ដោយ រ៉េន ស្រីពេជ និង សេង លីកា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – កម្ពុជាមានការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥ករណី ពីរថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារសុខភាពខណៈដែលមានការឆ្លងរាលដាលលឿនរបស់ពពួកអូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ (JN.1) ក្នុងតំបន់ជាច្រើនទូទាំងពិភពលោក។
ក្រសួងសុខាភិបាល បានឱ្យដឹងអំពីការឆ្លង ៥ករណី ចុងក្រោយនេះ ដែលជាករណីឆ្លងក្នុងសហគមន៍ តាមរយៈសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែឧសភា។ មកទល់ពេលនេះ កម្ពុជាមានការឆ្លងកូវីដ-១៩ សរុប ចំនួន ១៣៩ ៣៤៧ ករណី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយផ្សេងទៀតកាលពីពីរថ្ងៃមុន គឺថ្ងៃទី១២ ខែឧសភា ក្រសួងបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្រោយពីអង្គការសុខភាពពិភពលោកបានឱ្យដឹងថា អូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ មានការរាលដាលយ៉ាងឆាប់រហ័ស។ អូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១ ត្រូវបានរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣។ គិតមកត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ នេះ ជាង ១៥%នៃករណីឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងពិភពលោក គឺជាពពួកអូមេក្រុងបំប្លែងថ្មីប្រភេទ ជេអិន១។ អ្នកជំងឺឆ្លងវីរុសប្រភេទនេះមានរោគសញ្ញាមិនខុសគ្នាពីប្រភេទកូវីដ-១៩ ទេ។
ទោះបីជាប្រភេទ ជេអិន១ នេះមិនបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមេក្រុងពីមុនក៏ដោយ ក្រសួងនិយាយថា “ការប្រុងប្រយ័ត្នគឺជាការចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ រួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ់ាំរ៉ៃប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាម មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ ជាដើម។”
“ប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយនេះការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច” – ក្រសួងបញ្ជាក់ដូច្នេះ ដោយរំលឹកឱ្យលាងដៃឱ្យបានញឹកញាប់, ពាក់ម៉ាសក្នុងករណីចាំបាច់, ចៀសវាងចូលកន្លែងមានមនុស្សអ៊ូរអពេលក្តៅខ្លួន និងរក្សាគម្លាងសុវត្ថិភាពជាដើម ដើម្បីបញ្ចៀសការរីករាលដាលក្នុងសហគមន៍ ជាយថាហេតុ។