ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ – ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមថែរក្សាការពារចីរភាពបរិស្ថាន តាមរយៈយុទ្ធនាការប្រយុទ្ធ​ប្រឆាំងការបំពុលដោយប្លាស្ទិក ដែលការប្រើប្រាស់កំពុងតែមានការកើនឡើងនៅក្នុងប្រទេស។

ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តមសីហនុ ព្រះមហាក្សត្រនៃប្រទេសកម្ពុជា មានបន្ទូលបែបនេះនៅក្នុងឱកាសដែលទ្រង់យាងថ្លែងព្រះរាជសន្ទរកថាក្នុងទិវាបរិស្ថានជាតិ និង​ បរិស្ថានពិភពលោកក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” (​Beat Plastic Pollution) នៅព្រឹកថ្ងៃទី៥ ខែមិថុនា  ឆ្នាំ២០២៥។ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ឋធ្វើនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកតាសេក​​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា​ ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំនេះ គឺជាការក្រើនរំឮក និងអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទ្រង់មានព្រះរាជបន្ទូលថា៖ “ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និង បុគ្គលគ្រប់រូប ទាំងកម្រិតជាតិ តំបន់ និង អន្តរជាតិ”។ 

លើស​ពីនេះ ព្រះ​មហា​ក្សត្រលើកទឹកចិត្ត​ឱ្យ​មានការបន្តកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថានក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និង ចីរភាពស្របតាមទិសស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ទីក្រុងភ្នំពេញផលិតសំរាមជាមធ្យម ២,២១៦តោនក្នុង​មួយ​ថ្ងៃ។ របាយការណ៍ដដែលបង្ហាញថា សំរាមក្នុងក្រុងប្រមាណជាង៩០%​ ត្រូវបានរកឃើញថា មានផ្ទុកសម្ភារដែលអាចកែច្នៃបាន ដូចជាកាកសំណល់សរីរាង្គ (៥៥%) ប្លាស្ទិក (២១%) និងសំណល់ផ្សេងៗទៀត ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។

ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាគំហុក។ បច្ចុប្បន្ន ថង់ប្លាស្ទិក​ប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ហើយ​បើ​គិត​ជា​មធ្យម​ភាគ​នៅ​តាម​ទីក្រុងនានាក្នុង​ប្រទេស​ ពលរដ្ឋ​ម្នាក់​ប្រើប្រាស់ថង់ប្លាស្ទិកជាង ២,០០០ថង់ ក្នុងមួយឆ្នាំ។ បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩  ពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន ១២ថង់ ក្នុងមួយថ្ងៃ  ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។  កំណើនបរិមាណសំណល់ប្លាស្ទិក បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវៈចម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។

ដើម្បីជាដំណោះស្រាយមួយជុំវិញបញ្ហានេះ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០២៤ កន្លងទៅ ក្រសួងបរិស្ថានបានប្រកាសបើកយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលយុទ្ធនាការនេះបានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេសបន្តាប់ពីកម្ពុជាយើងបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក។

គួរបញ្ជាក់ផងដែរថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី​។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកនេះតាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។

Leave a Comment

Your email address will not be published. Required fields are marked *