២០ឧសភា៖ ពី “ទិវាចងកំហឹង” ទៅជា “ទិវាជាតិនៃការចងចាំ” 

ថតដោយ៖ យ៉ាម៉ា ដួងច័ន្ទវត្តី

ដោយ នី ចាន់​វត្តី និង​ យ៉ាម៉ា ដួងច័ន្ទវត្តី

ភ្នំពេញ — ក្រោម​សូរសំឡេង​​ព្រះសង្ឃសូត្រ​ធម៌​​បង្សុកូល លាយឡំជា​មួយ​ខ្លិន​ផ្សែងធូប​ ពលរដ្ឋ​កម្ពុជា និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​​បានមក​ជួបជុំ​គ្នាប្រារព្ឋ​ “ទិវា​ជាតិ​នៃ​ការ​ចង​ចាំ” ​នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។

ជា​កម្មវិធី​ប្រចាំឆ្នាំ​ក៏ពិតមែន ប៉ុន្តែការ​ប្រារព្ឋទិវាឆ្នាំនេះបាន​ធ្វើឡើងមួយខែបន្ទាប់​​ពី​ខួប ៥០ឆ្នាំ នៃព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដ៏ជូរចត់មួយ​នៅ​ថ្ងៃទី១៧ មេសា ឆ្នាំ​២៩៧៥​ នៅ​ពេល​ដែល​ក្រុម​ខ្មែរក្រហមដណ្តើម​បាន​អំណាច ហើយ​ប្រែក្លាយ​ប្រទេសកម្ពុជា​ឱ្យ​ទៅជា​វាលពិឃាត។ 

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធី “ទិវា​ជាតិ​នៃ​ការ​ចងចាំ” ក្នុង​នាម​ជា​តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម​ ឃួង ស្រេង បាន​អាន​សារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី​ ដែលគូសបញ្ជាក់ថា “ទិវាជាតិនៃការ​ចងចាំ បានរួមចំណែកក្នុងការផ្សះផ្សារ ជំរុញ​ឱ្យមានសុខដុមនីយកម្មក្នុ្ងសង្គមកម្ពុជានិងបានលើកកម្ពស់ការផ្សព្វ​ផ្សាយ និងការយល់ដឺងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់​និងបង្ការកុំ​ឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៏បែបនេះកើតមានឡើងសាជាថ្មី”។

ប្រ​ជាជន​កម្ពុជាជាង​ ១,៧​លាននាក់ ត្រូវ​បាន​ស្លាប់​ដោយសារ​អត់​អាហារ, ការ​បង្ខំ​ឱ្យ​​ធ្វើ​ការ​លើសកម្លាំង,​ ជំងឺ, ​ទារុណកម្ម និង​ការ​សម្លាប់​រង្គាល​​ក្នុងអំឡុង​ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃ​របបកម្ពុជា​ប្រជា​ធិបតេយ្យ មុន​នឹង​ប្រទេស​ត្រូវ​បាន​រំដោះ​នៅថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។​

ពី ចងកំហឹង ទៅជា​ ការ​ចងចាំ

ថ្ងៃទី ២០ ខែឧសភា ដើមឡើយ ធ្លាប់ត្រូវបា​នគេស្គាល់ថាជា “ទិវាចងកំហឹង”។ នៅ​ក្នុង​សារលិខិត​សម្រាប់​ទិវានេះ សម្តេចនាយករដ្ឋ​មន្ត្រី​  ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា នេះ គឺ​​ថ្ងៃ​ដែលក្រុម​ខ្មែរក្រហម ក្នុង​ឆ្នាំ១៩៧៣ ចាប់ផ្ដើមបង្កើត សហករណ៍ និងលុបបំបាត់កម្មសិទ្ធិឯកជននៅក្នុង​តំបន់​រំដោះដែល​ពួកគេ​កាន់​កាប់, និង​​ក្រោយ​មកទៀត រៀបចំផែនការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​ទ្រង់​ទ្រាយ​ធំ​ រួមមាន​ ការបណ្តេញ​ប្រជាជនចេញ​ពីទីក្រុង ការចាប់ខ្លួន ការ​ធ្វើ​ទារុណកម្ម​ ការបង្ខំរៀបអាពាហ៍ពិពាហ៍ ការកាប់សម្លាប់ និងការរើសអើងជាប្រព័ន្ធ។  នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ​​រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា អនុម័តយកថ្ងៃទី ២០ ខែឧសភា ជាថ្ងៃនៃ “ទិវាចងកំហឹង”។ ចាប់​ពីឆ្នាំ១៩៨៤ មក “ទិវាចងកំហឹង” ត្រូវ​បាន​ប្រារព្ឋ​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ដើម្បីជា​ការ​ចងកំហឹងចំពោះ “បនប្រល័យពូជសាសន៍​ប៉ុល ពត អៀង​ សារី និង​ ខៀវសំផន” ដែល​ដែល​ជា​មេដឹកនាំរបបកម្ពុជា​ប្រជាធិបតេយ្យ​។ ក្រោយ​ឆ្នាំ​១៩៩៣ ឈ្មោះនេះ​ត្រូវ​បាន​ប្តូរ​ទៅ​ជា “ទិវា​ចងចាំ” រហូតដល់​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ទើបរាជរដ្ឋា​ភិបាលសម្រេចប្តូរម្តងទៀត ទៅជា “ទិវាជាតិនៃការ​ចងចាំ” វិញ។

លោក ស្ងួន សុធារិទ្ធ មន្ត្រីផ្នែកច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មាន​ប្រសាសន៍​ថា ការរំឭកនិងការចងចាំ ប្រៀបបាន​នឹង “សំណង”​ មួយ​ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរកយុត្តិធម៌ជូន​អ្នក​ដែល​បាន​បាត់​បង់​ជីវិតទៅ និងជូន​​អ្នកដែលនៅរស់រាន​មាន​ជីវិត​ ក្នុង​ការស្ដារនីតិសម្បទាឱ្យ​បានធូរស្បើយពីការគ្រាំគ្រា​ផ្លូវចិត្ត ដែល​របបខ្មែរក្រហម​បាន​បន្សល់​ទុកមកទល់​បច្ចុប្បន្ន​។ 

មេរៀនសម្រាប់ក្មេងជំនាន់ក្រោយ

“ទិវាជាតិនៃការចងចាំ” មិនត្រឹមតែជាការរំឭកដល់ការបាត់បង់នោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការការ​ពារសន្តិភាព កុំឱ្យ​ប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះកើតឡើងសាជាថ្មី។

ហង្ស ថេងហេង ជាសិស្សថ្នាក់ទី១២មួយរូប​មកពីវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ដែលបាន​ចូល​រួម​ជា​មួយ​ពលរដ្ឋ​ច្រើន​រយ​នាក់​ផ្សេងទៀត ក្នុង​ការ​ប្រារព្ឋទិវា​នេះ​​នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ សិស្ស​រូប​នេះនិយាយថា៖ “ពេលមកដល់ទីនេះ វាធ្វើឱ្យយើងដឹងថា កម្ពុជាធ្លាប់ឆ្លងកាត់ទុក្ខលំបាកពិតមែន ហើយពិតជាគួរឱ្យអណោចអធមណាស់។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជំនាន់ក្រោយ ដែលជាអ្នកបន្តវេន សូមឱ្យប្អូនៗរៀនស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានច្រើន ហើយក្រឡេកមើលទិដ្ឋភាពសង្គមក្នុងអតីតកាលដ៏ឈឺចាប់នោះ។ ដូច្នេះហើយ នៅពេលបច្ចុប្បន្ន យើងគួរបន្តចូលរួមគ្នាដើម្បីសុខសន្តិភាពទាំងអស់គ្នា។”

លោកស្រី សុ ខន មកពីសង្កាត់និរោធ មានអារម្មណ៍ក្ដុកក្ដួល នៅពេលទស្សនាសិល្បៈករសម្តែង​រំឭកអំពីទង្វើ​ឃោរឃៅ​ដែល​ពួកខ្មែរ​ក្រហម​បាន​ធ្វើមកលើប្រជាជនកម្ពុជា។ លោកស្រី​មាន​ប្រសាសន៍ថា៖ “យើងបានជួបការឈឺចាប់ខ្លាំងណាស់ក្នុងជំនាន់ប៉ុល ពត ហើយយើងមិនអាចបំភ្លេចបានទេ។​ ការសម្ដែងនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ការពិតវាធ្ងន់ធ្ងរជាងនេះទៅទៀត។ សូមឱ្យក្មេងៗមានការចងចាំការឈឺចាប់នេះ កុំឱ្យភ្លេចខ្លួន។”

អ្នកគ្រូ អ៊ុន ប៊ុនលាភី ដែលបង្រៀនប្រវត្តិវិទ្យានៅវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង បានដឹកនាំសិស្សានុសិស្សមក​ចូលរួមពិធីនៅជើងឯកដែរ។ អ្នក​គ្រូ​ពោលទាំងក្តុកក្តួលថា ទោះបី​ជា​ប្រទេសមាន​សន្តិភាព និង​ការរីកចម្រើនខ្លាំង ក៏ពិតមែន “យើងនៅតែបន្តរំលឹកថ្ងៃដ៏ឈឺចាប់នេះ ដើម្បីចងចាំការសម្លាប់រង្គាលជាតិសាសន៍ឯងពីសម័យខ្មែរក្រហម”។ អ្នកគ្រូពោល​ទៀត​ថា៖ “ខ្ញុំចង់ប្រាប់ក្មេងៗ និងសិស្សានុសិស្សជំនាន់ក្រោយថា ការយល់ដឹងពីប្រវត្តិសាស្ត្រ ជាពិសេសរបបខ្មែរក្រហម គឺជារឿងសំខាន់ណាស់។ យើងត្រូវចងចាំរឿងរ៉ាវដ៏ឈឺចាប់ទាំងនោះ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រកើតឡើងសាជាថ្មី។ សូមឱ្យក្មេងៗជំនាន់ក្រោយសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីទិវាជាតិនៃការចងចាំនេះ និងចូលរួមថែរក្សាសន្តិភាព ដែលជាសមិទ្ធផលដ៏ថ្លៃថ្លា។”

Leave a Comment

Your email address will not be published. Required fields are marked *