ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុកសាលាដំបូងរាជធានីភ្នំពេញ
ដោយ សុង ឡូរី និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ – អតីតមន្រ្តីនគរបាលរាជធានីមួយរូប ត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងរឿងក្ដីបើករថយន្តទាំងស្រវឹងទៅបុកអ្នកធ្វើដំណើរផ្សេងទៀត បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងប្រាំនាក់ទៀតរងរបួស កាលពីសប្តាហ៍កន្លងទៅ។
សាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះ ថ្ងៃទី១៧ ខែឧសភា បានសម្រេចឃុំខ្លួនលោក ហ៊ុន ហេង បណ្ដោះអាសន្ន ក្រោមបទចោទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានស្លាប់, របួសអ្នកដទៃ និងបើកបរក្នុងស្ថានភាពស្រវឹង។»
លោក ហ៊ុន ហេង អាយុ៦១ឆ្នាំ បានបង្កហេតុនេះនៅថ្ងៃទី១៥ ខែឧសភា ត្រង់ចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ុន ហេង បានបើកបុកម៉ូតូកង់បីចំនួន ៣គ្រឿង ម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿងដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៥នាក់ទៀតរងរបួស។ សេចក្ដីប្រកាសបានឱ្យដឹងដែរថា លោកហ៊ុន ហេង – ដែលនៅថ្ងៃកើតហេតុជាមន្រ្តីនគរបាលរាជធានីភ្នំពេញ – មានអត្រាជាតិអាកុលក្នុងខ្លួនចំនួន ០.៣៥Mg/L។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ ប្រភព៖ ទំព័រហ្វេសប៊ុកសាលាដំបូងរាជធានីភ្នំពេញ
ឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញសរសេរនៅក្នុងទំព័រផ្សព្វផ្សាយសង្គមរបស់លោកថា លោកហ៊ុន ហេង ត្រូវបានអង្គភាពបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិហើយក្រោយពីបានបង្កគ្រោះថ្នាក់ដូចរៀបរាប់ខាងលើ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ ”ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ និងរបួសអ្នកដទៃ តុលាការបាន និងបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់ ដោយពុំមានការលើកលែង។”
គួររំឭកដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៤ តុលាការរាជធានីភ្នំពេញបានកាត់ទោសបុរសឈ្មោះ នាងសំអូន ជាប់ពន្ធនាគារ៥ឆ្នាំ ពីបទបើកបរក្នុងស្ថានភាពស្រវឹងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងអ្នកធ្វើដំណើរមួយចំនួនរងរបួស។