ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Tuol Sleng Genocide Museum
ដោយ ហេង ហេវីន និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – ទីតាំងឧក្រិដ្ឋកម្មចំនួនបីដែលរបបខ្មែរក្រហមបានប្រើប្រាស់សម្រាប់ឃុំខ្លួន ធ្វើទារុណកម្ម និងសម្លាប់មនុស្ស កាលពី៥០ឆ្នាំមុន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។
ទីតាំងទាំងបីនោះ គឺមាន អតីតមន្ទីរឃុំឃាំង ម-១៣ ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” នេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការចុះបញ្ជីនេះ “ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង”។ សេចក្តីជូនដំណឹងបានសរសេរដូច្នេះ ដោយបញ្ជាក់ទៀតថា បំណង និងមូលដ្ឋាននៃការចុះបញ្ជីនេះ គឺដើម្បីបង្ហាញពិភពលោក អំពីភាពរឹងមាំនិងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “វាលពិឃាដ” មកជា “ទឹកដីសន្តិភាព” ដែលមានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្តប្រជាជនខ្មែរគ្រប់ៗរូប។
ដើម្បីអបអរសាទរការដាក់បូជនីយដ្ឋានចងចាំនៃកម្ពុជាចូលជាបេតិកភណ្ឌពិភពលោក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈ។
នៅក្នុងសារលិខិតមួយដោយឡែក ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា៖ “ការរួមគ្នាធ្វើបែបនេះ គឺជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ”។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នាដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ។
បូជនីយដ្ឋានចងចាំនៃកម្ពុជានេះជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេរបស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌលោកនាយុគសម័យថ្មី បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរ, តំបន់ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសំបូរព្រៃគុក, និងតំបន់ប្រាសាទកោះកេរ។
ក្រៅពីនេះ បេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវបានចុះបញ្ជីកន្លងមករួមមាន របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត, គុនល្បុក្កតោ, និងក្រមាខ្មែរ៕