នាយករដ្ឋមន្ត្រី​ណែនាំឱ្យ​ត្រៀម​ធ្វើ​អន្តរាគមន៍​នៅពេល​កូវីដ​ចាប់​ផ្តើម​ឆ្លង​ឡើងវិញ

ដោយ នឹម ចាន់ស្រីពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ – សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងមណ្ឌលព្យាបាល ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីមាន​ការ​ផ្ទុះឡើងវិញ នៃមេរោគកូវីដ១៩ ក្នុង​ទ្រង់​ទ្រាយ​ធំ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បាន​ដក​ស្រង់​ប្រសាសន៍​របស់​សម្តេចនាយករដ្ឋមន្ត្រីដែលបាន​ធ្វើ​​ការ​កត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលកម្ពុជាក៏​ចាប់ផ្តើមមាន​ករណី​ឆ្លងឡើងវិញដែរ។

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំឱ្យក្រសួងសុខាភិបាលឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលឡើងវិញនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងមាន​ការ​ឆ្លង​ច្រើន​នៅ​ប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។

ក្រសួងសុខាភិបាល បាន​ប្រកាស​ឱ្យ​ដឹង​ថា​បាន​រកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី ក្នុងសហគមន៍ចំនួន៦ករណី នៅ​ថ្ងៃ​ទី២៣ ខែឧសភា។ បើគិតត្រឹម​​ពីដើម​ខែ មកដល់​ថ្ងៃទី២៣ ឧសភានេះ ​កម្ពុជាមានការឆ្លងកូវីដ-១៩ សរុប ចំនួន ៥២ករណី។

អង្គការសុខភាពពិភពលោកបានឱ្យដឹងថា វីរុស​អូមេក្រុងបំលែងថ្មីប្រភេទ JN.1 មានការរាលដាលយ៉ាងឆាប់រហ័ស។ វីរុស​ប្រភេទ JN.1 នេះ​​ត្រូវ​បានរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣។ គិតមកត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ ជាង ១៥%នៃករណីឆ្លងកូវីដ-១៩ សរុបទូទាំងពិភពលោក គឺជាពពួក​​អូមេក្រុងបំប្លែងថ្មីប្រភេទ JN.1។ អ្នកជំងឺឆ្លងវីរុសប្រភេទនេះមានរោគសញ្ញាមិនខុសគ្នាពីប្រភេទកូវីដ-១៩ ទេ។

ក្រសួងសុខាភិបាលក៏​បានក្រើនរំឭកប្រជា​ពលរដ្ឋឱ្យ​បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយ​អនុវត្ត​វិធានការ ៣ការពារ និង ៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ដើម្បី​កាត់បន្ថយឱ្យ​បាន​​ជាអតិបរមានូវភាពធ្ងន់ធ្ងរនៃជំងឺនេះ ទោះបីជាប្រភេទ JN.1 នេះមិនបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមេក្រុងពីមុនក៏ដោយ។ 

Leave a Comment

Your email address will not be published. Required fields are marked *