រកឃើញ​ការឆ្លងកូវីដ-១៩ ថ្មី ៥ករណី បន្ទាប់ពីក្រសួងសុខាភិបាលប្រាប់ពលរដ្ឋកុំឱ្យធ្វេស​ប្រហែស

Ultrastructural morphology exhibited by coronaviruses

ដោយ រ៉េន ស្រីពេជ និង សេង លីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ – កម្ពុជា​មាន​ការ​ឆ្លង​ជំងឺកូវីដ-១៩ ថ្មីចំនួន ៥ករណី ពីរថ្ងៃបន្ទាប់​ពី​ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារសុខភាពខណៈ​​ដែលមានការឆ្លងរាលដាលលឿនរបស់ពពួកអូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ (JN.1) ក្នុងតំបន់ជាច្រើនទូទាំងពិភពលោក។

ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​អំពី​ការ​ឆ្លង​ ៥ករណី ចុងក្រោយនេះ ដែល​ជា​ករណីឆ្លង​ក្នុង​សហគមន៍ តាមរយៈ​សេចក្តី​ជូនដំណឹងមួយចុះថ្ងៃទី១៤ ខែ​ឧសភា។ មកទល់ពេលនេះ កម្ពុជា​មានការឆ្លង​កូវីដ-១៩ សរុប​ ចំនួន ១៣៩ ៣៤៧ ករណី។ 

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ផ្សេងទៀត​កាល​ពីពីរថ្ងៃមុន គឺថ្ងៃទី១២ ខែ​ឧសភា ក្រសួងបាន​ក្រើន​រំលឹកឱ្យ​ប្រ​ជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្រោយ​ពីអង្គការសុខភាព​ពិភពលោក​បានឱ្យ​ដឹង​ថា អូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ មាន​ការ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស។ អូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ ​ត្រូវ​បានរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣។ គិតមកត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ នេះ ជាង ១៥%នៃករណីឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងពិភពលោក គឺជាពពួក​​អូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១។ អ្នកជំងឺឆ្លងវីរុសប្រភេទនេះមានរោគសញ្ញាមិនខុសគ្នាពីប្រភេទកូវីដ-១៩ ទេ។

ទោះបីជាប្រភេទ ជេអិន១ នេះមិនបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមេក្រុងពីមុនក៏ដោយ ក្រសួងនិយាយថា “ការប្រុងប្រយ័ត្នគឺជាការចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ រួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ់ាំរ៉ៃប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាម មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ ជាដើម។”

“ប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយនេះការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច” – ក្រសួងបញ្ជាក់​ដូច្នេះ ដោយរំលឹកឱ្យលាងដៃឱ្យបានញឹកញាប់, ពាក់ម៉ាសក្នុងករណីចាំបាច់, ចៀសវាងចូលកន្លែងមានមនុស្សអ៊ូរអពេលក្តៅខ្លួន និងរក្សាគម្លាងសុវត្ថិភាពជាដើម ដើម្បីបញ្ចៀសការរីករាលដាលក្នុងសហគមន៍ ជាយថាហេតុ។

Leave a Comment

Your email address will not be published. Required fields are marked *