ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក The White House
ដោយ តុង ឆេងហុង និង រិន សុខបញ្ញា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ថយអត្រាពន្ធនាំចូលមកនៅត្រឹម ៣៦ភាគរយ សម្រាប់ទំនិញគ្រប់ប្រភេទដែលនាំចូលពីកម្ពុជា នៅក្នុងការជូនដំណឹងចុងក្រោយដែលអមជាមួយការព្រមានថាលោកនឹងដំឡើងពន្ធនេះកាន់តែខ្ពស់ ប្រសិនបើកម្ពុជាហ៊ានធ្វើបដិការដំឡើងពន្ធលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកដែរ។
លោក ត្រាំ មានប្រសាសន៍ដូច្នេះ នៅក្នុងលិខិតមួយចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួររំឮកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លងទៅ លោក ត្រាំ បានដាក់ពន្ធ ៤៩ភាគរយ ទៅលើគ្រប់ទំនិញកម្ពុជាដែលនាំចូលទៅអាម៉េរិក ដើម្បីឆ្លើយតបនឹងអ្វីដែលលោកចាត់ទុកថាជាការចាញ់ប្រៀបផ្នែកពាណិជ្ជកម្មដែលសហរដ្ឋអាម៉េរិកមាន នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។
ប៉ុន្តែក្រោយមក នៅថ្ងៃទី៩ ខែដដែល លោកបានប្រកាសពន្យាពេលអនុវត្តពន្ធនេះ ចំនួន៩០ថ្ងៃ ដើម្បីទុកពេលចចារ ដែលនឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ។
លោក ត្រាំ សរសេរនៅក្នុងលិខិតនោះជូនសម្តេច ហ៊ុន ម៉ាណែត ថា៖ បានបន្ថែមថា “អត្រា ៣៦ភាគរយ គឺនៅតិចជាងអ្វីដែលអាម៉េរិកត្រូវការ ដើម្បីលុបបំបាត់ភាពមិនស្មើគ្នានៃឱនភាពពាណិជ្ជកម្ម ដែលយើងមានជាមួយប្រទេសរបស់អ្នក”។ លោកមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើកម្ពុជាហ៊ានដំឡើងពន្ធលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក នៅក្នុងអត្រាណាមួយក៏ដោយ លោកនឹងដំឡើងពន្ធក្នុងអត្រាស្មើគ្នា បន្ថែមពីលើអត្រា ៣៦ភាគរយ ដែលលោកទើបនឹងដាក់ចេញថ្មីនេះ។
លោក ត្រាំ បានអះអាងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ទោះបីទំនាក់ទំនងបច្ចុប្បន្ននៅមានអតុល្យភាពនៅឡើយ ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងពិចារណាកែប្រែអត្រាពន្ធនេះ ប្រសិនបើកម្ពុជាបើកទីផ្សារ និងដករនាំងពាណិជ្ជកម្មរបស់ខ្លួនចេញ។
លោក Arnaud Darc ដែលជាសហប្រធានវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ជានាយកប្រតិបត្តិក្រុមហ៊ុន Thalias Co., Ltd. បានបង្ហោះសារលើទំព័រហ្វេសបុករបស់លោកជាភាសាអង់គ្លេសថា លិខិតនេះបានចេញខណៈពេលដែលកម្ពុជាកំពុងជួបប្រទះភាពតានតឹងផ្នែកសេដ្ឋកិច្ចស្រាប់ទៅហើយ ដូចជាការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់និងស្ថានភាពនៅក្រោយពេលមានជំងឺរាតត្បាត ដែលធ្វើឱ្យមានភាពតានតឹងដល់វិស័យកាត់ដេរ និងផលិតកម្ម។
“ពេលនេះ អត្រាពន្ធ ៣៦ ភាគរយ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រោងចក្រដែលពឹងផ្អែកលើការបញ្ជាទិញពីសហរដ្ឋអាម៉េរិក ដើម្បីរស់។” លោក Darc មានប្រសាសន៍ដូច្នេះ ហើយបន្ថែមថា៖ “កម្ពុជាគួរតែពន្លឿនការធ្វើពិពិធកម្មនៃទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ដោយពង្រឹងទំនាក់ទំនងជាមួយអាស៊ាន សហភាពអឺរ៉ុប ឥណ្ឌា និងសកលលោកខាងត្បូង ដើម្បីបន្ថយការពឹងផ្អែកតែទៅលើភាគីណាមួយ”៕