ឃុំខ្លួនអតីតមន្ត្រីនគរបាលក្រុងម្នាក់ដែលបើកបរទាំងស្រវឹង បុកមនុស្សស្លាប់

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុកសាលាដំបូងរាជធានីភ្នំពេញ

ដោយ សុង ឡូរី និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ អតីតមន្រ្តីនគរបាលរាជធានីមួយរូប ត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងរឿងក្ដីបើករថយន្ត​ទាំង​ស្រវឹងទៅ​បុកអ្នកធ្វើ​ដំណើរ​ផ្សេង​ទៀត បណ្តាល​ឱ្យ​​មនុស្សម្នាក់ស្លាប់ និងប្រាំនាក់ទៀតរងរបួស កាលពីសប្តាហ៍កន្លងទៅ។

សាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះ ថ្ងៃទី១៧ ខែឧសភា បានសម្រេចឃុំខ្លួនលោក ហ៊ុន ហេង បណ្ដោះអាសន្ន ក្រោមបទចោទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានស្លាប់, របួសអ្នកដទៃ និងបើកបរក្នុងស្ថានភាពស្រវឹង។»

លោក ហ៊ុន ហេង អាយុ៦១ឆ្នាំ បានបង្កហេតុនេះ​នៅ​ថ្ងៃទី១៥ ខែឧសភា ត្រង់ចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ុន ហេង បានបើកបុកម៉ូតូកង់បីចំនួន ៣គ្រឿង ម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿងដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៥នាក់ទៀតរងរបួស។ សេចក្ដីប្រកាសបានឱ្យ​ដឹងដែរថា លោកហ៊ុន ហេង – ដែលនៅថ្ងៃកើតហេតុជាមន្រ្តីនគរបាលរាជធានីភ្នំពេញ – មានអត្រាជាតិអាកុលក្នុង​ខ្លួនចំនួន ០.៣៥Mg/L។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។​ ប្រភព៖ ទំព័រហ្វេសប៊ុកសាលាដំបូងរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញសរសេរនៅក្នុងទំព័រផ្សព្វផ្សាយសង្គមរបស់លោកថា លោកហ៊ុន ហេង ត្រូវបានអង្គភាពបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិហើយក្រោយពីបានបង្កគ្រោះថ្នាក់ដូចរៀបរាប់ខាងលើ។

សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់​ទៀតថា៖ ”ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យ​ស្លាប់ និងរបួសអ្នកដទៃ តុលាការបាន និងបន្តអនុវត្តច្បាប់ឱ្យ​បានត្រឹមត្រូវ និងម៉ឹងម៉ាត់ ដោយពុំមានការលើកលែង។”

គួររំឭកដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៤ តុលាការរាជធានីភ្នំពេញបានកាត់ទោសបុរសឈ្មោះ នាងសំអូន ជាប់ពន្ធនាគារ៥ឆ្នាំ ពីបទបើកបរក្នុងស្ថានភាពស្រវឹងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងអ្នកធ្វើដំណើរមួយចំនួនរងរបួស។

Leave a Comment

Your email address will not be published. Required fields are marked *