អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅខែកញ្ញាខាងមុខ

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia

ដោយ នឹម ចាន់ស្រីពេជ្រ និង វី នូថង និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ – អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក នឹងបើកប្រតិបត្តិការជើងហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីចំណាយពេលជាង ៥ឆ្នាំ ក្នុងការសាងសង់។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ដូច្នេះនៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៣ ខែឧសភា។ ឯកឧត្តមបានបន្ថែមទៀតថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នឹងប្រារព្ឋធ្វើក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

កាលពីពេលថ្មីៗនេះ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីល បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាកាសយានដ្ឋានថ្មីនេះ គ្រោងនឹងបើកឱ្យដំណើរក្នុងខែកក្កដា។ ប៉ុន្តែ ការគ្រោងទុកនេះមានការប្រែប្រួល។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍នៅក្នុងសេចក្តីជូនដំណឹងខាងលើថា ថ្ងៃទី៩ ខែកញ្ញា ត្រូវបានកំណត់យក យោងតាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ។

ព្រលានយន្តហោះអន្តរជាតិតេជោ លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ២៦០០ហិកតា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ការសាងសង់បានបើកការដ្ឋាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ជាមួយទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារ (មិនទាន់គិតបញ្ចូលតម្លៃដី) ដែលជាការវិនិយោគរវាងរដ្ឋ និង ក្រុមហ៊ុនឯកជន។ អាកាសយានដ្ឋានថ្មីនេះមានលំដាប់ 4F ដែលអាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំប្រភេទ Airbus A380-800 និង Boeing 747-800 ចុះចតបាន និងអាចទទួលអ្នកដំណើរបានដល់ ១៣លាននាក់ ក្នុងមួយឆ្នាំ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន។

ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបាន “រក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ” បន្ទាប់ពីអាកាសយានដ្ឋានថ្មីបើកប្រតិបត្តិការជើងហោះហើរ។

សម្ដេចមានប្រសាសន៍បញ្ជាក់ថា៖ “គ្មានឡើយការលក់ព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ ឱ្យទៅក្រុមហ៊ុនឯកជននោះទេ។ មិនត្រឹមតែមិនលក់ឲ្យក្រុមហ៊ុនឯកជន ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ៣០០ហិកតា នឹងរក្សាទុកជាទីតាំងប្រវត្តិសាស្រ្ត។ ព្រលានយន្តហោះពោធិ៍ចិនតុង នឹងដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា ហើយកងកម្លាំងប្រដាប់អាវុធនឹងចូលរួមការពារសន្តិសុខ ទ្រព្យសម្បត្តិរបស់រដ្ឋ រួមទាំងការការពារ និងល្បាតជាប់ជាប្រចាំ នៅទីតាំងព្រលានចាស់”។

Leave a Comment

Your email address will not be published. Required fields are marked *