ទស្សនាវដ្តីឌីអឹមស៊ីផូស 2024
“សួស្តីមិត្តអ្នកអាន!
ខ្ញុំមានក្តីសោមនស្សក្រៃលែង ក្នុងការនាំយកមកជូន ទស្សនាវដ្តីឌីអឹមស៊ីផូស ដែលជាការបោះពុម្ពផ្សាយរបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ទស្សនាវដ្តីអនឡាញនេះ ជាការចេញផ្សាយបន្ទាប់ពី ទស្សនាវដ្តីពុទ្ធិ ដោយកំណត់យកឈ្មោះឌីអឹមស៊ីផូស ដែលជាសារព័ត៌មានអនឡាញរបស់និស្សិត DMC បង្កើតឡើងកាលពីឆ្នាំ២០១០។ សមិទ្ធផលថ្មីនេះ ក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីកម្មវិធីសិក្សាទាំងមូលរបស់ DMC ដែលផ្តោតសំខាន់លើការស្រាវជ្រាវ និងការអនុវត្តផ្ទាល់ បន្ថែមលើការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់រៀន ដើម្បីពង្រឹងគុណភាពអប់រំឱ្យកាន់តែមានភាពពាក់ព័ន្ធ និងនវានុវត្តន៍។
មាតិការឿង និងរូបភាពនៅក្នុងទស្សនាវដ្តីនេះ គឺជាស្នាដៃការងាររបស់និស្សិតឆ្នាំទី២ នៃមុខវិជ្ជា រាយការណ៍ព័ត៌មាន និងសរសេររឿង។ នៅក្នុងការសិក្សារយៈពេលមួយឆ្នាំ ពួកគេទទួលបាននូវទ្រឹស្តីអំពីការប្រមូលព័ត៌មាន របៀបសរសេរដំណឹង និងរបៀបនិទានរឿងផ្អែកលើអង្គហេតុ (facts) អមជាមួយការចុះអនុវត្តផ្ទាល់ក្នុងការសរសេររឿងអំពីបញ្ហាបច្ចុប្បន្នភាព និងតួអង្គដែលពួកគេចាត់ទុកថាមានតម្លៃព័ត៌មានគួរលើកយកមកសរសេរប្រាប់មិត្តអ្នកអាន។ ក្នុងនោះ ក្រុមនិស្សិតបានផ្តោតលើរឿងរ៉ាវសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ បរិស្ថាន សិល្បៈ វប្បធម៌ ក៏ដូចជារឿងរ៉ាវសង្គមផ្សេងទៀតផងដែរ។
យើងខ្ញុំត្រៀមខ្លួនជានិច្ចនឹងទទួលយកនូវមតិតបទាំងឡាយពីសំណាក់មិត្តអ្នកអាន សម្រាប់យកទៅកែលម្អគម្រោងទស្សនាវដ្តីបែបនេះ នាពេលអនាគតទៀត។
សូមរីករាយជាមួយទស្សនាវដ្តីរបស់យើង!
សូមអរគុណ!”