ទាហានកម្ពុជាម្នាក់ស្លាប់ក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធជាមួយ​កងទ័ពថៃ

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក​​ក្រសួងការពារជាតិ

ដោយ ហែម ចាន់ធីតា និង ម៉ៅ សម្បត្តិ ​

ភ្នំពេញ – កងទ័ពកម្ពុជាម្នាក់បានស្លាប់នៅក្នុង​ការប៉ះទង្គិចដោយប្រដាប់​​អាវុធ​រវាង​កង​ទ័ព​កម្ពុជា និង​កងទ័ពថៃ នៅ​ត្រង់​ចំណុច​ព្រំដែនតំបន់​មុំបី ​ក្នុង​ខេត្ត​ព្រះវិហារ។

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវ​នាវ​ឱ្យ​ប្រ​ជា​ពលរដ្ឋ​រក្សា​ភាព​ស្ងប់​ស្ងៀម​ ខណៈដែល​ភាគីកម្ពុជា​និង​ថៃ​នឹង​ជួបពិភាក្សា​គ្នា​ក្នុងគោលបំណង​សម្រាលភាព​តានតឹង​ជុំវិញ​ជម្លោះ​ព្រំដែននេះ។​

ក្រសួង​ការ​ពារ​ជាតិ​បានឱ្យ​ដឹង​​ដូច្នេះ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មានមួយ​ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយ​និយាយ​ថាការប៉ះទង្គិចនេះ បានកើតឡើងនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កងទ័ពថៃ​បាន​ធ្វើការ​បាញ់មុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ នៅ​ត្រង់​ចំណុច​ព្រំដែនកម្ពុជា-ថៃដែលហៅថា​តំបន់មុំបី បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។

ទាហាន​ដែល​បាត់​បង់​ជីវិត​នោះ មាន​ឈ្មោះ​ សួន រ៉ោន អាយុ ៤៧​ឆ្នាំ និង​ឋានន្តរស័ក្តិព្រឹន្ទបាលឯក – នេះ​បើយោង​តាម​លិខិត​រំលែកមរណទុក្ខ ចុះថ្ងៃទី២៨ ខែឧសភា ដែល​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើជូន​ក្រុម​គ្រួសារសព។

តាម​រយៈសំណេរដោយឡែក​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេចផ្ទាល់​ សម្តេច​នាយករដ្ឋ​មន្ត្រីក៏​បានឲ្យ​ដឹង​ដែរ​ថា កម្ពុជា​បាន​​ចល័តទ័ព និង​អាវុធធុនធ្ងន់​មួយ​ចំនួន​ទៅ​កាន់​ព្រំដែន បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​នោះ។

សម្តេច ហ៊ុន ម៉ាណែត សរសេរថា៖ “ខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឱ្យ​ការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។”

សម្តេច​បន្ថែមទៀតថា​ សម្តេចសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ (២៩ ឧសភា) នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។

សម្តេចនាយករដ្ឋមន្ត្រីក៏បាន​អំពាវនាវផង​ដែរ “ឲ្យ​បងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។”​

Leave a Comment

Your email address will not be published. Required fields are marked *