ដោយ ម៉ៅ សម្បត្តិ និង ហែម ចាន់ធីតា
ភ្នំពេញ - ការឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃអង្គារ មានរហូតដល់ទៅ ២៣ករណី ដែលជាចំនួនច្រើនជាងគេបើគិតចាប់ពីដើមឆ្នាំ២០២៥ មក។
នៅថ្ងៃដដែលនោះដែរ គឺថ្ងៃទី២៧ ខែឧសភា ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1។
ក្រសួងសុខាភិបាល បានជូនដំណឹងអំពីករណីឆ្លងជំងឺកូវីដ-១៩ និង ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី តាមរយៈសេចក្តីប្រកាសព័ត៌មានពីរដោយឡែកពីគ្នា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែឧសភា ក្រសួងបានឱ្យដឹងថាការឆ្លងកូវីដ-១៩ ថ្មីសម្រាប់ថ្ងៃទី ២៧ គឺមាន ២៣ ករណី ដែលសុទ្ធតែជាការឆ្លងក្នុងសហគមន៍។ នេះជាចំនួនខ្ពស់ជាងគេ គិតចាប់តាំងពីដើមឆ្នាំមក។
ការកើនឡើងនេះកើតឡើងក្នុងស្ថានភាពដែលប្រទេសកំពុងប្រឈមមុខនឹងការរីករាលដាលរបស់វីរុសអូមេក្រុងបំប្លែងថ្មី JN.1 ដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា គិតដល់ពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ វីរុសនេះគិតជាង ១៥% នៃករណីកូវីដ-១៩ សរុបទូទាំងពិភពលោក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដោយឡែកមួយចុះថ្ងៃទី២៧ ខែឧសភា ក្រសួងនិយាយថាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសផ្តាសាយបក្សី H5N1 នៅក្នុងខ្លួនក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំ ដែលស្លាប់ដោយសារវីរុសនេះនៅក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។
ក្រសួងបានបន្តទៀតថា៖ “ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥ ដោយសារមូលហេតុមកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និង ពិបាកដងដង្ហើមធ្ងន់ធ្ងរ”។
យោងតាមសេចក្តីប្រកាសព័ត៌មាន កុមារនោះមានទីលំនៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយតាំងពីមួយសប្តាហ៍មុននឹងក្មេងប្រុសនេះចាប់ផ្តើមឈឺ នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺ និងងាប់ជាបន្តបន្ទាប់។ ក្រសួងកំពុងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតប្រភពនៃការឆ្លង និងតាមដាន អ្នកដែលបានប៉ះពាល់ជិតស្និទ្ធជាមួយកុមារនេះផងដែរ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍។



ប្រភពរូបភាព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា