ករណីឆ្លងកូវីដ-១៩ កើន ខណៈក្មេងប្រុស​ម្នាក់​ស្លាប់​ដោយសារឆ្លងផ្តាសាយបក្សី H5N1

ដោយ ម៉ៅ សម្បត្តិ និង​ ហែម ចាន់ធីតា

ភ្នំពេញ ­- ការឆ្លងជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃអង្គារ មាន​​រហូតដល់ទៅ​ ២៣​ករណី ដែលជាចំនួនច្រើនជាងគេបើ​គិត​ចាប់​ពី​ដើម​ឆ្នាំ២០២៥ មក។

នៅថ្ងៃដដែលនោះដែរ គឺថ្ងៃទី២៧ ខែ​ឧសភា ក្មេង​ប្រុស​ម្នាក់​ អាយុ ១១ឆ្នាំ បានស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ H5N1។

ក្រសួងសុខាភិបាល បានជូនដំណឹង​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ និង ករណី​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី តាម​រយៈសេចក្តីប្រកាសព័ត៌មានពីរ​ដោយឡែកពីគ្នា។​​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២៨​ ខែឧសភា ក្រសួងបាន​ឱ្យ​ដឹង​ថា​ការឆ្លងកូវីដ-១៩ ថ្មី​សម្រាប់​ថ្ងៃទី ២៧ គឺមាន​ ២៣​ ករណី ដែល​សុទ្ធ​តែ​ជា​ការ​ឆ្លង​ក្នុង​សហគមន៍។ នេះ​ជា​ចំនួន​ខ្ពស់​ជាង​គេ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក។

ការកើនឡើងនេះកើតឡើងក្នុងស្ថានភាពដែលប្រទេស​កំពុងប្រឈមមុខនឹងការរីករាលដាលរបស់វីរុស​អូមេក្រុង​បំប្លែងថ្មី JN.1 ដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា គិតដល់ពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ វីរុសនេះគិតជាង ១៥% នៃករណីកូវីដ-១៩ សរុបទូទាំងពិភពលោក។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានដោយឡែក​មួយ​​ចុះ​ថ្ងៃទី២៧​ ខែឧសភា ក្រសួង​និយាយ​​ថាវិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រកឃើញ​វីរុស​ផ្តាសាយ​បក្សី​ H5N1 នៅ​ក្នុង​ខ្លួន​ក្មេង​ប្រុស​ម្នាក់ អាយុ ១១ឆ្នាំ​ ដែល​ស្លាប់​ដោយ​សារ​វីរុស​នេះនៅក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជធានីភ្នំពេញ។

ក្រសួងបានបន្តទៀតថា៖ “ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏​ដោយ កុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ​ ២០២៥ ដោយសារមូលហេតុមកដល់មន្ទីរពេទ្យ ក្នុងស្ថាន​ភាព​​​ធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និង ពិបាកដងដង្ហើមធ្ងន់ធ្ងរ”។

យោង​តាមសេចក្តីប្រកាសព័ត៌មាន​ កុមារនោះ​មានទីលំនៅក្នុងភូមិស្រីសំពោង​ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ ហើយតាំង​ពីមួយ​សប្តាហ៍​មុននឹងក្មេងប្រុសនេះចាប់ផ្តើមឈឺ នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺ និងងាប់ជាបន្តបន្ទាប់។ ក្រសួងកំពុង​បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេត​ប្រភព​នៃការឆ្លង និង​តាមដាន អ្នកដែលបានប៉ះពាល់ជិតស្និទ្ធជាមួយកុមារនេះផងដែរ ដើម្បីទប់ស្កាត់ការឆ្លងបន្ត​ទៅអ្នកដទៃ​ទៀត​ក្នុងសហគមន៍។

ប្រភពរូបភាព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Leave a Comment

Your email address will not be published. Required fields are marked *