ធនាគារពិភពលោក​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤%

ប្រភពរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ ធនាគារពិភពលោកបានបន្ថយការព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤% នៅក្នុង​ឆ្នាំ២០២៥ នេះ​ ហើយផ្តល់​អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវប្រឹងប្រែងអភិវឌ្ឈសេដ្ឋកិច្ចឱ្យកាន់តែសម្បូរបែប​ដើម្បីទ្រទ្រង់កំណើនឱ្យបានថេរទៅថ្ងៃមុខ។

ធនាគារពិភពលោកបាននិយាយ​​ដូច្នេះនៅក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី១១ ខែមិថុនា ដោយ​បន្ថែម​ថា អត្រា​កំណើន​សេដ្ឋកិច្ច​​ អាចនឹងឡើង​​ទៅដល់ ៤,៥% វិញ​ នៅក្នុង​​ឆ្នាំ​ ២០២៦។

អត្រាកំណើន​នៅ​ក្នុង​ការ​ព្យាករ​ចុងក្រោយនេះ មានកម្រិត​ទាប​ជាង​ការ​ព្យាករ​​កាលពីខែមករា ដើមឆ្នាំ ដែលពេល​នោះ​ធនាគារ​ពិភពលោកឱ្យ​ដឹង​​ថាសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មានកំណើន​ ៥,៥%។ យោង​តាម​ការ​ព្យាករបច្ចុប្បន្ន​របស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​បានដល់ ៥,២% ក្នុង​ឆ្នាំនេះ​។

​សេចក្តី​ប្រកាស​ព័ត៌មាននិយាយ​ថា​​ ការស្រុត​​​ចុះនៃ​អត្រា​កំណើន​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ គឺបណ្ដាលមកពីកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន “ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរ​គោល​នយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន”។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងនៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ “ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេល​មានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត”។

លោកស្រីបានបន្ថែមថា៖ “កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ”។

ទោះបី​ជា​កំណើន​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះបន្តិចក៏ដោយ សេចក្តី​ប្រកាស​ព័ត៌​មាន​និយាយ​សេដ្ឋកិច្ច​របស់​កម្ពុជានៅមាន​​ភាពធន់​ ដោយសារ​​ការនាំចេញនៅ​មាន​ភាព​ស្វាហាប់​ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន។

ការនាំចេញរបស់កម្ពុជា ជាពិសេស សម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់បានកើនឡើង ១១,៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះធៀប​ទៅនឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំមុន​។ ផ្នែក​សេវាកម្មទេសចរណ៍ បានកើនឡើង ១៦,១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជានៅ​ទាបជាងកម្រិតក្នុងឆ្នាំ២០១៩ ក៏ដោយ។ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ តាមរយៈនៃ​ការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ ជា​ដើម។

បន្ថែមពីនេះ ទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារអាមេរិក។ អតិផរណាបានកើនឡើងបន្តិច ដល់ ៣,៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេល​ដែលគុណភាពទ្រព្យសកម្ម​ក្នុង​វិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយ​កម្ចីមិនដំណើរការ កើន​​សមាមាត្រ​កាន់​តែ​ខ្ពស់ជាង​មុន​។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ធនាគារពិភពលោកបានលើកទឹកចិត្តឱ្យកម្ពុជាយកចិត្តទុកដាក់ធ្វើ​កំណែទម្រង់​​ពន្ធដារ និង​បន្ត​កែលម្អ​បរិយាកាស​ធុរកិច្ច​ឱ្យ​ប្រសើរឡើង​ ​ជាអំណោយផលដល់កំណើនសេដ្ឋកិច្ច​ និង​ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

Leave a Comment

Your email address will not be published. Required fields are marked *