កម្ពុជានឹង​ឈប់ទិញទំនិញថៃ ហៅពលករចូលស្រុក ខណៈជម្លោះព្រំដែនកាន់តែឡើងកម្តៅ​

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia

ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia

ដោយ ហ៊ាង សុគន្ធមុល្លិកា និង​ អ៊ឹង ហ្យេកប៊ួយ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ រាជរដ្ឋា​ភិបាល​កម្ពុជា​ត្រូវខ្ទប់លែងឱ្យ​​ទំនិញថៃចូល​មក​លក់​នៅ​​ក្នុងទីផ្សារ​ក្នុង​ប្រទេស ហើយប្រជាជន​ត្រូវនាំគ្នា​ប្រើប្រាស់​ទំនិញ​មក​ពីប្រភព​ផ្សេង​​ជំនួសវិញ ប្រសិនបើប្រទេសថៃ​នៅតែមិន​ព្រម​បើក​​នូវ​ច្រក​ព្រំដែន​ ដែល​ខ្លួន​បាន​បិទ​ជា​ឯកតោភាគី។​

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងការឆ្លើយតបថ្មីពាក់ព័ន្ធជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងឡើងកម្តៅក្រោយពីមានការប៉ះទង្គិចដោយប្រដាប់អាវុធដែលបានធ្វើឱ្យទាហានកម្ពុជាម្នាក់ស្លាប់កាលពីចុងខែឧសភាកន្លងទៅ។

នៅប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បង្ហោះ​សារ​របស់​សម្តេច​ ហ៊ុន សែន រាជរដ្ឋា​ភិបាល​បាន​បិទច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិរវាងកម្ពុជា និង​ថៃ ឈ្មោះ “ដូង” ក្នុង​ដែនដី​ខេត្តបាត់ដំបង “​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ” – នេះ​បើយោង​តាម​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន។​

ការ​បិទច្រកព្រំដែន​ “ដូង” ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តបទៅ​នឹង​ការ​សម្រេច​ចិត្ត​បិទច្រក​ព្រំដែន​មួយ​ចំនួន ដែល​ភាគី​ថៃ​បាន​ធ្វើ​ដោយ​ឯកតោភាគីនៅប៉ុន្មានថ្ងៃមុខ។ ចំណាត់​​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​​បិទ​ច្រក​ព្រំដែន​មួយ​នេះ កើត​ឡើង​ព្រម​គ្នា​ជាមួយ​ចំណាត់​ការ​ពីរទៀត​ គឺ​ការ​កាត់​ផ្តាច់ឈប់នាំចូល​ចរន្ត​អគ្គិសនី​ និង​ចរន្ត​អ៊ីនធឺណិត​ តាម​បណ្តាញ​ពីប្រទេស​ថៃ ក្រោយ​ពីថៃ​បាន​គម្រាមថា​នឹង​​កាត់​ផ្តាច់សេវា​ទាំងនេះ។​ ​ ​​

នៅក្នុងសារដែលសរសេរក្នុងនាមលោកជាប្រធានបក្សកាន់អំណាច សម្តេច​ ហ៊ុន សែន ស្នើ​ឱ្យ​រាជរដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ពិចារណា​ប្រកាសលែងឱ្យនាំទំនិញថៃចូល “មានន័យថា ឈប់ទិញឬប្រើទំនិញថៃ”​ ក្នុង​ករណីដែល​ភាគីថៃ​មិន​ព្រម​បើក​ច្រក​ព្រំដែន​ឡើងិវញ។

ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុង​ប្រទេស​ថៃ សម្តេច​តេជោមាន​ប្រសាសន៍ថា​ ពួកគេ “អាចចាកចេញ​មក​កម្ពុជា​មុន​ថៃបណ្តេញចេញ ដែលពេលនេះ​កំពុង​ទទួល​ការ​មើលងាយ​ និង​ប្រមាថយ៉ាងធ្ងន់ធ្ងរនៅ​តំបន់មួយចំនួន”។  

សម្តេច​បន្ថែមទៀត​ថា រាជរដ្ឋា​ភិបាល​ត្រូវ “ត្រៀមទទួលយកពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកវិញ ដើម្បីបម្រើនិងផ្តល់ឱកាសការងារក្នុងវិស័យមួយចំនួនរួមមានវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងសំណង់ដោយសារកម្ពុជាកំពុងខ្វះកម្លាំងពលកម្ម”។ ទន្ទឹមគ្នា​នេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមខ្លួន២៤ម៉ោងលើ​២៤ម៉ោង ដើម្បីការពារខ្លួនក្នុងករណីមានការឈ្លានពានមកលើបូរណភាពដែនដីរបស់កម្ពុជា។

យ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន បានអំពាវដល់ពលរដ្ឋ​កម្ពុជា​កុំធ្វើអំពើជ្រុលនិយម និងកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើន ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ”។

សភាពការណ៍​ចុង​ក្រោយ​បាន​វិវត្ត​យ៉ាង​លឿន នៅមួយ​ថ្ងៃមុន​កិច្ច​ប្រជុំ​គណៈកម្មការចម្រុះព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បានគ្រោងថានឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃស្អែក ទី១៤ ខែមិថុនា។​

Leave a Comment

Your email address will not be published. Required fields are marked *