ផ្អាករៀន ដើម្បីរកប្រាក់បន្តរៀនវិញ

្រពលឹមស្រាងៗ ឡេវ សុវណ្ណែត រៀបចេញដំណើរទៅធ្វើការ​នៅហាងកាហ្វេ ក្រោយពីផ្អាកការរៀនមួយរយៈដើម្បីរកប្រាក់សម្រាប់​ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសន្សំយកទៅ​បង់ថ្លៃសិក្សា​ដើម្បីបានចូលរៀនវិញនៅថ្ងៃខាងមុខ។
រូបថតដោយ អ៊ុង សៀវជិន

ដោយ អ៊ុង សៀវជិន និង អ៊ូ ទិត្យច័ន្ទមករា 

ភ្នំពេញ — ម៉ោងជិតប្រាំព្រឹក។ ខណៈមនុស្សជាច្រើននៅមិនទាន់ភ្ញាក់ពីដំណេក ក្លិនម្ហូបដែលកំពុងចម្អិន ហុយចេញពីបន្ទប់ជួលតូចមួយ។ ឡេវ សុវណ្ណែត ប្រញាប់រៀបចំបាយដាក់ប្រអប់ មុននឹងជិះកង់ទៅធ្វើការនៅហាងកាហ្វេមួយ​។ ជីវិតបែបនេះបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់នាង ក្រោយ​ពីនាងសម្រេចចិត្តព្យួរការសិក្សាមួយឆ្នាំ ដើម្បីរកប្រាក់បង់ថ្លៃសាលា និងជួយសម្រាលបន្ទុកគ្រួសារ។ 

សម្រាប់ សុវណ្ណែត អាយុ ២១ឆ្នាំ ការព្យួរការសិក្សាមិនមែនជាជម្រើសដែលនាងចង់បានទេ។ វាជាផ្លូវតែមួយដែលនាងគិតថា អាចរក្សាក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅអង្គុយក្នុងថ្នាក់រៀនម្ដងទៀត។ រាល់ថ្ងៃដែលនាងជិះកង់ទៅធ្វើការ គឺជាការដើរចេញឆ្ងាយពីសាកលវិទ្យាល័យមួយជំហាន ប៉ុន្តែក៏ជាការខិតខំប្រមូលប្រាក់ ដើម្បីវិលត្រឡប់ទៅទីនោះវិញនៅថ្ងៃណាមួយ។ 

ប៉ុន្តែ សុវណ្ណែត ក៏មិនមែនជានិស្សិតតែម្នាក់ដែលត្រូវបង្ខំចិត្តធ្វើជម្រើសបែបនេះទេ។ ការសម្ភាសនិស្សិតជាច្រើនបង្ហាញថា មួយចំនួនត្រូវធ្វើការច្រើនម៉ោង ខ្លះកាត់បន្ថយការចំណាយប្រចាំថ្ងៃ ហើយខ្លះទៀតថែមទាំងព្យួរការសិក្សាជាបណ្តោះអាសន្ន ជាមួយនឹងក្តីសង្ឃឹមដូចនាងដែរ។ សុវណ្ណែត គ្រាន់តែជាមុខមាត់មួយនៃការតស៊ូរបស់និស្សិតជាច្រើន ដែលកំពុងប្រឈមនឹងឧបសគ្គហិរញ្ញវត្ថុក្នុងដំណើរស្វែងរកការអប់រំ ជាពិសេសនៅក្នុងពេលដែលកំណើនសេដ្ឋកិច្ចក្នុងស្រុក​​ធ្លាក់ចុះ ហើយ​ទំនិញឡើងថ្លៃ ដោយសារវិបត្តិប្រេងឥន្ធនៈនៅលើសកលលោក។ 

មុនពេលឡើងពីខេត្តកំពង់ចាមមកសិក្សានៅភ្នំពេញ ជីវភាពគ្រួសាររបស់សុវណ្ណែតមិនធ្លាប់ជួបបញ្ហាធំនោះទេ។ ឪពុកម្តាយរបស់នាងអាចផ្គត់ផ្គង់ការសិក្សារបស់កូនទាំងបួននាក់បាន។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីគ្រួសាររងការឆបោក បាត់បង់ប្រាក់អស់ជាង ៣០ ០០០ដុល្លារអាម៉េរិក។  

ស្ថានភាពនេះបានបង្ខំឱ្យសុវណ្ណែតផ្អាកការសិក្សា ហើយចូលធ្វើការពេញម៉ោងនៅហាងកាហ្វេ ដើម្បីសន្សំប្រាក់បង់ថ្លៃសាលាដោយខ្លួនឯង។ នាងនិយាយថា៖ «ឪពុកម្តាយខ្ញុំរាល់ថ្ងៃនៅជំពាក់លុយគេ ហើយខ្ញុំមិនចង់ដាក់បន្ទុកថែមទៀតដល់ពួកគាត់។ សុខចិត្តព្យួរការសិក្សាមួយឆ្នាំ ដើម្បីធ្វើការរកលុយបង់សាលាខ្លួនឯង»។ 

ការលះបង់របស់សុវណ្ណែតមិនមានតែការផ្អាកការសិក្សាប៉ុណ្ណោះទេ។ ក្រោយពីគ្រួសារធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ ពួកគេបានលក់ទ្រព្យសម្បត្តិដែលធ្លាប់ប្រើក្នុងជីវិតប្រចាំថ្ងៃ។ សុវណ្ណែត​និយាយ​ថា៖ «ពេលរកលុយមិនទាន់ ក៏លក់ម៉ូតូដើម្បីដោះទាល់មួយពេល។ ឥឡូវសល់តែមួយគ្រឿងទុកឱ្យប្អូនជិះទៅរៀន ឯខ្ញុំសុខចិត្តជិះកង់ទៅធ្វើការ ព្រោះមិនចង់ឱ្យប្អូនពិបាក»។ 

នៅក្នុងការ​រស់នៅប្រចាំថ្ងៃ នាងត្រូវសន្សំសំចៃគ្រប់បែបយ៉ាង។ រាល់ការចំណាយត្រូវគិតមុខគិតក្រោយ។ ទោះបីធ្វើការហត់ និងឃ្លានប៉ុណ្ណា ក៏នាងមិនហ៊ានទិញអាហារ​តាមចិត្តចង់ដែរ។ នាង​និយាយ​ថា៖ «ពេលខ្លះ ខ្ញុំឃ្លានខ្លាំង ប៉ុន្តែសុខចិត្តទ្រាំរហូតដល់ទៅដល់ផ្ទះ ព្រោះមិនចង់អស់លុយ»។ 

រឿងរបស់សុវណ្ណែតមិនមែនជាករណីដាច់ដោយឡែកនោះទេ។ នៅពីក្រោយថ្នាក់រៀន និងសញ្ញាបត្រ មាននិស្សិតជាច្រើនកំពុងប្រឈមនឹងសម្ពាធហិរញ្ញវត្ថុដូចគ្នា ប៉ុន្តែម្នាក់ៗជ្រើសរើសផ្លូវផ្សេងគ្នា ដើម្បីរក្សាក្តីស្រមៃក្នុងការបញ្ចប់ការសិក្សា។ 

ក្នុងចំណោមពួកគេ មាន ម៉ុន បញ្ញា អាយុ ២៤ឆ្នាំ ជានិស្សិតពេទ្យ ដែលត្រូវចំណាយរហូតដល់ប្រមាណ ៤ ០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ គ្រាន់តែទៅលើ​ថ្លៃសិក្សាមួយមុខ។ ទោះបីមានបងប្អូនជួយបង់ថ្លៃសិក្សាខ្លះក៏ដោយ បញ្ញាមិនចង់ពឹងផ្អែកលើគ្រួសារទាំងស្រុងទេ។ ដូច្នេះ នៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក គាត់ធ្វើការជាអ្នកដឹកជញ្ជូនម្ហូប ដើម្បីរកចំណូលបន្ថែម។ 

ខណៈមនុស្សភាគច្រើនប្រើថ្ងៃចុងសប្ដាហ៍សម្រាប់សម្រាក បញ្ញាចំណាយពេលពី ១០ ទៅ ១២ ម៉ោង ជិះម៉ូតូហាលថ្ងៃ ហាលភ្លៀង ដឹកម្ហូបពីកន្លែងមួយទៅកន្លែងមួយ។ ប៉ុន្តែការងារនេះក៏មិនសូវផ្តល់ចំណូលដូចមុនដែរ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង ធ្វើឱ្យប្រាក់ដែលរកបានត្រូវចំណាយលើថ្លៃសាំងកាន់តែច្រើន។ 

ទោះបីជានឿយហត់យ៉ាងណា បញ្ញានិយាយថា៖ «ខ្ញុំខំដឹកច្រើនម៉ោងព្រោះចង់សម្រាលបន្ទុកអ្នកផ្ទះ ហើយក៏មិនដែលគិតរឿងបោះបង់ ចង់រៀនឱ្យបានសញ្ញាបត្រក្លាយជាគ្រូពេទ្យ» នៅថ្ងៃអនាគត។  

ចំណែក សុខ កញ្ញា អាយុ ១៨ឆ្នាំ និស្សិតជំនាញគណិតវិទ្យា ក៏ធ្លាប់ប្រឈមនឹងការបង្ខំឱ្យឈប់រៀនតាំងពីថ្នាក់ទី៩ ដោយសារជីវភាពគ្រួសារលំបាក។ ប៉ុន្តែដោយការព្យាយាមពន្យល់ឪពុកម្តាយ នាងអាចបន្តការសិក្សាបាន ហើយឪពុកម្តាយថែមទាំងសម្រេចចិត្តលក់គោពីរក្បាល ដើម្បីផ្គត់ផ្គង់ថ្លៃសិក្សាឱ្យកូនស្រី។ 

ដើម្បីកាត់បន្ថយការចំណាយ កញ្ញា ជួលកន្លែងស្នាក់នៅក្នុង​វិហារសាសនាគ្រិស្ត ដែលមានថ្លៃឈ្នួល ៥០ ០០០រៀលក្នុងមួយខែប៉ុណ្ណោះ ខណៈឪពុកម្តាយតែងផ្ញើម្ហូបពីស្រុកមកឱ្យជាប្រចាំ។ នាងជិះ​ម៉ូតូតែនៅពេលចាំបាច់ប៉ុណ្ណោះ ដើម្បីសន្សំលុយពីការចំណាយលើថ្លៃសាំង។  

ឡេវ សុវណ្ណែត កំពុងលាងកែវ​នៅហាងកាហ្វេ។ នាងបានផ្អាកការរៀនមួយរយៈដើម្បីរកប្រាក់សម្រាប់​ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសន្សំយកទៅ​បង់ថ្លៃសិក្សា​ដើម្បីបានចូលរៀនវិញនៅថ្ងៃខាងមុខ។
រូបថតដោយ អ៊ុង សៀវជិន

រឿងរ៉ាវរបស់និស្សិតទាំងបីបង្ហាញថា បញ្ហាហិរញ្ញវត្ថុអាចមានទម្រង់ខុសៗគ្នា ប៉ុន្តែសុទ្ធតែជាឧបសគ្គដែលបង្ខំឱ្យពួកគេលះបង់អ្វីមួយ ដើម្បីរក្សាឱកាសក្នុងការទទួលបានសញ្ញាបត្រ។ 

បើតាមលោក ឈត ប៊ុនថង បណ្ឌិតទស្សនវិជ្ជា និស្សិតដែលមកសិក្សានៅរាជធានីពីបណ្ដាខេត្តភាគច្រើនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ ក្រៅពីថ្លៃសិក្សា ពួកគេត្រូវរ៉ាប់រងថ្លៃស្នាក់នៅ អាហារ ការធ្វើដំណើរ និងសម្ភារៈសិក្សាផ្សេងៗ។ បើគ្រួសារមិនមានចំណូលគ្រប់គ្រាន់ ការបន្តការសិក្សាអាចក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរ។ 

លោកបន្តថា សម្ពាធហិរញ្ញវត្ថុមិនត្រឹមតែប៉ះពាល់ដល់លទ្ធភាពបន្តការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការផ្តោតអារម្មណ៍ និងសុខុមាលភាពផ្លូវចិត្តរបស់និស្សិតផងដែរ។ លោកមានប្រសាសន៍ថា៖ «ពេលដែលពួកគាត់តែងខ្វល់ខ្វាយពីបញ្ហានេះ អារម្មណ៍ពួកគាត់មិនបានផ្តោតលើការសិក្សាបានគ្រប់គ្រាន់នោះទេ»។  

នៅក្នុងសម័យដែលការសិក្សាត្រូវការទាំងកុំព្យូទ័រ អ៊ីនធឺណិត និងឧបករណ៍ឌីជីថលផ្សេងៗ ការខ្វះខាតធនធានទាំងនេះអាចធ្វើឱ្យគម្លាតនៃឱកាសអប់រំកាន់តែធំ។ លោកមានប្រសាសន៍ថា អាស្រ័យហេតុនេះ រដ្ឋាភិបាលគួរតែកំណត់អត្តសញ្ញាណនិស្សិតដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងពង្រឹងយន្តការគាំទ្រ ដើម្បីកុំឱ្យបញ្ហាជីវភាពក្លាយជាឧបសគ្គរារាំងការអប់រំ។ 

បើទោះជានិស្សិតម្នាក់ៗមានវិធីដោះស្រាយបញ្ហាខុសៗគ្នាក៏ដោយ រឿងរបស់ពួកគេសុទ្ធតែបង្ហាញពីការពិតមួយដូចគ្នា៖ សម្រាប់និស្សិតជាច្រើន ការទទួលបានសញ្ញាបត្រមិនមែនអាស្រ័យតែលើសមត្ថភាព ឬការខិតខំរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើសមត្ថភាពក្នុងការឆ្លងកាត់សម្ពាធហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យក្តីស្រមៃរបស់ពួកគេផ្អាកនៅពាក់កណ្តាលផ្លូវ។ 

បន្ទាប់ពីធ្វើការអស់មួយឆ្នាំ សុវណ្ណែតស្ទើរតែសន្សំប្រាក់បានគ្រប់សម្រាប់ត្រឡប់ទៅរៀននៅខែកញ្ញានេះ។ ប៉ុន្តែមុនពេលក្តីសង្ឃឹមនោះក្លាយជាការពិត នាងត្រូវសម្រេចចិត្តដ៏លំបាកមួយទៀត គឺដកប្រាក់ដែលសន្សំទុកសម្រាប់ខ្លួនឯង ទៅបង់ថ្លៃសាលាឱ្យប្អូនស្រីជាមុន។ ការសម្រេចចិត្តនេះបានធ្វើឱ្យគម្រោងវិលត្រឡប់ទៅសាកលវិទ្យាល័យរបស់នាងក្លាយជារឿងមិនប្រាកដប្រជាម្ដងទៀត។ 

សុវណ្ណែតនិយាយថា រៀងរាល់យប់ នាងគេមិនសូវលក់ទេ ភ្នែកសម្លឹងពិតាន ជាមួយអារម្មណ៍វិលវល់ ពេលខ្លះ​គិតចង់រកការងារធ្វើពេលយប់បន្ថែម ដើម្បី​ឆាប់សន្សំ​បាន​លុយ​យកទៅបង់ថ្លៃសិក្សា។ ប៉ុន្តែនាងតែងរំឭកខ្លួនឯងជានិច្ច​ថា នាងត្រូវ​តែរឹងប៉ឹង ​ ដើម្បីផ្តល់គំរូដល់ប្អូនរបស់នាង។  

ទោះជាអនាគតនៅមិនទាន់មានចម្លើយច្បាស់លាស់ក៏ដោយ​ សុវណ្ណែតក៏នៅតែមិនឈប់ដែរ។ នៅព្រឹកថ្ងៃស្អែក និងព្រឹកបន្ទាប់ៗទៀត នាងនៅតែក្រោកពីដំណេកនៅម៉ោងជិតប្រាំព្រឹក រៀបចំម្ហូប ដាក់ប្រអប់ រួចជិះកង់ទៅធ្វើការដូចសព្វដង ជាមួយ​ការ​តាំងចិត្ត​ថា​ «ខំធ្វើការរកលុយឱ្យបានគ្រប់ [សម្រាប់​បង់ថ្លៃសិក្សា] ដើម្បីត្រឡប់ទៅរៀនវិញ។» 

______ 

Leave a Comment

Your email address will not be published. Required fields are marked *