រូបតំណាង។ រូបថតដោយ Khun Sodara
ដោយ ជា សុខហេង និង យី សុទ្ធារ័ត្ន និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – ប្រហុកសៀមរាប ពេលនេះ មិនមែនគ្រាន់តែជាអាហារប្រពៃណីខ្មែរមួយមុខមានក្លិនស្អុយខ្លាំងនោះទេ ប៉ុន្តែបានក្លាយជាផលិតក្នុងស្រុកមួយទៀតដែលមានការការពារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ចីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (Geographical Indication/GI)។
ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ ត្រូវបានផ្តល់ជាផ្លូវការក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៥ ខែឧសភា ក្នុងពេលប្រារព្ធពិធីអបអរសាទរទិវាកម្មសិទ្ធបញ្ញាពិភពលោក២០២៥។
សេចក្តីប្រកាសនោះបាននិយាយថា ការផ្តល់ម៉ាកសម្គាល់ភូមិសាស្រ្តនេះ ជាដំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ពិធីនោះមានការចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និង លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចំាកម្ពុជា។
លោកជំទាវ ចម និម្មល មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសថា៖ “ការដាក់ប្រហុកសៀមរាបក្នុងបញ្ជីសម្គាល់ផលិតផលភូមិសាស្រ្តនេះ បង្ហាញពីការខិតខំការពារ និងលើកតម្កើនផលិតផលកម្ពុជា តាមរយៈក្របខណ្ឌកម្មសិទ្ធបញ្ញា។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងទីផ្សារផលិតផល ធានាគុណភាពសម្រាប់អ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងផលិតផលក្នុងស្រុក ទាំងក្នុងនិងក្រៅប្រទេស” ផងដែរ។
ការផ្តល់ម៉ាកសម្គាល់ភូមិសាស្ត្រនេះស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មអង្គការសហប្រជាជាតិ សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម។

រូបថតដោយ Fani Llauradó/WorldFish Cambodia
លោក Igor Driesmans មានប្រសាសន៍ថា ម៉ាកសម្គាល់ជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ជួយដល់ផលិតករខ្នាតតូចក្នុងការអភិរក្សប្រពៃណី។ លោកពោលបន្ថែមថា សហភាពអឺរ៉ុបបានជួយកម្ពុជាអភិវឌ្ឍន៍វិស័យម៉ាកសម្គាល់ភូមិសាស្ត្រជាងមួយទសវត្សរ៍មកហើយ តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ដោយផ្តោតសំខាន់“លើច្រវាក់តម្លៃជលផលមាននិរន្តរភាព និងស្តង់ដាគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក”។
ប្រហុកជាគ្រឿងទេសមានក្លិនស្អុយខ្លាំងប៉ុន្តែចាំបាច់មួយ សម្រាប់គ្រួសារខ្មែរនៅក្នុងការធ្វើម្ហូប។ ប៉ុន្តែសេចក្តីប្រកាសបាននិយាយថា ប្រហុកសៀមរាបជាផលិតផលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈពិសេសដូចទៅនឹង ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរី ផងដែរ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ “ប្រហុកសៀមរាបគឺជាតំនាងនៃការផ្សារភ្ជាប់រវាងប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។”
យោងតាមវ៉ិបសាយរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ប្រហុកសៀមរាបបានក្លាយជាផលិតផលទីបួនដែលទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បន្ទាប់ពី ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និង អំបិលកំពត-កែប។