អគារអង្គរមានជ័យ។ រូបថតដោយ ជា សុខហេង
ដោយ រ៉េន ស្រីពេជ និង សេង លីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានក្រើនរំលឹកចុងក្រោយឱ្យប្រជាពលរដ្ឋចំនួន ៤គ្រួសារចាកចេញពីអគារអង្គរមានជ័យ ដោយសារវាទ្រុឌទ្រោមខ្លាំង អាចបាក់រលំដោយមិនឱ្យដឹងមុន នាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី៥ ខែឧសភា ក្រសួងបានឱ្យដឹងថា អគារនោះជាអតីតសណ្ឋាគារអង្គរមានជ័យ ស្ថិតនៅលើផ្លូវកែងរវាងមហាវិថីកម្ពុជាក្រោម និងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧មករា។ បច្ចុប្បន្នជាអគារសហកម្មសិទ្ធិ អគារនេះមានអាយុកាល ៧៥ឆ្នាំ មានកម្ពស់ ៦ ជាន់ និង ១០៧ បន្ទប់។
កន្លងមក មានប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ រស់នៅក្នុងអគារនោះ ប៉ុន្តែ ៦១គ្រួសារ បានរើចេញដោយទទួលយកដំណោះស្រាយរបស់ក្រសួង នៅសល់ប្រជាពលរដ្ឋចំនួន ៤ គ្រួសារទៀតដែលនៅតែបន្តរស់នៅ និងប្រកបអាជីវកម្មនៅទីនោះ។
ក្រសួងទុកពេលឱ្យ ៤គ្រួសារនោះចំនួន ១៥ថ្ងៃ – គឺរហូតដល់ថ្ងៃទី១៩ ខែឧសភា – សម្រាប់ចាកចេញទៅនៅទីផ្សេង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
សេចក្តីជូនដំណឹងនិយាយថា ការពិនិត្យនិងវាយតម្លៃគុណភាពសំណង់ រកឃើញថា សំណង់អគារនេះ “បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំដោយគ្មានការផ្តល់សញ្ញាទុកជាមុនដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។”
ក្រសួងបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការបន្ទាន់ ធ្វើការហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះចាប់ពីថ្ងៃជូនដំណឹងតទៅ។ ក្រោយផុតពេលកំណត់នៃការចាកចេញនៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងនឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញវាយរំលំអគារនេះ ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។