ បានថយចុះពី ១,១ ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម ០,៦៧ ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០២០។ ទំហំនេះនេះគឺតូចជាងនៅក្នុងទីក្រុងដទៃទៀត ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រទេសសិង្ហបុរី ជាមធ្យម មានលំហសាធារណៈទំហំ ៧,០៤ ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់, ទីក្រុងសេអ៊ូល ១៤,៦៦ ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់, ទីក្រុងហូជីមិញ ១៣,៧ ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់, និងទីក្រុងបាងកកប្រហែល ៧ម៉ែត្រការ៉េ សម្រាប់មនុស្សម្នាក់។ របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្ន ចិញ្ចើមផ្លូវនៅរាជធានីភ្នំពេញច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ចតយានយន្ត និងធ្វើអាជីវកម្ម។ របាយការណ៍នេះបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្លាំងថែមទៀតលើការរៀបចំផ្លូវឱ្យមានភាពងាយស្រួលសម្រាប់ដើរបាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នកថ្មើរជើង និងការរំដោះលំហសាធារណៈ ដើម្បីបង្កើតបរិយាកាសវិជ្ជមាន និងស្រស់ស្រាយសម្រាប់ការរស់នៅរបស់អ្នកទីក្រុង។
នៅក្នុងពិធីសម្ពោធស្ពានអាកាសមរតកតេជោ កាលពីខែមេសា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានរក្សាទុកដីប្រមាណ ៧០ ហិកតានៅតំបន់កប់ស្រូវ សម្រាប់ការអភិវឌ្ឍឧទ្យានធារណៈសម្រាប់រាជធានីភ្នំពេញទៅថ្ងៃអនាគត។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ “ទៅថ្ងៃមុខ ទីក្រុងធំៗត្រូវតែមានទីលានសាធារណៈធំៗ ទីធ្លាធំៗសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ហើយនៅតាមក្រុង និងខេត្តនានា ក៏អ៊ីចឹងដែរ ខ្ញុំថាគួររក្សាដី ១០០-២០០ ហិកតា ទុកសម្រាប់ធ្វើជាសួនសាធារណៈសម្រាប់បម្រើប្រជាពលរដ្ឋ”។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះ ជាមួយនឹងការរំពឹងថាទីក្រុងនឹងរីកកាន់តែធំទៀតទៅថ្ងៃខាងមុខ “ដូច្នេះ សូមរក្សាទុកដីដើម្បីអភិវឌ្ឍជាទីលានសាធារណៈដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើង”។
លោក ទ្រី ធួន សាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា គម្រោងតួយ៉ាងដូចជាផ្លូវថ្មើរជើងមាត់ទន្លេនេះ គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សុខភាពបរិស្ថាន និងទំនាក់ទំនងល្អនៅក្នុងទីប្រជុំជន។
លោកមានប្រសាសន៍ថា៖ “លំហសាធារណៈបែបនេះ មានសារៈសំខាន់ក្នុងការធ្វើឱ្យមនុស្សមានអារម្មណ៍ផ្សាភ្ជាប់ជាមួយទីក្រុង ព្រោះវាបង្កើតឡើងនូវឱកាសសម្រាប់ការប្រាស្រ័យទាក់ទងផ្នែកសង្គម និងការចែករំលែកគ្នា ដែលចាំបាច់បំផុតនៅក្នុងទីក្រុងមួយដែលមិនសូវមានលំហសាធារណៈ”។
លោកបានបន្ថែមទៀតថា ការរំដោះយកចិញ្ចើមផ្លូវមកវិញ មិនគ្រាន់តែជាការបង្កើតវាឡើងវិញទេ ប៉ុន្តែវាមានតម្លៃសមធម៌ និងលទ្ធភាពទទួលបានការប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ផងដែរ។
លោកសាស្ត្រាចារ្យមានប្រសាសន៍ថា៖ “មិនមែនមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទៅដើរលេងក្នុងម៉ល ឬចូលហាងកាហ្វេថ្លៃៗនោះទេ។ លំហបើកចំហរ និងឥតគិតថ្លៃ តួយ៉ាងដូចជាផ្លូវថ្មើរជើងចតុមុខនេះជាដើម នាំមកនូវបរិស្ថានស្វាគមន៍មួយសម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋានអាចជួបជុំគ្នា ដោយមិនបាច់ខ្វល់ថាត្រូវចាយវាយអ្វីទាំងអស់”។
លោកជឿជាក់ថា ការបង្កើនទីធ្លាសម្រាប់អ្នកថ្មើរជើងនឹងជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋក្នុងទីក្រុងផងដែរ។ លោកពោលថា៖ “កាលណាមនុស្សរីករាយនឹងទីក្រុងដែលគ្មានសូរចរាចរណ៍ និងការបំពុលខ្យល់មករំខាន ទោះបីជាក្នុងរយៈពេលខ្លីក៏ដោយ ពួកគេចាប់ផ្តើមឃើញអំពីលទ្ធភាពនៃការរស់នៅក្នុងទីក្រុងជាមិនខាន”។
ឆ្លងតាមការប្រែក្លាយមុខមាត់នៃផ្លូវមាត់ទន្លេសម្រាប់អ្នកថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញមិនត្រឹមតែបានបង្កើតឱ្យមានបរិយាកាសសង្គមរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេចឱ្យឃើញនូវគំរូផែនការនគរូបនីយកម្មមួយដែលមានការយល់ដឹងអំពីបរិស្ថានផងដែរ។ វាជាជំហានតូចមួយ ប៉ុន្តែវាតំណាងឱ្យអនាគតមួយដែលមានធម្មជាតិ ប្រជាជន និងវប្បធម៌ជាស្នូលនៃជីវិតរបស់ទីក្រុង។
លោក សុវណ្ណ ស៊ីង រស់នៅក្នុងសង្កាត់ច្បារអំពៅ ដែលជាតំបន់មួយមានមនុស្សរស់នៅច្រើនក្នុងរាជធានីភ្នំពេញ។ ពេលកំពុងដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខនាល្ងាចចុងសប្តាហ៍មួយ លោកបានចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមមួយសំខាន់ក្រៃលែងសម្រាប់ការសាកថាមពលផ្នែកស្មារតីឡើងវិញ។
លោកពោលដូច្នេះថា៖ “យើងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ [ហើយពេលខ្លះ] នៅចុងសប្តាហ៍ទៀត ដូច្នេះយើងត្រូវការលំហបែបនេះ ដែលជាកន្លែងមួយសម្រាប់ដកដង្ហើម និងមានអារម្មណ៍ថាមានសុវត្ថិភាព។”
(រាយការណ៍បន្ថែមដោយ ហេង ហេវីន, រិទ្ធា ហាន់ហ្សា, ហេង ពេជ្រពិសិទ្ធិ, និង ភក្តិ សុភា)