​លទ្ធផល​ជំរឿនបង្ហាញ​ពីការធ្លាក់ចុះចំនួនគ្រួសារ​ប្រកបរបរកសិកម្ម​នៅ​​កម្ពុជា​

រូបតំណាង។ ប្រភពរូបភាព៖ World Bank Photo Collection

ដោយ សុង ឡូរី និង អ៊ឹម ស្រីពេជ្រ និស្សិតឆ្នាំទី២​ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ​ របាយការណ៍ជំរឿនកសិកម្មចុង​ក្រោយ​បានបង្ហាញអំពី​ការ​ធ្លាក់ចុះ​នៃចំនួន​គ្រួសារប្រកបមុខ​របរ​កសិកម្មនៅកម្ពុជា ព្រម​ទាំង​ទិន្នន័យ​សំខាន់ៗផ្សេងទៀតដែល​មន្ត្រី​ជាន់ខ្ពស់​ចាត់​ទុក​ថា​មានមូលដ្ឋាន​ សម្រាប់​​ទាក់​ទាញការ​វិនិយោគ​ និង​ជំរុញ​វិស័យនេះ​ឱ្យ​មាន​កំណើន​ប្រកបដោយចីរ​ភាព​ថែម​ទៀត។

គិត​ត្រឹម​ឆ្នាំ​ ២០២៣  ចំនួន​គ្រួសារប្រកបមុខ​របរកសិកម្មនៅកម្ពុជា បាន​ធ្លាក់​ចុះ​មកនៅត្រឹមអត្រា ៥៤,៥% ពីអត្រាប្រមាណជិត ៨២% នៅឆ្នាំ២០១៣ – នេះបើយោងតាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ផែនការ នៅលើ​ទំព័រ​ហ្វេសប៊ុក​​ផ្លូវការ​របស់​ក្រសួង កាល​ពី​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ​២០២៥។

ការ​ចុះផ្សាយ​នោះ​បាន​ដកស្រង់​ប្រសាសន៍​របស់​ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​របាយការណ៍​ថ្នាក់​ជាតិ​ស្តី​ពីលទ្ធផល​ចុងក្រោយ នៃជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០២៣

របាយការណ៍​បាន​ឱ្យ​ដឹង​ថា ក្នុងចំណាមគ្រួសារ​សរុប​ ជាង៣,៤លានគ្រួសារ នៅ​កម្ពុជា មាន​គ្រួសារកាន់​កាប់​កសិកម្មចំនួន​ ១,៨៥លានគ្រួសារ ដែល​ត្រូវ​បាន​ធ្វើ​ជំរឿន។ លទ្ធ​ផលបាន​បង្ហាញ​ ចំនួន​គ្រួសារកាន់កាប់កសិកម្ម បាន​ថយចុះប្រមាណ ២៨ម៉ឺនគ្រួសា ឬ​ ១៣% បើ​ប្រៀបធៀប​ទៅ​នឹង​លទ្ធ​ផល​នៃ​ជំរឿន​នៅ​ឆ្នាំ​២០១៣។ ចំណែក​ឯគ្រួសារ​ប្រកបមុខរបរកសិកម្ម​វិញ ចំនួន​មាន​ការ​ប្រែ​ប្រួល​ធ្លាក់​មក​នោះ​ត្រឹម ៥៤,៥% នៅ​ឆ្នាំ​២០២៣ ធៀប​ទៅ​នឹងប្រមាណ​​ ៨២% នៅ​ឆ្នាំ​២០១៣។

ការ​ចុះ​ផ្សាយ​របស់​ក្រសួង មិន​បាន​បញ្ជាក់​មូលហេតុនៅពីក្រោយ​ការ​ធ្លាក់ចុះ​នេះទេ។ ប៉ុន្តែ​ការ​ផ្សាយនោះ​បាន​បន្ថែមថា ​ផលិតភាពដាំដំណាំស្រូវនៅទូទាំងប្រទេស គិតជាមធ្យមស្មើនឹង ៣,៤ តោន ក្នុង១ហិកតា។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នោះ​ថា លទ្ធផលនៃជំរឿននេះ បានបង្ហាញ​អំពីការ​ផ្លាស់ប្តូររបស់​ស្ថាន​ភាព​កសិកម្ម​នៅកម្ពុជា មក ​”ដល់របត់មួយគួរឱ្យកត់សម្គាល់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជីវភាពរស់នៅរបស់កសិករ។”

ឯកឧត្តម​​បានបន្ថែម​ទៀតថា លទ្ធផលនេះ​ជា​ទិន្នន័យមិន​អាច​ខ្វះ​បាន សម្រាប់ “​ជា​ប្រយោជន៍​ដល់​ការ​ធ្វើ​ធុរកិច្ច និង​ទាក់​ទាញ​ការ​វិនិយោគ សំដៅ​ជំរុញ​ឱ្យ​មាន​កំណើន​វិស័យ​កសិកម្ម​ប្រកប​ដោយ​ចីរភាព និ​ងបរិយាបន្ន។”

Leave a Comment

Your email address will not be published. Required fields are marked *