លោក ឆាំង យុ – ការចងចាំអំពីថ្ងៃមួយកាលពី ៥០ឆ្នាំ មុន

លោក​ ឆាំង យុ ថតរូបជាមួយ​អ្នក​ស្រុក​នៅ​ភូមិ​ខ្មែរលើ ខេត្ត​តាកែវ នៅ​ឆ្នាំ​១៩៩៥។ រូបថតដោយ៖ Craig Etcheson/DC-CAM

ដោយ៖​ នី ចាន់​វត្តី និង យ៉ាម៉ា ដួង​ច័ន្ទ​វត្តី

នៅ​ថ្ងៃទី​១៧​ ខែ​មេសា ឆ្នាំ​១៩៧៥ ក្រុម​បដិវត្តន៍​​​ខ្មែរក្រហមឡើង​កាន់​កាប់​​​​​​អំណាច​នៅប្រទេស​​កម្ពុជា​ បន្ទាប់​ពី​បាន​​ផ្តួលរំលំ​របប​សាធារណៈរដ្ឋខ្មែរ​​របស់លោក លន់ នល់ តាមរយៈសង្គ្រាម​ស៊ីវិល​អស់​រយៈពេល​ប្រាំឆ្នាំ។ សម័យ​អន្ធការ​បាន​​បើក​ទំព័រ​នៅ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​កម្ពុជា។ អស់​​​​​រយៈពេល ៣ឆ្នាំ ៨ខែ និង​ ២០ថ្ងៃ ប្រទេស​​កម្ពុជា​បាន​ក្លាយ​ជា​វាល​ពិឃាត។ ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ បាន​ស្លាប់​ដោយ​សារការបង្អត់អាហារ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការលើសកម្លាំង​ និងការប្រហារជីវិត ក្រោមការ​ដឹក​នាំ​ដ៏ឃោរឃៅរបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហម។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជា​ខួប​ ៥០​ឆ្នាំ នៃការ​ចាប់​ផ្តើម​​ទំព័រ​ប្រវត្តិ​សាស្ត្រ​ដែល​ពោរពេញ​ដោយស្នាមលោហិត និង​វិនាសន្តរាយ។ ពិតណាស់ វា​មិន​មែន​ជា​ទិវា​នក្ខត្តឫក្សដែលគួរ​ឱ្យ​សាទរឡើយ។ យ៉ាងណាក៏ដោយ​ ក្នុង​ន័យកត់​ត្រាការ​​ចងចាំជាប្រយោជន៍​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​, កញ្ញា នី ចាន់​វត្តី និង កញ្ញា យ៉ាម៉ា ដួង​ច័ន្ទ​វត្តី បានសម្ភាស លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-CAM) ឱ្យ​ចែករំលែក​អំពី​ដំណើរ​ព្រាត់​ប្រាស់ ការជួបជុំ និង​ការ​បាត់​បង់​ ដែល​រូប​លោកផ្ទាល់ កាលនោះជាក្មេងប្រុសម្នាក់​ និង​ក្រុម​គ្រួសារ​ បាន​ឆ្លងកាត់​ក្រោម​របបកម្ពុជាប្រជាធិបតេយ្យ។

សំណួរ៖ តើលោកពូអាចណែនាំខ្លួនបានទេ? តើលោកពូឈ្មោះអ្វី? កើតនៅថ្ងៃខែឆ្នាំណា? ស្រុកកំណើតនៅឯណា? តើគ្រួសារលោកពូមានសមាជិកប៉ុន្មាននាក់?

ចម្លើយ៖ ខ្ញុំឈ្មោះ ឆាំង យុ កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៦១ នៅទួលគោក ភ្នំពេញ។ គ្រួសារខ្ញុំមានសមាជិក ១០ នាក់ ក្នុងនោះស្លាប់ ៦ នាក់ ហើយឥឡូវនៅសល់ ៤ នាក់។ ខ្ញុំជាកូនពៅ។ ម្ដាយខ្ញុំឈ្មោះ កែវ ណាន បានស្លាប់ក្នុងឆ្នាំ ២០២៣ ក្នុងអាយុ ៩៦ ឆ្នាំ ចំណែកឪពុកខ្ញុំបានស្លាប់យូរហើយ។

លោក ឆាំង យុ ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កាន់​ស្រុក បុរីអូស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង ឆ្នាំ​២០២៤។ រូបថត​ដោយ៖ អ៊ឹម បញ្ញា/DC-CAM

សំណួរ៖ តើពូមានអាយុប៉ុន្មានពេលដែលខ្មែរក្រហមចូលមកភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥?

ចម្លើយ៖ ពេលនោះខ្ញុំមានអាយុប្រហែល ១៣ ជិត ១៤ ឆ្នាំ។ ពេលនោះខ្ញុំកំពុងរៀននៅវិទ្យាល័យពៅ អ៊ុំ ដែលក្រោយមកប្តូរឈ្មោះជាសាលាឥន្ទ្រទេវី។

សំណួរ៖ តើពូដឹង ឬឃើញអ្វីខ្លះនៅពេលដែលខ្មែរក្រហមចូលមកដល់ទីក្រុងភ្នំពេញ​?

ចម្លើយ៖ ខ្ញុំមិនដឹងអីបន្តិចសោះ។ ពេលនោះ ខ្ញុំចាំថាមិនសូវបានរៀនទេ ព្រោះតែងមានគ្រាប់ផ្លោងមកពីអរិយក្សត្រជាកន្លែងខ្មែរក្រហមនៅ។ គ្រូប្រាប់ថា «ក្រពះមិនឆ្អែត បង្រៀនមិនកើត» ព្រោះគ្រូភាគច្រើនអត់លុយទិញអង្ករ។ ជំនាន់នោះក៏មានជនភៀសខ្លួនជាច្រើនមកពីតាមខេត្តរស់នៅទីក្រុងតាមដងផ្លូវផងដែរ។ ម្ដាយខ្ញុំក៏គិតចង់ប្ដូរទៅនៅអគារប៊ូឌីញស ព្រោះឪពុកមាមានផ្ទះនៅទីនោះ។ ដល់ពេលថ្ងៃមួយ ខ្ញុំនៅម្នាក់ឯង(នៅទួលគោក) គ្មានអ្នកណាមកយកទេ ដោយបាត់ដំណឹងសូន្យឈឹងគ្មានអ្នកណាមកយកខ្ញុំទៀត ហើយសំឡេងគ្រាប់បែកក៏ស្ងាត់ទៅៗ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែក។ ចេញមកក្រៅផ្ទះនៅទួលគោក ខ្ញុំមិនឃើញមនុស្សទេ ឃើញតែគ្រួសារចិនលក់គុយទាវក្បែរផ្ទះកំពុងនិយាយគ្នា។ គាត់ហៅខ្ញុំឱ្យទៅជាមួយ តែខ្ញុំងឿងឆ្ងល់ ព្រោះខ្ញុំមិនបានដឹងអ្វីទាល់តែសោះអំពីការចូលមករបស់ប៉ុលពត។ គាត់ប្រាប់ថា “គេចេញអស់ហើយ ឱ្យខ្ញុំទៅជាមួយ” តែខ្ញុំបានបដិសេធ ព្រោះម្ដាយខ្ញុំបានផ្ដាំឱ្យចាំផ្ទះ គាត់នឹងមកយកខ្ញុំក្នុងពេលបន្តិច​ទៀតនេះ។ គ្រួសារចិននោះក៏ចាកចេញទៅបាត់។ ផ្លូវនៅទួលគោកក្បែរសាលាពៅ អ៊ុំ ស្ងាត់ជ្រងំ ខ្ញុំឯកោខ្លាំងណាស់។ ប្រហែល ៣-៤ ថ្ងៃក្រោយ ខ្ញុំឃើញទាហានខ្មែរក្រហមដើរចូលមក ខ្ញុំដឹងភ្លាម ព្រោះគេពាក់ក្រមា សម្លៀកបំពាក់ខ្មៅ កាន់កាំភ្លើង ​និងក្លិនខ្លួនរបស់ពួកគេ ខ្ញុំស្គាល់ច្បាស់ក្លិនអាចម៍គោ ហើយស្អប់វាយ៉ាងខ្លាំង។ ខ្ញុំចាំបានថា នៅពេលនោះមានទាហាន ៣ នាក់បានមកប្រាប់ខ្ញុំឱ្យចាកចេញពីផ្ទះនៅទួលគោក។

ពេលនោះ ខ្ញុំបានចាកចេញទៅតែម្នាក់ឯង ព្រោះម្ដាយ ឪពុក និងបងប្អូនបានចាកចេញអស់ហើយ អ្នកជិតខាងក៏ស្ទើរតែទាំងអស់គ្នាដែរ។ ខ្ញុំបានដើរតែម្នាក់ឯងរហូតដល់ផ្លូវមិត្តភាពសូវៀត (បច្ចុប្បន្នផ្លូវសហព័ន្ធរុស្ស៊ី)។ ពេលចេញមកដល់ភ្លាម ខ្ញុំឃើញមនុស្សប្រហែលមួយលាននាក់កំពុងធ្វើដំណើរពេញផ្លូវយ៉ាងច្រើនកុះករ ធ្វើឱ្យពួកយើងភ្ញាក់ផ្អើល តែគ្មានអ្នកណានិយាយអ្វី គ្រប់គ្នានៅស្ងាត់ ឮតែសំឡេងជើង។

ធំដឹងក្ដីក្នុងសង្គ្រាម ឮកាំភ្លើងរាល់ថ្ងៃ តែពេលមកដល់ផ្លូវសហព័ន្ធរុស្ស៊ី ខ្ញុំធូរស្រាលព្រោះលែងឮសំឡេងនោះទៀត ស្ងប់ស្ងាត់ ដូចបានជួបសន្តិភាពលើកដំបូង។ ពេលនោះ ខ្ញុំមានកង់ ថង់យាម សៀវភៅរឿងប្រជុំរឿងព្រេងភាគទី៧ ខោខូវប៊យ ស្បែកជើងសង្រែក និងខោខ្លីតាមខ្លួន។ ឃើញហ្វូងមនុស្សប្រហែលមួយលាននាក់ធ្វើដំណើរពេញផ្លូវដ៏វែង ខ្ញុំងឿងឆ្ងល់ មិនដឹងទៅណា ឬធ្វើអ្វីបន្ត ដូចខ្មែរថា «ស្ងប់ស្ងាត់តែរន្ធត់» ខ្ញុំខំដើររកអ្នកស្គាល់ តែរកមិនឃើញ។

កំហឹងកើតក្នុងចិត្ត ហេតុអ្វីមិនជួបអ្នកស្គាល់? ភាពឯកោគ្របដណ្ដប់ខ្ញុំទាំងស្រុង។ ខ្ញុំសួរអ្នកធ្វើដំណើរ តែគ្មានអ្នកឆ្លើយ។ ដល់ព្រលប់ ទាហានខ្មែរក្រហមផ្សាយឱ្យទៅស្រុកកំណើតរៀងៗខ្លួន ខ្ញុំឆ្ងល់ បើស្រុកកំណើតខ្ញុំនៅទួលគោក ភ្នំពេញ តើខ្ញុំទៅណា? ភ្លាមនោះ នឹកឃើញស្រុកកំណើតម្ដាយនៅតាកែវ គិតថាទៅទីនោះប្រហែលជាជួបគាត់។ ពេលធ្វើដំណើរ អ្នកផ្សេងមានអាហារ តែខ្ញុំគ្មានអ្វីសោះ។ ខ្ញុំសួរទាហានខ្មែរក្រហមដោយសំឡេងញ័រៗថា «បើខ្ញុំធ្វើដំណើរម្នាក់ឯងអត់មានបាយហូប តើអាចសុំចំណែកខ្លះបានទេ?»។ ទាហានម្នាក់ឱ្យនំអាកោត្នោតធំមួយដល់ខ្ញុំ ហើយប្រាប់ខ្ញុំពេលធ្វើដំណើរទៅតាមផ្លូវឱ្យសួរទាហានបន្តទៀត។

សំណួរ៖ តើពេលហ្នុង​ពូមានអារម្មណ៏យ៉ាងម៉េចដែរពេលធ្វើដំណើរជាមួយប្រជាជនដទៃទៀត?

ចម្លើយ៖ កាលនោះខ្ញុំអាយុ ១៣ ឆ្នាំ។ ខ្មែរក្រហមបានណែនាំ និងឱ្យអាហារខ្ញុំហូបរហូតដល់តាកែវ។ ប្រជាជនដែលធ្វើដំណើរជាមួយគ្នាតាមផ្លូវ មិនមានអ្នករាក់ទាក់ ឬនិយាយជាមួយយើងទេ ព្រោះគេខ្លាច។ សាមសិប​ឆ្នាំក្រោយ ប្រជាជនដែលធ្វើដំណើរជាមួយគ្នា សុទ្ធសឹងជាជនរងគ្រោះដែលខ្ញុំកំពុងរកយុត្តិធម៌ឱ្យ ហើយអ្នកដែលឱ្យអាកោត្នោតខ្ញុំ បែរជាអ្នកដែលខ្ញុំចង់ចាប់ដាក់គុកទៅវិញ។ ប្រសិនបើមានអ្នកដំណើរណាម្នាក់រាក់ទាក់ ឬនិយាយឆ្លើយឆ្លងមកខ្ញុំ ប្រហែលជាខ្ញុំ​នឹកឃើញដល់សព្វថ្ងៃ។ ប៉ុន្តែអត់មាន! អ៊ីចឹងហើយ «អ្នកដែលធ្លាប់បែរខ្នងដាក់យើង ទៅជាអ្នកដែលយើងខំប្រឹងរកយុត្តិធម៌ឱ្យ ដែលយើងហៅថាជាជនរងគ្រោះ រីឯអ្នកដែលធ្លាប់ជួយយើង ឱ្យជួបជុំគ្រួសារ ឱ្យអាហារ បែរជាយើងហៅថាជាជនដៃដល់វិញ»។

សំណួរ៖ តើពូចំណាយពេលប៉ុន្មានថ្ងៃទើបដល់តាកែវ?

ចម្លើយ៖ គឺពិតជាយូរ។ ខ្ញុំចាំថាកាលចេញពីភ្នំពេញ គឺមានមនុស្សច្រើន តែយូរទៅៗមនុស្សហាក់ដូចជាស្បើយទៅៗ។ ខ្ញុំរកតែទាហានខ្មែរក្រហមទេ ព្រោះឱ្យតែសួរពួកនោះ គេតែងប្រាប់រហូត។ អ្នកស្រុកដូចគ្នា ប្រជាជនដូចគ្នា សួរទៅពុំមាននរណាប្រាប់នោះទេ។ ទាហានខ្មែរក្រហមសួរខ្ញុំថា «ទៅណា?» ខ្ញុំឆ្លើយថាទៅភ្នំជីសូរ។ ខ្ញុំភ្លេចឈ្មោះភូមិរបស់ម្ដាយខ្ញុំ ព្រោះខ្ញុំធ្លាប់ទៅលេងនៅឆ្នាំ ១៩៦៨-៦៩។ ខ្ញុំចាំភ្នំជីសូរបាន ហើយក៏ប្រាប់ខ្មែរក្រហមថា «ឱ្យតែដល់ភ្នំជីសូរ ខ្ញុំរកឃើញផ្ទះហើយ»។ ទាហានខ្មែរក្រហមប្រាប់ថា «មិត្តឯងដើរតាមផ្លូវនេះ ផ្លូវនោះទៅ»។ ខ្ញុំធ្វើដំណើរតាមផ្លូវស្ទឹងមានជ័យ និងផ្សារដើមគរ។ ខ្ញុំទើបតែដឹងរឿងនេះនៅពេលក្រោយ ព្រោះពីមុនមកខ្ញុំមិនដែលចេញពីភ្នំពេញម្នាក់ឯងទេ។ ខ្ញុំចាំថាអាកាសធាតុក្ដៅខ្លាំង ប៉ុន្តែភ្លាមៗនោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ ពេលនោះហើយដែលខ្ញុំបោះចោលស្បែកជើង និងកង់ ហើយសម្រេចចិត្តធ្វើដំណើរទៅភ្នំជីសូរ។ ទាហានខ្មែរក្រហមសួរខ្ញុំម្តងហើយម្តងទៀតថា «មិត្តឯងរកមិនឃើញមែនទេ? គេនាំគ្នាទៅតាមក្រុមគ្រួសារ និងស្រុកភូមិអស់ហើយ»។ ខ្ញុំឆ្លើយថា «ឱ្យតែដល់ភ្នំជីសូរ ខ្ញុំរកឃើញផ្ទះហើយ»។

ពេលល្ងាច ពេលដែលសម្លៀកបំពាក់ខ្ញុំសើមជោក ខ្ញុំក៏បានទៅដល់ភ្នំជីសូរ ហើយបានជួបទាហានខ្មែរក្រហមស្លៀកពាក់ខ្មៅ និងកាន់កាំភ្លើងជាច្រើននាក់។ ខ្ញុំចាំថានៅពេលនោះមានស្ត្រីម្នាក់ ប៉ុន្តែខ្ញុំមិនចាំតួនាទីរបស់គាត់ទេ គាត់បានហៅខ្ញុំទៅងូតទឹក ហើយឱ្យក្រមា ខោអាវមួយឈុតមកខ្ញុំ។ កាលនោះ ពួកគេមានកិច្ចប្រជុំអង្គការមួយដែលនិយាយអំពីខ្ញុំ។ ខ្ញុំមិនសូវច្បាស់ទេ ប៉ុន្តែគ្រាន់តែចាំថាស្ត្រីនោះសុំឱ្យខ្ញុំនៅជាមួយគាត់ ព្រោះខ្ញុំគ្មានឪពុកម្ដាយនៅជាមួយទេ។ ដូច្នេះហើយ ពួកគេឱ្យខ្ញុំនៅជាមួយអង្គការ ដើម្បីឱ្យអង្គការចិញ្ចឹម និងធ្វើការឱ្យអង្គការវិញ។ ប៉ុន្តែខ្ញុំបានបដិសេធ ហើយនិយាយថាខ្ញុំចង់ទៅព្រៃល្វា។ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមនឹកឃើញថានៅព្រៃល្វា ខ្ញុំមានផ្ទះឪពុកមាឈ្មោះ កែវ អឿន (ប៉ូលីសអឿន)។ ខ្ញុំធ្លាប់ទៅលេងផ្ទះជីតាខ្ញុំ ហើយមុននឹងចូលផ្ទះជីតា ខ្ញុំតែងតែទៅលេងផ្ទះឪពុកមានៅព្រៃល្វាសិន។ ពេលនោះហើយដែលខ្ញុំចាំបានបន្តិចម្ដងៗ អំពីផ្លូវ ភូមិ និងផ្ទះជីតាខ្ញុំ។ ទាហានខ្មែរក្រហមបាននិយាយថា «បើមិត្តឯងចង់ទៅ មានគេប្រាប់ផ្លូវហើយ កុំភ្លេចសួរអង្គការបន្ថែមផង»។ ខ្ញុំក៏បាននឹកឃើញបន្តិចម្ដងៗ។ អ្វីដែលខ្ញុំចាំបានជាងគេគឺស្លឹកសង្កែ ព្រោះនៅតាកែវមានស្លឹកសង្កែច្រើនណាស់។ ខ្មែរក្រហមបានចែកនំអាកោត្នោតធំមួយទៀត។ ខ្ញុំគិតថានេះប្រហែលជាអាហារដែលនៅសល់ពីសង្គ្រាម ឬស្បៀងដែលពួកគេយកតាមខ្លួនពេលទៅធ្វើសង្គ្រាម។ ដូច្នេះហើយ ខ្ញុំក៏បានយកនំអាកោត្នោតនោះពីរឬបី តាមខ្លួន និងមានក្រមាមួយឈុត និងខោអាវទុកផ្លាស់ប្តូរផងដែរ រួចធ្វើដំណើរថ្មើរជើងរហូតទៅដល់ផ្ទះនៅព្រៃល្វា។

ពេលធ្វើដំណើរ ខ្ញុំក៏ដើររកផ្លូវចូលទៅផ្ទះជីតាខ្ញុំ ប៉ុន្តែរកមិនឃើញ។ ខ្ញុំនឹកឃើញតែវិទ្យាល័យនាងសោម៉ា និងផ្សារព្រៃល្វាជិតផ្ទះពូ និងអ៊ុំអាត(ប្រពន្ធចុងឪពុកមាឥឡូវរស់នៅសហរដ្ឋអាមេរិក)។ ខ្ញុំប្រាប់ទាហានខ្មែរក្រហមថាភូមិនោះឈ្មោះភូមិខ្មែរលើ តែពួកគេមិនស្គាល់។ ខ្ញុំគិតថាខ្មែរក្រហមមកពីតំបន់ផ្សេងៗគ្នា ហើយគ្មាននរណាម្នាក់នៅទីនោះទេ។ ខ្ញុំឆ្ងល់ណាស់ ដើររកច្រកចូលមិនឃើញ។ ពេលនោះហើយក៏មានទាហានម្នាក់សួរខ្ញុំថា «តើអ្នករកទៅណា?» ខ្ញុំឆ្លើយថា «ខ្ញុំទៅរកភូមិខ្មែរលើ»។ ពេលនោះហើយដែលខ្មែរក្រហមសួរថា «តើនៅភូមិតាខុនឬ?» ទើបពួកគេប្រាប់ផ្លូវខ្ញុំ។

ការពិតគឺនៅក្បែរនោះក៏មានផ្លូវតូចមួយទៀត ដុះដើមសង្កែព័ទ្ធជុំវិញ។ ខ្ញុំស្មានៗក៏បត់ចូលតាមផ្លូវនោះទៅ ហើយនឹកឃើញថានៅនៅក្បែរផ្ទះឪពុកមាខ្ញុំ មានសាលាបឋមបានកាម។ ពេលនោះ ខ្ញុំក៏ចាប់ផ្ដើមនឹកឃើញលក្ខណៈផ្ទះ និងផ្លូវទៅផ្ទះជីតាខ្ញុំបន្តិចម្ដងៗ។ ខ្ញុំចាំបានថាផ្ទះជីតាមានស្រះទឹកធំមួយ និងដើមអំពិលធំមួយដើម។ រៀងរាល់រដូវប្រាំង ស្រះទឹកនោះរីងហួត ហើយជីដូនខ្ញុំតែងតែដុតនំធ្រៀបឱ្យចៅៗដែលមកពីភ្នំពេញញ៉ាំ ដល់រដូវវស្សាវិញ មានភ្លៀងធ្លាក់ ស្រះទឹកនោះពេញដោយទឹក ដែលអ្នកភូមិអាចចែកគ្នាប្រើប្រាស់បាន។ ទីបំផុត ខ្ញុំក៏រកឃើញផ្ទះនោះ ប៉ុន្តែស្រះទឹកធំដែលខ្ញុំធ្លាប់ស្គាល់ បានប្រែជាទួលដីធំមួយទៅវិញ។

ពេលនោះស្រាប់តែមានអ៊ុំស្រីម្នាក់ហៅខ្ញុំមកសួរថា «ស្គាល់គាត់ទេ?» គាត់សួរខ្ញុំថា «ឯងកូនមីងណានឬ?» ខ្ញុំឆ្លើយថា «ពិតមែនហើយ»។ គាត់ឃើញខ្ញុំហើយក៏យំ។ គាត់ឈ្មោះអ៊ុំស៊ុម ដែលជាជីដូនមួយរបស់ម្ដាយខ្ញុំ។ គាត់ថាខ្ញុំមានមុខដូចម្ដាយខ្ញុំ។ ពេលនោះហើយដែលគាត់ឃើញខ្ញុំដើរចុះដើរឡើង គាត់ក៏អូសខ្ញុំចូលផ្ទះគាត់។ ក្នុងផ្ទះគាត់មានប្ដីនិងប្រពន្ធគាត់ ប៉ុន្តែអត់មានកូនទេ។ ផ្ទះគាត់នៅក្បែរផ្ទះជីតាខ្ញុំ។ គាត់ថាបងប្អូនខ្ញុំស្លាប់អស់ហើយ នៅសល់តែបងប្អូនជីដូនមួយស្រីៗ ពីរនាក់ឈ្មោះ សុច និង ធី។ បងប្អូនដែលស្លាប់នោះ គឺស្លាប់ដោយសារគ្រាប់បែក B52 ក្នុងសង្គ្រាម។ នៅមុខផ្ទះជីតាខ្ញុំមានស្លាកសញ្ញាគ្រាប់បែកដែលធ្វើជាផ្នូរសម្រាប់អ្នកដែលស្លាប់ដោយសារសង្គ្រាម។

ប៉ុន្មានសប្តាហ៍ក្រោយមក ពេលម្តាយមិនទាន់មកដល់ ខ្ញុំក៏ចាប់ផ្តើមស្គាល់ភូមិ។ ក្នុងពេលនោះ អ៊ុំស៊ុមបានលួចធ្វើសម្លម្ជូរគ្រឿងសាច់គោពីអង្គការឱ្យខ្ញុំ ព្រោះគាត់ឃើញខ្ញុំមិនសូវបានញ៉ាំអ្វី។ គាត់យំពេលទទូចឱ្យខ្ញុំញ៉ាំបាយ។ ក្រោយមក បងប្អូនជីដូនមួយក៏ដុតដំឡូងក្នុងឆ្នាំងដីឱ្យខ្ញុំញ៉ាំ អង្គការមិនថាអីឱ្យនោះទេ។

សំណួរ៖ តើពេលណាទើបម្តាយពូមកដល់?

ចម្លើយ៖ ប្រហែល ៤-៥ ខែបន្ទាប់ពីពូមកដល់ភូមិ ទើបពូបានជួបម្ដាយវិញ។ ពូចាំថា ពេលក្រុមគ្រួសារម្ដាយមកដល់ភ្លាម គេបានដាក់គ្រួសារពូនៅលើរទេះភ្លើងទៅបាត់ដំបង។ អ្នកស្រុកនិយាយថា «យី! នៅមានអ្នកភ្នំពេញមកទៀត»។ ជីដូនមួយពូត្រូវបានមេភូមិសម្លាប់ ព្រោះគេចោទថាគ្រួសារពូជាមន្ត្រីលន់ នល់។ មេភូមិនោះជាមិត្តរបស់ជីដូនមួយពីក្មេង តែបែកបាក់គ្នាដោយសារនយោបាយ។ ភូមិភ្ញាក់ផ្អើល។ ម្ដាយពូមិនត្រូវបានអនុញ្ញាតឱ្យនៅតាកែវ ព្រោះចាកចេញពីស្រុកតាំងពីក្មេង គេចាត់ទុកគាត់ជាអ្នកថ្មី ហើយមេភូមិគ្រោងបញ្ជូនទៅបាត់ដំបង ប្រហែល ៤-៥ ខែទៀតបានទើបពូបានជួបនឹងម្ដាយវិញ។ គាត់ព្យាយាមទៅវៀតណាម តែមិនបាន ត្រឡប់មកវិញ តែមេភូមិមិនឱ្យស្នាក់នៅ ព្រោះស្គាល់គ្រួសារពូ និងចង់សងសឹក ព្រោះចោទថាជាអ្នករត់ចោលស្រុកតាំងពីមានបដិវត្តន៍មក។ ពូមិនដឹងសម័យណាទេ ព្រោះម្ដាយពូចេញពីស្រុកកំណើតតាំងពីក្មេង ហើយពេលគាត់ទៅគាត់មានកូនច្រើនហើយ។ ដូច្នេះគេមិនឱ្យពួកយើងនៅ គេដាក់ពួកយើងលើរទេះគោ ទៅឡើងរទេះភ្លើងនៅ “ពេទ្យកុមារជាតិ” ហើយជិះរទេះភ្លើងទៅដល់ “ព្រះនេត្រព្រះ” បាត់ដំបង។ ពូបានជួបម្ដាយវិញ គឺនៅចុងខែដប់មួយជារដូវច្រូត នៅពេលដែលបានជិះរទេះភ្លើងជាមួយគ្នាចេញទៅបាត់ដំបង។

សំណួរ៖ ឮថាពូត្រូវបានគេចាប់ដាក់ឃុំនៅព្រះនេត្រព្រះបាត់ដំបង?

ចម្លើយ៖ រឿងរ៉ាវចាប់ផ្ដើមពេលបងស្រីពូមានផ្ទៃពោះឃ្លាន។ ពូរត់រកស្លឹកឈើ ប្រមាត់ដីឱ្យគាត់។ ថ្ងៃមួយ ពូលួចកួរស្រូវឱ្យបងស្រីញ៉ាំ ចាប់ត្រីយកទៅអួតម្ដាយ សប្បាយចិត្តពេលឃើញគាត់បានហូប។ លួចបានពីរ បីដង ខ្មែរក្រហមចាប់បានពូ វាយក្បែរអណ្តូងទឹកឱ្យអ្នកភូមិមើល។ ពូរកម្ដាយ តែគាត់មិនជួយ ពូតូចចិត្តនឹងម្ដាយ។ គេអូសពូដាក់គុកស្វាយព្រីងគ្មានដំបូល ពស់ ដង្កូវចូល ជើងពូមានដំបៅដោយសារខ្នោះឈើ។ ពូជាក្មេងតែម្នាក់ក្នុងគុក ធុញទ្រាន់នឹងការស្ដាប់គេសារភាពរាល់យប់ ខ្លួនអត់ខុសក៏ថាខុស សុំគេលើកលែង។ អ្នកទោសម្នាក់ស្គាល់ម្ដាយពូថាពូមុខដូចគាត់។ ពូសុំអ្នកទោសនោះជួយកុហកសុំលើកលែង តែគាត់ខ្លាចគេសម្លាប់ក្រោយ “រៀនសូត្រ”។ យប់នោះ អ្នកទោសនោះសុំអង្គការដោះលែងពូ ព្រោះពូនៅក្មេងមិនដឹងអី គាត់ស្គាល់ឪពុកម្ដាយពូជាមនុស្សល្អ គេក៏ដោះលែងពូ។ ពូភ័យរត់ទៅផ្ទះ ខ្លាចគេចាប់ដាក់គុកម្ដងទៀតពីបទលួចដំឡូង។ ម្ដាយពូចាំគាត់នៅមាត់ទ្វារ។

ប្រហែល ២០-៣០ ឆ្នាំក្រោយ ពូតាមរកអ្នកទោសដែលជួយពូ រកកូនចៅគាត់អត់ឃើញ ដល់ដឹងថាគេសម្លាប់គាត់ ព្រោះគាត់ចេះចាត់ចែងឱ្យអង្គការ។ អ្នកជាប់គុកជាមួយប្រាប់ថាពេលពូចេញផុត គេចាប់គាត់ទៅវាយចោល តែគេថា “យកទៅរៀនសូត្រ”។ ក្រោយមកដឹងថាគេសម្លាប់គាត់ ព្រោះជួយជីវិតពូ គាត់ស្លាប់ខ្លួនឯង។

សំណួរ៖ តើលោកពូអាចប្រាប់បានទេថាលោកពូដល់អាមេរិកនៅឆ្នាំណា?

ចម្លើយ៖ ក្រោយវៀតណាមចូល គ្រួសារពូមកភ្នំពេញ។ ពូចង់រៀនវិញ ឮថាអាចទាក់ទងបងប្អូននៅអាមេរិកបាន តែពូមិនសូវដឹងរឿង ព្រោះពេលនោះពូ ១៧-១៨ ឆ្នាំ។ គេចាប់ផ្ដើមរើសទាហាន វៀតណាមពេញទីក្រុង ម្ដាយបារម្ភពីពូព្រោះផ្ទះគ្មានប្រុសៗ។

អ្នកដែលមានបងប្អូននៅអាមេរិកត្រូវទៅហ្វីលីពីនរៀនភាសា និងជំនាញ រង់ចាំដំណើរការអាមេរិកដែលយូរ។ ពូស្រឡាញ់ហ្វីលីពីនព្រោះគេជួយជនភៀសខ្លួន ព្រោះនៅក្នុងអាស៊ីអាគ្នេយ៍ មានតែហ្វីលីពីនទេដែលចុះសន្ធិសញ្ញាការពារជនភៀសខ្លួន និងជួយពួកយើងខ្លាំងណាស់។ ដំណើរការពីខ្មែរ ថៃ ហ្វីលីពីន ទៅអាមេរិក ត្រូវ ៣-៤ ឆ្នាំ។ ពូបានទៅដល់សហរដ្ឋអាមេរិកប្រហែលជាក្នុងចន្លោះឆ្នាំ ១៩៨៦។

សំណួរ៖ តើអ្វីដែលជំរុញឱ្យពូត្រឡប់មកវិញ ហើយបង្កើត DC-CAM និងបញ្ហាប្រឈមក្នុងការប្រមូលឯកសារប្រវត្តិសាស្រ្ដដើម្បីយកមកចងក្រងសម្រាប់ធ្វើជាឯកសារសំខាន់ៗ?

ចម្លើយ៖ គ្មាននរណាម្នាក់ដែលពូស្រឡាញ់ខ្លាំងជាងម្ដាយទេ ទោះបីជាឃ្លាតឆ្ងាយពីក្មេងដោយសារសង្គ្រាមក៏ដោយ ក៏ពូស្រឡាញ់ម្ដាយជាងគេ។ ពូមានមុខមាត់ដូចម្ដាយ ខុសពីបងស្រីៗដែលដូចឪពុក។ ពូជាកូនពៅនៅក្នុងគ្រួសារ ហើយពូមិនសូវបាននៅជិតម្ដាយប៉ុន្មានទេ។

បញ្ហាប្រឈមក្នុងការប្រមូលឯកសារសំខាន់ៗមាន ៣ ធំៗ៖

ទីមួយ រឿងប្រល័យពូជសាសន៍ ពូគិតជារឿងនយោបាយធ្ងន់ គ្មានអ្នកគាំទ្រក្រៅពីសម្ដេចតេជោ និងអាមេរិកទេ ហើយក៏មិនមានការគាំទ្រច្រើនពីអឺរ៉ុបដែរ ដោយពួកគេគិតថាជាបញ្ហារបស់អាមេរិកទម្លាក់គ្រាប់បែក។ សូម្បីតែនៅអាមេរិក រឿងនេះក៏នៅថ្មីដែរ។ គោលដៅរបស់ពូមិនមែនជាការចរចាផ្នែកការទូតទេ តែជាការដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តបទឧក្រិដ្ឋ។

ទីពីរ បណ្ដាញទំនាក់ទំនងសូន្យ គ្មាននរណាម្នាក់ហ៊ាននិយាយអំពីបញ្ហានេះទេ សូម្បីតែសិស្ស ឬសាលាច្បាប់ក៏ជៀសវាងដែរ។ រដ្ឋាភិបាលនិយាយគ្មានអ្នកជំទាស់ ព្រោះពាក់ព័ន្ធនឹងភាគីច្រើន រួមទាំងព្រះមហាក្សត្រ អាមេរិក អង្គការសហប្រជាជាតិ។

ទីបី ទំហំកិច្ចការធំ ធនធានតិច អាមេរិកផ្ដល់ថវិកាតិចតួច ហើយច្បាប់អាមេរិកតម្រូវឱ្យ ៧០% នៃថវិកានោះត្រូវចំណាយនៅអាមេរិក មិនអាចប្រើប្រាស់នៅកម្ពុជាបានទេ។ វារារាំងមិនឱ្យពួកពូមានលទ្ធភាពជួលបុគ្គលិកខ្មែរមកធ្វើការជាមួយ ដោយសារបញ្ហាកិច្ចព្រមព្រៀង ​និងឯកសារសម្ងាត់ផ្សេងៗដែលចាំបាច់តម្រូវឱ្យមានបុគ្គលិកជាជនជាតិអាមេរិកមកធ្វើការជាមួយវិញ។

ដោយសារស្រឡាញ់ម្ដាយ និងគិតសងសឹក ពូខឹង តែមិនចូលចិត្តគេប្រាប់ ធ្វើតាមតែម្ដាយសប្បាយចិត្ត។ ឃើញ “ម្ដាយ” ច្រើននៅខ្មែរ គោរពស្ត្រី ព្រោះម្ដាយពូសំណាងជាងគេ។ យល់ចិត្តម្ដាយទាំងអស់ ព្រោះម្ដាយពូសំណាងជាងគេ សំណាងរួចផុតទុក្ខ។ ការងារនេះបង្រៀនពូឱ្យបន្តទៅមុខ ដោយស្ដាប់រឿងអ្នកដទៃជាកម្លាំងចិត្ត។ ពូជឿក្តីសង្ឃឹមពីម្ដាយខ្លាំងណាស់ ដាស់តឿនក្មេងៗស្រឡាញ់មើលថែឪពុកម្ដាយ។ គ្មាននរណាឱ្យកម្លាំងចិត្តជាងម្ដាយទេ។

កិច្ចការ DC-CAM ដ៏លំបាកគឺបញ្ហាធនធាន។ យើងព្យាយាមព្យាបាលផ្លូវចិត្តជនរងគ្រោះគ្រប់មធ្យោបាយ។ ទទួលស្គាល់ការខូចខាតពិតជាលំបាក ព្រោះអ្វីៗមិនដូចដើម។ ពូគិតថា ការចងចាំបែកបាក់ (broken memories) គឺជាផលវិបាកផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុតមួយដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍។ របបនេះបានបង្កឱ្យមានភាពភ័យរន្ធត់ ការបាត់បង់មនុស្សជាទីស្រឡាញ់ និងការរងទុក្ខវេទនាយ៉ាងខ្លាំងដែលជនរងគ្រោះបានឆ្លងកាត់ ពិតជាអាចបណ្ដាលឱ្យការចងចាំរបស់ពួកគេប្រេះស្រាំ មិនច្បាស់លាស់ ឬបាត់បង់ផ្នែកខ្លះនៃអនុស្សាវរីយ៍ដ៏សោកសៅទាំងនោះ។ ដូច្នេះ យើងប្រើតុលាការតុលាការ ដើម្បីស្វែងរកយុត្តិធម៌ ការអប់រំ ដើម្បីបណ្ដុះការយល់ដឹង និងការចងចាំត្រឹមត្រូវដល់មនុស្សជំនាន់ក្រោយ និងវិធីសាស្ត្រផ្សេងៗទៀត ក្នុងគោលបំណងព្យាបាល និងផ្សះផ្សាបញ្ហាផ្លូវចិត្តដែលបាក់បែកទាំងនេះ។

ពូមានគោលការណ៍មិនធ្វើពាណិជ្ជកម្មលើការចងចាំ ឬផ្សព្វផ្សាយ DC-CAM ឡើយ ទុកសិទ្ធិអ្នករាល់គ្នាគោរពការចងចាំតាមរបៀបរៀងៗខ្លួន។ ពូមិនបិទគំនិតថ្មីៗ តែមិនគាំទ្រការប្រើទុក្ខសោកជាប្រយោជន៍ផ្ទាល់ខ្លួនទេ។ DC-CAM មិនដែលផ្សព្វផ្សាយទេ តែបើអ្នកចង់ដឹង យើងនៅទីនេះ។

សំណួរ៖ ខ្ញុំចង់ដឹងពីអារម្មណ៍របស់ពូចំពោះអនុស្សាវរីយ៍ ៥០ ឆ្នាំខាងមុខនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម។

ចម្លើយ៖ គេសួរពូថាតើមានកម្មវិធីអ្វីដែរឬទេ? ពូមិនដែលរៀបចំទេ។ គេសួរពូថាតើក្មេងៗបានដឹងពីរឿងខួប ៥០ ឆ្នាំនៃការឡើងកាន់អំណាចរបស់របបខ្មែរក្រហមដែរឬទេ? ពូបានឆ្លើយថា ក្មេងៗជំនាន់ក្រោយនេះប្រហែលជាមិនបានដឹងរឿងរ៉ាវទាំងនេះច្បាស់លាស់ទេ គឺមិនបានដឹងថាខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវឃោរឃៅ ដែលចុងក្រោយត្រូវទទួលផលកម្មពៀរយ៉ាងណានោះទេ។ តាមន័យនេះ ខ្មែរក្រហមតែងតែឆ្លៀតយកឱកាសបុណ្យជាតិ បុណ្យសាសនា មកធ្វើជាពេលវេលាសម្រាប់សម្លាប់ បង្ខំ និងបំផ្លាញពួកយើង។ ប៉ុន្តែនៅពេលចូលឆ្នាំប្រពៃណីខ្មែរមកដល់ ក្មេងៗជំនាន់ក្រោយទាំងនោះនឹងចាប់ផ្ដើមយល់បន្តិចម្ដងៗ ដោយខ្លួនឯង អំពីទង្វើដ៏ឃោរឃៅដែលខ្មែរក្រហមបានប្រព្រឹត្ត។ ឪពុកម្ដាយ ឬជីដូនជីតារបស់យើងតែងតែរំឭកក្នុងឱកាសចូលឆ្នាំថា ខ្មែរក្រហមបានចូលមកក្នុងភូមិ ស្រុក ក្រុង និងជម្លៀសប្រជាជន។ ក្មេងៗមិនចាំបាច់ដឹងរឿងរ៉ាវលម្អិតទាំងអស់នោះទេ តែពួកគេនឹងអាចយល់ពីវប្បធម៌ដែលដូនតាបន្សល់ទុក ដែលបានបង្រៀន និងឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈព័ត៌មានផ្សេងៗ និងអ្វីៗដែលនៅជុំវិញខ្លួនពួកគេ។

ចំពោះខួបអនុស្សាវរីយ៍គម្រប់ ៥០ ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម ពូមិនបានរៀបចំពិធីអ្វីឡើយ។ ពូយល់ឃើញថា អ្វីដែលខ្លាំងពូកែជាងគេនោះគឺការចងចាំរបស់ពួកយើងម្នាក់ៗ ដែលបានចាក់ឫសយ៉ាងជ្រៅ និងបង្ហាញឱ្យយើងដឹង ឃើញ យល់ តាមរយៈការចងចាំផ្ទាល់ខ្លួន វប្បធម៌ដែលបន្សល់ទុកក្នុងគ្រួសារ និងប្រទេសជាតិទាំងមូល។ គ្មានពិធីជួបជុំ ឬការប្រារព្ធណាមួយ អាចមានតម្លៃស្មើនឹងការចងចាំរួមគ្នានេះឡើយ។ ពួកយើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវព្រឹត្តិការណ៍ដ៏សោកសៅនេះ។ ពូបានពន្យល់ថា ការងារដែលទាក់ទងនឹងរឿងរ៉ាវប្រល័យពូជសាសន៍ គឺជាការតស៊ូផ្លូវចិត្តដ៏ធ្ងន់ធ្ងរ មិនមែនជាជ័យជំនះដែលគួរឱ្យត្រេកអរនោះទេ។ ហេតុដូច្នេះហើយ ពូមិនប្រារព្ធពិធីអ្វីទាំងអស់ ពីព្រោះថ្ងៃនេះមិនមែនជាថ្ងៃដែលគួរលើកយកមកអបអរសាទរ ឬយកមកលេងសើចដើម្បីស្វែងរកភាពវិជ្ជមាននោះទេ វាគឺជាថ្ងៃនៃការរំឭក និងការចងចាំដ៏ឈឺចាប់ ដែលមនុស្សគ្រប់គ្នាមិនអាចបំភ្លេចបានឡើយ។

Leave a Comment

Your email address will not be published. Required fields are marked *