រូបភាពដោយ ជា សុខហេង
ដោយ វ៉ាត់ សុខហេង និង អ៊ឹង បញ្ញាពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ — រដ្ឋបាលរាជធានីភ្នំពេញបានហាមការជក់បារី និងការបង្ហុយផ្សែងផលិតផលថ្នាំជក់គ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិច (e-cigarettes) និងស៊ីហ្សា (shisha) នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីការពារសុខភាពរបស់សាធារណជន ក្នុងពេលដើរកម្សាន្តនៅចុងសប្តាហ៍។
បម្រាមនេះ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនៅក្នុងសេចក្តីណែនាំមួយកាលពីថ្ងៃទី៨ ខែសីហា ត្រូវ អនុវត្តចាប់ពីម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទី រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅពេលផ្លូវនេះ លែងឱ្យមានយានយន្តឆ្លងកាត់ ទុកសម្រាប់អ្នកថ្មើរជើងដើរលំហែរ និងហាត់ប្រាណ។
ការជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ត្រូវបានហាមឃាត់ដាច់ខាតនៅ នៅលើបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈរួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន និងហាងទំនិញនានា នៅតាមបណ្តាយផ្លូវថ្មើរជើងនេះ ដែលមានប្រវែងជិត ២គីឡូម៉ែត្រ។
សេចក្តីណែនាំបានបន្ថែមទៀតថា ម្ចាស់អាជីវកម្ម ម្ចាស់សេវាកម្មទេសចរណ៍ និងអាជីវករ នៅតាមបណ្តោយផ្លូវនេះ ត្រូវបិទសញ្ញាហាមជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ឱ្យមើលឃើញច្បាស់។ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញផលិតផលថ្នាំជក់គ្រប់ប្រភេទ និងគ្រប់ទម្រង់ ក៏ត្រូវបានហាមឃាត់។ ការប្រើប្រាស់ ការចែកចាយ និងការជួញដូរឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ ដូចជាបារីអេឡិចត្រូនិច ឬ វេប ផលិតផលអេចធីភី (HTP) និង ស៊ីហ្សា (shisha) ក៏មិនត្រូវឱ្យមានដែរ។
សេចក្តីណែនាំមិនបញ្ជាក់លម្អិតអំពីការពង្រឹងការអនុវត្តដោយរបៀបណាទេ ប៉ុន្តែបានអំពាវនាវឱ្យអាជ្ញាពាក់ព័ន្ធ ម្ចាស់អាជីវកម្មគ្រប់ប្រភេទនៅលើដងផ្លូវនេះ និងសាធារណជន ចូលរួមអនុវត្តបម្រាមនេះ ដើម្បី «រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ធកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់»។
ផ្លូវថ្មើជើងចតុមុខ ដែលចាប់ដំណើរការតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានក្លាយជាទីធ្លាសាធារណៈ និងគោលដៅកម្សាន្តពេលរាត្រីមួយកំពុងពេញនិយមសម្រាប់មហាជនទូទៅ នៅក្នុងរាជធានីភ្នំពេញដែលមានមនុស្សរស់នៅប្រមាណជា ២,៥លាននាក់។