កម្មកររោងចក្រកាត់ដេរដើរឆ្លងថ្នល់នៅមុខរោងចក្រនៅខេត្តតាកែវ។
រូបភាពដោយ វណ្ណ ច័ន្ទថាដា
ដោយ រិន សុខបញ្ញា និង តុង ឆេងហុង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ — មេដឹកនាំសហជីពកម្មកររោងចក្រសម្តែងភាពត្រេកអរខ្លះ ចំពោះការទម្លាក់ពន្ធនាំទំនិញចូលសហរដ្ឋអាម៉េរិកលាយឡំជាមួយក្តីបារម្ភផងថាវានៅតែខ្ពស់ ខណៈរដ្ឋាភិបាលអំពាវនាវឱ្យវិនិយោគិន និងកម្មករនិយោជិតរក្សាភាពស្ងប់ស្ងៀមរង់ចាំមើលលទ្ធផលនៃការចរចាបន្តទៀត។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបន្ថយអត្រាពន្ធ ពី ៤៩ ភាគរយ មកនៅត្រឹម ៣៦ ភាគរយ វិញ សម្រាប់ទំនិញគ្រប់ប្រភេទដែលកម្ពុជានាំចូលទីផ្សារសហរដ្ឋអាម៉េរិក។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍កាលពីថ្ងៃទី៨ ខែកក្កដា ថា អត្រាពន្ធថ្មីនេះ គឺជា “ជោគជ័យ” មួយដែលកម្ពុជាសម្រេចបាន តាមរយៈការចរចាជាមួយសហរដ្ឋអាម៉េរិក ក្នុងរយៈពេលកន្លងមក។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA មានប្រសាសន៍ថា អត្រា ៣៦ ភាគរយ ជាការប្រសើរជាង ៤៩ ភាគរយ ប៉ុន្តែបើប្រៀបធៀប នឹងពេលដែលអាម៉េរិកអនុគ្រោះពន្ធ វាជារឿងមួយផ្សេង។
លោកបានមានប្រសាសន៍ថា៖ “យើងមានការព្រួយបារម្ភខ្លាចវិនិយោគិន គេទៅវិនិយោគនៅប្រទេសណាដែលមានពន្ធថោកជាងកម្ពុជា ដូចជាវៀតណាមជាដើម។ អញ្ចឹងកាលណាវិនិយោគទៅក្រៅប្រទេស ក្រៅពីកម្ពុជា សេដ្ឋកិច្ចអ្នកកម្មករក្រៅប្រព័ន្ធផ្សេងៗទៀតក៏វាធ្លាក់ចុះតាមហ្នឹងដែរ យើងបារម្ភខ្លាចអត្រាអត់ការងារធ្វើកាន់តែច្រើនប្រាក់ចំណូលកម្មករកាន់តែធ្លាក់ចុះ”។
លោកបានបន្តថា៖ “ជាទូទៅ ផលិតផលដែលនាំចេញពីប្រទេសកម្ពុជា ចំណាត់ថ្នាក់លេខមួយ គឺនាំចេញច្រើនជាងគេទៅសហរដ្ឋអាម៉េរិក ចំណាត់ថ្នាក់ទីពីរគឺទៅសហគមន៍អឺរ៉ុប ទីបីនាំទៅប្រទេសចិន និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី។ អ៊ីចឹង ទាក់ទងនឹងស្ថានភាពនេះ យើងគិតថាកម្មករកំពុងតែជួបបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ប្រាក់ចំណូលធ្លាក់ចុះ ទំនិញឡើងថ្លៃ យើងបារម្ភខ្លាចតែកម្មករជួបនឹងវិបត្តិហានិភ័យ កាន់តែធ្ងន់ទៅៗ”។
លោកអំពាវនាវឱ្យរដ្ឋាភិបាលបន្តចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីឱ្យបានអត្រាពន្ធទាបជាង ៣៦ ភាគរយ ថែមទៀត។
លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរម្ពុជា (CCAWDU) ចាត់ទុកថា ការបន្ថយពន្ធនេះជារឿងដ៏ប្រសើរមួយសម្រាប់កម្ពុជា ប៉ុន្តែវានៅតែច្រើន ដែលធ្វើឱ្យកម្ពុជាពិបាកប្រកួតប្រជែងជាមួយប្រទេសដទៃទៀត។
លោកនិយាយថា៖ “ពន្ធប្រទេសវៀតណាមមានតែ ២០ ភាគរយ ទេ អ៊ីចឹងការប្រកួតប្រជែងជាមួយវៀតណាមវានៅធំណាស់ ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់ផលិតភាពនិងកម្មករបស់កម្ពុជាទៀតផង”។
លោកបានបន្តថា កម្មករនឹងរងសម្ពាធបន្ថែមដោយសារតែ ម្ចាស់រោងចក្រនឹងដូររចនាសម្ព័ន្ធនៃការផលិត បើសិនខាងម្ចាស់រោងចក្រចង់នាំចេញផលិតផលទៅអាម៉េរិកបាន ពួកគេត្រូវបង្កើនផលិតភាពបន្ថែម ដោយត្រូវចាំបាច់ផ្លាស់ប្តូរសង្វាក់ផលិតកម្ម ធ្វើឱ្យការចំណេញរបស់រោងចក្រក៏ត្រូវថយចុះ។
ក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តីលោក ស៊ុន ចាន់ថុល បានអំពាវនាវទៅក្រុមហ៊ុនដែលមានរោងចក្រនៅកម្ពុជា ឱ្យរក្សាភាពស្ងប់ស្ងៀម ដោយរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីការពារអ្នកវិនិយោគ និងផលប្រយោជន៍របស់កម្ពុជា។ លោកក៏បានអំពាវនាវទៅប្រជាពលរដ្ឋឱ្យជឿទុក្ខចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកមានប្រសាសន៍ថា៖ “យើងមានឱកាសរហូតដល់ថ្ងៃទី១ ខែសីហា ដើម្បីចរចាជាមួយនឹងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ ទៅចរចា មិនមែនចង់បាន ៣៦ ភាគរយ ទេ គឺចង់បានសូន្យ ប៉ុន្តែគេក៏មានរបៀបគេចរចា និងកម្រិតរបស់គេដែរ។ អញ្ចឹងយើងខិតខំឲ្យអស់លទ្ធភាពរបស់យើង ឱ្យបានទាបបំផុត ដើម្បីផលប្រយោជន៍កម្ពុជា ពង្រីក និងពង្រឹងពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសហរដ្ឋអាម៉េរិក”។
លោកបានបន្ថែមថា កម្ពុជាចង់បានអត្រាពន្ធទាបពីសហរដ្ឋអាម៉េរិក “ដោយសារយើងខ្ញុំនេះ ជាប្រទេសក្រីក្រ មិនទាន់ចេញពីប្រទេស(មានការអភិវឌ្ឍតិចតួច) LDC (Less Development Country) នៅឡើយទេ។ ខែ១២ ឆ្នាំ២០២៩ ទើបយើងខ្ញុំចេញ ដូច្នេះសូមសហរដ្ឋអាម៉េរិកយោគយល់ ផ្ដល់ឱកាសឱ្យយើងខ្ញុំ ដើម្បីយើងខ្ញុំអាចចេញពីប្រទេសក្រីក្របាននៅឆ្នាំ ២០២៩។ ដូច្នេះផ្ដល់អត្រាពន្ធទាបបំផុតជូនយើងខ្ញុំ ដើម្បីយើងខ្ញុំអាចបន្តទាក់ទាញវិនិយោគថែមទៀត បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់កម្ពុជាយើង ហើយចេញឱ្យផុតពីប្រទេសដែលក្រីក្រ”៕