ក្រសួងរៀបចំដែនដីប្រាប់ឱ្យ​៤គ្រួសារចុងក្រោយរើចេញពីអគារអង្គរមានជ័យដែលទ្រុឌទ្រោមខ្លាំង

អគារអង្គរមានជ័យ។ រូបថតដោយ ជា សុខហេង

ដោយ រ៉េន ស្រីពេជ និង សេង លីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ – ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានក្រើនរំលឹក​ចុង​ក្រោយ​ឱ្យ​ប្រជាពលរដ្ឋចំនួន ៤គ្រួសារចាកចេញពី​អគារអង្គរ​មានជ័យ​ ដោយសារ​វា​​ទ្រុឌទ្រោម​ខ្លាំង​ អាច​បាក់រលំដោយ​មិន​ឱ្យ​ដឹង​មុន នាំឱ្យ​មាន​គ្រោះ​ថ្នាក់ដល់អាយុជីវិត។

នៅក្នុង​សេចក្តី​ជូនដំណឹងមួយ​ចុះ​ថ្ងៃទី៥ ខែ​ឧសភា ក្រសួង​បា​នឱ្យ​ដឹង​ថា អគារនោះជាអតីតសណ្ឋាគារអង្គរមានជ័យ ស្ថិត​នៅ​លើ​ផ្លូវកែង​រវាង​មហា​វិថី​កម្ពុជា​ក្រោម​ និង​មហា​វិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់មនោរម្យ​ ខណ្ឌ​ ៧មករា។ បច្ចុប្បន្ន​ជា​អគារ​សហកម្មសិទ្ធិ អគារ​នេះមានអាយុកាល ៧៥ឆ្នាំ ​មានកម្ពស់ ៦ ជាន់ និង ១០៧ បន្ទប់។

កន្លងមក ​មានប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ រស់នៅក្នុង​អគារនោះ ប៉ុន្តែ ៦១គ្រួសារ បានរើចេញដោយ​ទទួលយក​ដំណោះស្រាយរបស់ក្រសួង នៅសល់ប្រជាពលរដ្ឋចំនួន ៤ គ្រួសារទៀតដែលនៅតែបន្តរស់នៅ និង​ប្រកប​អាជីវកម្ម​នៅទីនោះ។

ក្រសួងទុកពេល​ឱ្យ​ ៤គ្រួសារនោះចំនួន​ ១៥​ថ្ងៃ – គឺ​រហូត​ដល់​​ថ្ងៃទី​១៩ ខែឧសភា – សម្រាប់​​​ចាកចេញ​ទៅនៅទីផ្សេង ដើម្បីសុវត្ថិភាព​ផ្ទាល់​ខ្លួន។

សេចក្តីជូនដំណឹង​និយាយថា ការពិនិត្យ​និង​វាយ​តម្លៃ​គុណភាពសំណង់ រកឃើញថា សំណង់​អគារនេះ “បាត់បង់​តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំដោយគ្មានការផ្តល់សញ្ញាទុកជាមុនដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់បងប្អូន​​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ។”

ក្រសួងបាន​ណែនាំ​ឱ្យ​រដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការបន្ទាន់ ធ្វើការហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ​ចាប់​ពីថ្ងៃជូន​ដំណឹងតទៅ​។ ក្រោយផុតពេលកំណត់នៃការចាកចេញនៅក្នុង​សេចក្តីជូនដំណឹងនេះ​ ក្រសួងនឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញវាយរំលំអគារនេះ ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

Leave a Comment

Your email address will not be published. Required fields are marked *