សៀវភៅ និងឯកសារសិក្សាដែលជួយអ្នកក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់ៗគ្នា ព្រោះវាអាចជួយបង្កើនចំណេះដឹង និងសមត្ថភាព​របស់អ្នក ក្នុងការវែកញែក ពិចារណា និងវិនិច្ឆ័យខ្ពស់​​​នៅពេល​ប្រើប្រាស់ ទទួល​ ឬ​ចែករំលែកមាតិកាផ្សេងៗ​​នៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងបរិបទមួយ ដែលប្រព័ន្ធឌីជីថលកាន់តែរីកចម្រើន និងពោរពេញទៅដោយព័ត៌មានច្របូកច្របល់នេះតែម្តង។ ដូចនេះ វាជាការចាំបាច់ ដែលប្រជាជនគ្រប់ៗរូបត្រូវស្វះស្វែងសិក្សា និងស្វែងយល់បន្ថែមពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ហើយខាងក្រោមនេះគឺជាសៀវភៅ និងឯកសារសិក្សាមួយចំនួន ដែលអាចជួយអ្នកឱ្យក្លាយជាអក្ខរជនប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបាន៖

១- សៀវភៅ “Media and Information Literate Citizens: Think Critically, Click Wisely!”

សៀវភៅ “Media and Information Literate Citizens: Think Critically, Click Wisely!” គឺជាសៀវភៅកម្មវិធីសិក្សារបស់អង្គការ UNESCO ដែលបានបោះពុម្ពផ្សាយលើកទី២ (2nd Edition) នៅឆ្នាំ ២០២១ សម្រាប់ទាំងអ្នកអប់រំ និងអ្នកសិក្សាគ្រប់ៗរូប។ សៀវភៅនេះផ្តោតសំខាន់ទៅលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលផ្សារភ្ជាប់ទៅនឹងបញ្ហាមួយចំនួនដែលលេចឡើងក្នុងសម័យបច្ចុប្បន្នដូចជាបញ្ញាសិប្បនិមិត្ត (AI) ភាពជាពលរដ្ឋឌីជីថល (digital citizenship) អក្ខរកម្មវប្បធម៌ (cultural literacy) និងការកើនឡើងនៃព័ត៌មានភាន់ច្រឡំ និងព័ត៌មានមិនពិតជាដើម។ នៅក្នុងសៀវភៅកម្មវិធីសិក្សានេះ មានបូកបញ្ចូលនូវក្របខណ្ឌ (framework) ទាក់ទិននឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងមានផ្តល់នូវការណែនាំដែលមានរចនាសម្ព័ន្ធ និងគរុកោសល្យត្រឹមត្រូវដល់អ្នកអប់រំ និងអ្នកសិក្សាគ្រប់រូប។

២- សៀវភៅ “វិជ្ចាជីវៈសារព័ត៌មាន “ដំណឹងក្លែងក្លាយ” និងព័ត៌មានមិនពិត”

សៀវភៅ “វិជ្ចាជីវៈសារព័ត៌មាន “ដំណឹងក្លែងក្លាយ” និងព័ត៌មានមិនពិត” គឺជាសៀវភៅមេរៀន ដែលត្រូវបានបកប្រែចេញពីសៀវភៅជាភាសាអង់គ្លេសក្រោមចំណងជើងថា “Journalism, ‘Fake News’ & Disinformation: Handbook for Journalism Education and Training” បោះពុម្ពផ្សាយដំបូងនៅឆ្នាំ ២០១៨ ដោយអង្គការ UNESCO។ សៀវភៅមេរៀននេះ ផ្តោតសំខាន់ទៅលើការអប់រំ និងការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារព័ត៌មាន ដែលជាកត្តាដ៏សំខាន់មួយក្នុងការធានាបាននូវការទទួលបានតែព័ត៌មានពិត។ សៀវភៅមេរៀននេះ ត្រូវបានប្រើប្រាស់ជាកម្មវិធីសិក្សាគំរូលំដាប់អន្តរជាតិ ដោយមានបំពាក់នូវលំនាំ និងអ្វីដែលត្រូវអនុវត្តតាមក្នុងវិស័យសារព័ត៌មាន ជាពិសេសចំពោះបញ្ហាប្រឈមជាសកលដ៏ធំមួយ គឺការផ្សាយព័ត៌មានមិនពិត។ ដូចនេះ សៀវភៅនេះ គឺចាំបាច់មែនទែនសម្រាប់ប្រជាជនគ្រប់ៗរូប ជាពិសេសគឺអ្នកនៅក្នុងវិស័យសារព័ត៌មានតែម្តង។

–   តំណភ្ជាប់សម្រាប់ទាញយកសៀវភៅជាភាសាខ្មែរ៖ https://unesdoc.unesco.org/ark:/48223/pf0000373920?posInSet=1&queryId=de011304-573a-4e1a-a219-189ef8525718

–   តំណភ្ជាប់សម្រាប់ទាញយកសៀវភៅជាភាសាអង់គ្លេស៖ https://unesdoc.unesco.org/ark:/48223/pf0000265552?posInSet=1&queryId=d2059535-d487-470f-88a2-7dd05de6a9b9

៣- សៀវភៅ “អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន”

សៀវភៅ “អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ត្រូវបានរៀបរៀងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ DW Akademie ហើយត្រូវបានប្រកាសឱ្យប្រើជាផ្លូវការកាលពីឆ្នាំ ២០២២ កន្លងទៅនេះ នៅតាមបណ្តាគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទូទាំងប្រទេសកម្ពុជា។ សៀវភៅនេះ ដើរតួនាទីសំខាន់ក្នុងការបង្កើនចំណេះដឹង និងជំនាញអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយបង្ហាញប្រជាជនគ្រប់ៗរូប ជាពិសេសគ្រូបង្រៀន និងសិស្សនិស្សិត ឱ្យស្វែងយល់កាន់តែច្បាស់ពីប្រព័ន្ធផ្សព្វផ្សាយ ដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ព្រមទាំងផលប៉ះពាល់ផ្សេងៗដែលអាចបញ្ចៀសបាន នៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅលើប្រព័ន្ធឌីជីថលផងដែរ។ មិនតែប៉ុណ្ណោះ សៀវភៅនេះក៏បានបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង មនុស្សជុំវិញខ្លួន និងសង្គមជាតិទាំងមូល ដែលជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យឌីជីថលនេះ។

៤. គេហទំព័រ DMC Media Lab

គេហទំព័រនេះ គឺជាគេហទំព័រ ដែលដាក់តម្កល់ស្នាដៃនិស្សិតនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងគេហទំព័រ មានផ្ទុកនូវផ្ទាំងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមួយដាច់ដោយឡែកពីស្នាដៃរបស់និស្សិតឯទៀត។ ក្នុងនោះ គឺមានការផ្តល់នូវមាតិកាផ្សេងៗទាក់ទិននឹងព័ត៌មានអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ចាប់តាំងពីនិយមន័យ ចំណេះដឹងទូទៅ បញ្ហាដែលចោតឡើងនៅលើប្រព័ន្ធឌីជីថល និងការណែនាំផ្សេងៗក្នុងការធានាបាននូវប្រសិទ្ធិភាព និងសុវត្ថិភាពរបស់ប្រជាជនគ្រប់រូបនៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងពេលអានព័ត៌មានផ្សេងៗនៅលើប្រព័ន្ធឌីជីថល ហើយជាពិសេសនោះ គឺដើម្បីចូលរួមក្នុងការបង្កើនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននេះតែម្តង។ គួរបញ្ជាក់ផងដែរថា និស្សិតគ្រប់រូប គឺសុទ្ធតែបានឆ្លងកាត់វគ្គបង្ហាត់បង្រៀនពីអ្នកជំនាញខាងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីធានាបានថារាល់ព័ត៌មានដែលផ្សាយចេញ គឺជាព័ត៌មានពិត។

 តំណភ្ជាប់ទៅកាន់គេហទំព័រ៖ https://dmcmedialab.com/mil/

ដូចនេះ ប្រសិនបើអ្នកពុំដែលបានដឹង ឬនៅមានចំងល់ និងមន្ទិលសង្ស័យផ្សេងៗអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន អ្នកគួរតែស្វែងរកព័ត៌មានពីសៀវភៅ និងគេហទំព័រដូចដែលបានរៀបរាប់ខាងលើនេះ។ ម្យ៉ាងវិញទៀត នៅក្នុងសម័យឌីជីថល វាពិតជាងាយស្រួលមែនទែនក្នុងការស្វែងរកសៀវភៅ ក៏ដូចជាឯកសារសិក្សាផ្សេងៗ ដើម្បីបង្កើនសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដូចនេះចូរអ្នកចាប់ឱកាសនេះឱ្យជាប់ ដើម្បីបង្កើនសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៕

Leave a Comment

Your email address will not be published. Required fields are marked *