ប្រភពរូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដោយ ស៊ីម សុភ័ត្រា និង ស៊ាងលី លីហួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ភ្នំពេញ — ធនាគារពិភពលោកបានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤% នៅក្នុងឆ្នាំ២០២៥ នេះ ហើយផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវប្រឹងប្រែងអភិវឌ្ឈសេដ្ឋកិច្ចឱ្យកាន់តែសម្បូរបែបដើម្បីទ្រទ្រង់កំណើនឱ្យបានថេរទៅថ្ងៃមុខ។
ធនាគារពិភពលោកបាននិយាយដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែមិថុនា ដោយបន្ថែមថា អត្រាកំណើនសេដ្ឋកិច្ច អាចនឹងឡើងទៅដល់ ៤,៥% វិញ នៅក្នុងឆ្នាំ ២០២៦។
អត្រាកំណើននៅក្នុងការព្យាករចុងក្រោយនេះ មានកម្រិតទាបជាងការព្យាករកាលពីខែមករា ដើមឆ្នាំ ដែលពេលនោះធនាគារពិភពលោកឱ្យដឹងថាសេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើន ៥,៥%។ យោងតាមការព្យាករបច្ចុប្បន្នរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាអាចកើនបានដល់ ៥,២% ក្នុងឆ្នាំនេះ។
សេចក្តីប្រកាសព័ត៌មាននិយាយថា ការស្រុតចុះនៃអត្រាកំណើនសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ គឺបណ្ដាលមកពីកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន “ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន”។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត”។
លោកស្រីបានបន្ថែមថា៖ “កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ”។
ទោះបីជាកំណើនត្រូវបានព្យាករថានឹងធ្លាក់ចុះបន្តិចក៏ដោយ សេចក្តីប្រកាសព័ត៌មាននិយាយសេដ្ឋកិច្ចរបស់កម្ពុជានៅមានភាពធន់ ដោយសារការនាំចេញនៅមានភាពស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន។
ការនាំចេញរបស់កម្ពុជា ជាពិសេស សម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់បានកើនឡើង ១១,៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ផ្នែកសេវាកម្មទេសចរណ៍ បានកើនឡើង ១៦,១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជានៅទាបជាងកម្រិតក្នុងឆ្នាំ២០១៩ ក៏ដោយ។ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ តាមរយៈនៃការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ ជាដើម។
បន្ថែមពីនេះ ទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារអាមេរិក។ អតិផរណាបានកើនឡើងបន្តិច ដល់ ៣,៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេលដែលគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការ កើនសមាមាត្រកាន់តែខ្ពស់ជាងមុន។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ធនាគារពិភពលោកបានលើកទឹកចិត្តឱ្យកម្ពុជាយកចិត្តទុកដាក់ធ្វើកំណែទម្រង់ពន្ធដារ និងបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យប្រសើរឡើង ជាអំណោយផលដល់កំណើនសេដ្ឋកិច្ច និងការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។